ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេង លន បញ្ញា ហាក់បានបង្ហាញភាពស្ទាក់ស្ទើរ ខណៈរូបគេត្រូវប្រកួតផ្តាច់ព្រ័ត្រប្រចាំគ្រុបទី ២ ជាមួយជើងខ្លាំងរបស់ថៃ Link Loom ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» នៅ CNC នាព្រឹកថ្ងៃសៅរ៍ ចំណែកជើងខ្លាំងកំពុងធ្លាក់ប្រជាប្រិយ ធឿន ធារ៉ា ក៏ត្រូវដាក់ឲ្យប្រកួតមិត្តភាព នៅថ្ងៃសៅរ៍នោះផងដែរ។
ភាពស្ទាក់ស្ទើររបស់ លន បញ្ញា នៅក្នុងការប្រកួតដ៏សំខាន់នេះ ត្រូវបានសាមីខ្លួនបង្ហើបប្រាប់កាលពីម្សិលមិញថា មកពី Link Loom ជាជើងខ្លាំងដែលធ្លាប់វ៉ៃឲ្យរូបគេឲ្យសន្លប់ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន CNC នេះតែម្តង។ លន បញ្ញា បានប្រាប់ថា៖ «ការប្រកួតនេះ ខ្ញុំមិនទាន់ហ៊ានថា យ៉ាងម៉េចទេ ព្រោះថៃម្នាក់នេះ ជាជើងខ្លាំង ហើយធ្លាប់វ៉ៃឲ្យខ្ញុំសន្លប់ក្នុងទឹកទី ២ ម្តងហើយ»។
សិស្សគណរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ លន បញ្ញា បានបន្ថែមថា៖ « Link Loom នៅតែល្អដដែល! គេមានផ្លែល្អ ហើយក៏ខ្ពស់ជាងខ្ញុំបន្តិចផងដែរ។ គេល្អជង្គង់ កែង និងទាត់ អ៊ីចឹងខ្ញុំមិនទាន់ដឹងថា ការប្រកួតនេះ វានឹងទៅជាយ៉ាងណានោះទេ គឺដល់ពេលប្រកួតទើបដឹង»។
នៅមុនការឡើងមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រប្រចាំគ្រុបទី ២ នេះ លន បញ្ញា និង Link Loom សុទ្ធតែបានទទួលជ័យជម្នះចំនួន ២ ប្រកួតដូចគ្នា ខណៈការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ លន បញ្ញា បានយកឈ្នះជនរួមជាតិ ពុទ្ធ សំបូរ ហើយ ជើងខ្លាំង Link Loom ក៏បានឈ្នះជនរួមជាតិរបស់គេ Dav Visseth ដូចគ្នា។
ជាមួយគ្នានេះកីឡាករកម្ពុជា ពុទ្ធ សំបូរ និង Dav Viseth ក៏នឹងត្រូវប្រកួតគ្នាដណ្តើមយកលេខ ៣ និងលេខ ៤ នៅថ្ងៃសៅរ៍នេះដែរ ដើម្បីទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ និង ១ ០០០ ដុល្លារ។ ចំណែក លន បញ្ញា និង Link Loom គឺអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ និងម៉ូតូ Zoomer X ១ គ្រឿង ចំណែកអ្នកចាញ់បានលេខ ២ ក៏ទទួលបានប្រាក់រង្វាន់ ២ ០០០ ដុល្លារផងដែរ។
បន្ថែមលើនេះ អ្នកទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំគ្រុបទី ២ នេះ នឹងទទួលបានឱកាសដ៏ពិសេស គឺការឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយម្ចាស់ជើងឯកប្រចាំគ្រុបទី ១ គឺ ម៉ឺន មេឃា ដើម្បីប្រជែងគ្នាយកខ្សែក្រវាត់ទម្ងន់ ៦០ គីឡូក្រាម នៃព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» នេះ អមដោយប្រាក់រង្វាន់ ៦ ០០០ ដុល្លារ ខណៈអ្នកចាញ់ក៏បាន ៣ ០០០ ដុល្លារផងដែរ។
នៅពេលសួរបញ្ជាក់ពីការប្រជែងយកឱកាសដ៏ពិសេសនេះ កីឡាករ លន បញ្ញា បានបញ្ជាក់ថា៖ «បើទោះបីជាខ្ញុំធ្លាប់បានសន្លប់ក្រោមស្នាដៃ Link Loom ប៉ុន្តែខ្ញុំគ្មានភាពតក់ស្លុត ឬភ័យព្រួយសម្រាប់ការជួបគ្នាលើកនេះទេ។ ផ្ទុយទៅវិញ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានជ័យជម្នះ និងបានឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ជាបន្តទៀត»។
ចំណែកជើងខ្លាំង ធឿន ធារ៉ា ដែលទើបទទួលរងការបរាជ័យទាំងវេទនាខ្លួន ក្រោមស្នាដៃជើងខ្លាំងរបស់ថៃ Awatan ចំនួន ២ លើកផ្ទួនៗនោះ ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ Khun Deth។ គេនៅមិនទាន់ដឹងថា ធឿន ធារ៉ា អាចយកឈ្នះថៃម្នាក់នេះ ដើម្បីស្តារមុខមាត់បានមកវិញ ឬក៏យ៉ាងណានោះទេ ព្រោះថៃម្នាក់នេះ ក៏មានស្ពាយខ្សែក្រវាត់ចំនួន ២ ជាប់ខ្លួនផងដែរ៕