ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​វ័យ​ក្មេង ​លាភ ​រដ្ឋា ​បាន​ផ្តួល​ជើង​ចាស់​ ណាម​ ម៉ូរ៉ាក់​ ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី ​២ ដើម្បី​ឡើង​ទៅ​ជួប​កីឡាករ ព្រឿង សុជាតិ នៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់​ Boxing ​Knock Out ​Serie ទម្ងន់ ​៦០ គីឡូក្រាម នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ព្រោះ សុជាតិ ក៏​បាន​ផ្តួល​កីឡាករ​ជើង​ថ្មី ​ភួង ​ពិសិដ្ឋ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ២​ ផង​ដែរ។

សម្រាប់ការ​ប្រកួត ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​​នោះ ​​លាភ​ រដ្ឋា​ ពិត​ជា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ ដោយ​រូប​គេ បាន​​ចូល​វាយ​សម្រុក​គ្មាន​ប្រណី​ ​តាំង​ពី​ទឹក​ទី ​១ ​រីឯ ណាម ​ម៉ូរ៉ាក់ ​គឺ​មាន​​ចិត្ត​ធំ​​វាយ​ប្តូរ​យ៉ាង​រន្ថើន​ដូច​គ្នា​​ ប៉ុន្តែ​ការ​ប្តូរ​ស្នៀត​ទាត់​ និង​កណ្តាប់​ភ្លាមៗ​ ក្នុង​ទឹក​ទី ​១ ​លាភ​ រដ្ឋា​ មាន​​ប្រៀប​ជាង​ដាច់​តែ​ម្តង​ ដោយ​វ៉ៃ​ចូល​គោលដៅ​ល្អ​ ធ្វើ​ឲ្យ​ ម៉ូរ៉ាក់ ​ស្រុត​ចុះ និង​​ត្រូវ​​​អាជ្ញា​កណ្តាល​ លោក ​ហ៊ិន ​សៃហេង​ រាប់​ ​១ ​លើក ​ទើប​បន្ត​ការ​ប្រកួត​បាន ​ទាំង​ត្រដាប​ត្រដួស​។

បន្ទាប់​មក​ ណាម​ ម៉ូរ៉ាក់​ បាន​ប្រមូល​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត ​បន្ត​ការ​ប្រកួត​ក្នុង​ទឹក​ទី ​២ ​ដោយ​ប្រើ​ស្នៀត​ទាត់​សង​វិញ​បាន​ល្អ​ ប៉ុន្តែ​កណ្តាប់​ដៃ​វាយ​សម្រុក​គ្មាន​មេត្តា​របស់​ លាភ ​រដ្ឋា ​បាន​បង្ខំ​ឲ្យ​ជើង​ចាស់​ ណាម​ ម៉ូរ៉ាក់​ ទទួល​រង​មួយ​ដៃ​ចុង​ក្រោយ​ ចូល​សៀត​ផ្កា ​បណ្តាល​ឲ្យ​សន្លប់​ធំ​តែ​ម្តង ​ហើយ​ជ័យ​ជម្នះ​បាន​ទៅ​លើ​ លាភ ​រដ្ឋា​ ឈ្នះ​ដោយ​សមត្ថភាព​កណ្តាប់​ដៃ​យ៉ាង​អស្ចារ្យ​។​

លាភ​ រដ្ឋា​ បាន​និយាយ​ថា៖ ​«សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ទម្ងន់ ​៦០ ​គីឡូ​ក្រាម​នេះ​ ខ្ញុំ​សង្ឃឹម​​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ព្រោះ​ការ​ហ្វឹកហាត់​របស់​ខ្ញុំ ​ពង្រឹង​សមត្ថភាព​បាន​ល្អ ​ហើយ​គូ​ប្រជែង​ជាមួយ​ខ្ញុំ​ ក៏​មាន​សមត្ថភាព​មិន​ខ្លាំង​លើស​ខ្ញុំ​នោះ​ដែរ​»។

គួររំឭក​ថា លាភ ​រដ្ឋា ​​ធ្លាប់​​ឈ្នះ​ឯក​​ពាន​រង្វាន់​ Boxing ​Knock ​Out​ Serie ​នេះ​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ ​២ រដូវកាល​ក្រោយ​បន្ទាប់​ លាភ ​រដ្ឋា ​បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​គួរ​ឲ្យ​សោកស្តាយ​។ ចំណែក​​អ្នក​ដែល​បាន​កក់កៅ​អី​រួច​ហើយ​ ក្នុង​រដូវកាល​នេះ គឺ​មាន​សមត្ថភាព ​មិន​ទាន់​លើ ​លាភ ​រដ្ឋា​ នោះ​ទេ គឺ​មាន សូត្រ ​ខេវិន ​និង ​រ៉ែម ​រាជ​ ប៉ុន្តែ​តាម​រូបមន្ត​វិល​ជុំ​នោះ ​​លាភ​ រដ្ឋា​ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ខ្លាំង​គួរ​សម​ម្នាក់​ គឺ​ ​ព្រឿង​ សុជាតិ​ ដែល​បាន​ប្រើ​ក្បាច់​ជង្គង់​ផ្តួល​ឲ្យ ភួង​ ពិសិដ្ឋ​ សន្លប់ ក្នុង​ទឹក​ទី ​២ ក្នុង​វគ្គ​ជម្រុះ ​១៦ នាក់​នេះ​ដែរ។

ជុំវិញ​ការ​ឡើង​ទៅ​ជួប ព្រឿង សុជាតិ នៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​នេះ ​លាភ ​រដ្ឋា ​​បញ្ជាក់​ថា៖ ​«​​ដៃ​គូ​ខ្ញុំ ​នៅ​វគ្គ​ក្រោយ​គឺ​ ព្រឿង​ សុជាតិ​ ដែល​ខ្ញុំ​គិត​ថា​ គ្មាន​ឧបសគ្គ​ធំ​នោះ​ទេ ​គឺ​ខ្ញុំ​សង្ឃឹម​ថា ​អាច​នឹង​ឆ្លង​ផុត​មួយ​វគ្គ​ទៀត​ជា​មិន​ខាន»​។​

ចំណែក​ ព្រឿង​ សុជាតិ​ ដែល​បាន​ផ្តួល​ ភួង ​ពិសិដ្ឋ​ ក្នុង​ទឹក​ទី ​២ ​នោះ បាន​និយាយ​ថា​៖ ​«ខ្ញុំ​មិន​បារម្ភ​ខ្លាំង​ទេ​ ​ព្រោះ​ លាភ រដ្ឋា​ ល្អ​បាន​តែ​ដៃ ​ប៉ុន្តែ​ក្បាច់​ជង្គង់ ​មិន​អាច​ទប់​ជាមួយ​ខ្ញុំ​បាន​ទេ​»។​ ព្រឿង​ សុជាតិ ​បន្ថែម​ថា​៖ ​«ជំនួប​ប្រកួត​វគ្គ​ក្រោយ​ជាមួយ ​លាភ ​រដ្ឋា ​គឺ​មួយ​ចាន​ទឹក​ មួយ​ចាន​គោក​​ ព្រោះ​បើ​ខ្ញុំ​គេច​ផុត​ពី​កណ្តាប់​ដៃ ​ហើយ​ខ្ញុំ​ចាប់​​វាយ​ជង្គង់​បាន​វិញ ខ្ញុំ​សង្ឃឹម​ឈ្នះ ​១០០ ​ភាគរយ»​៕