ភ្នំពេញ: ការប្រកួតលីកកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ ២០១៩ នឹងចាប់ដំណើរការប្រកួតជាផ្លូវការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះហើយគ្រូបង្វឹកក្រុមជើងឯកណាហ្គាវើល និងជើងឯករង បឹងកេត កាលពីឆ្នាំ ២០១៨ សុទ្ធតែគិតថាការប្រកួតរដូវកាលថ្មីនេះមានភាពតានតឹងខ្លាំង។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ៖ «ការប្រកួតលីកកំពូលនៅឆ្នាំនេះនឹងមានភាពតានតឹងខ្លាំងមែនទែន ដោយសារក្រុមនីមួយៗមានកីឡាករបរទេសល្អ ហើយគេពង្រឹងកីឡាករមានពិសោធកាន់តែខ្លាំងខុសពីខ្ញុំ ដែលពង្រឹងខ្លាំងទៅយុវជន»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «នៅក្នុងចំនួនកីឡាករ សរុបនៅក្នុងក្លិបគឺយើងមានកីឡាករចាស់ៗត្រឹម ៣៥ ទៅ ៤០ ភាគរយទេ ក្រៅពីនោះយុវជនទាំងអស់ អ៊ីចឹងការប្រជែងយកពាននៅឆ្នាំនេះ ពិតជាមានការលំបាកខ្លាំង ព្រោះក្រុមរបស់គេ មិនត្រឹមតែមានកីឡាករល្អៗទេ ប៉ុន្តែគេរៀបចំក្រុមបានល្អទៀត»។
សម្រាប់ការប្រកួតបើកឆាកនេះ ក្រុមណាហ្គាវើលត្រូវជួបក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ហើយលោក មាស ចាន់ណា ក៏មានការស្រពេចស្រពិលដែរ ព្រោះលោកថាជាទម្លាប់របស់អាស៊ីអឺរ៉ុបតែងតែធ្វើបានល្អនៅដើមរដូវកាល។ យ៉ាងណាក៏ដោយលោក ចាន់ណា ថាក្រុមរបស់លោកបានត្រៀមរួចរាល់អស់ហើយ ហើយកម្រិតលេងរបស់ណាហ្គានៅឆ្នាំនេះគឺប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ។
ស្រដៀងគ្នានេះដែរលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតលោកបានប្រាប់កាលពីម្សិលមិញដែរថា៖ «ខ្ញុំគិតថាការប្រកួតលីកកំពូលឆ្នាំនេះអាចនឹងមានភាពតានតឹងជាងរាល់ដង ព្រោះក្លិបនីមួយៗមានការរៀបចំល្អទាំងរចនាសម្ព័ន្ធ និង ធនធានកីឡាករ ហេតុនេះការប្រជែងយកពាននៅឆ្នាំនេះនឹងមានការលំបាកខ្លាំង»។
ក្រុមជើងឯករងឆ្នាំចាស់បឹងកេតនឹងត្រូវជួបភ្នំពេញក្រោននៅថ្ងៃសៅរ៍នេះ ហើយភាពរីកចម្រើនរបស់ក្រោនក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលលោក Leonardo Vitorino ក៏បានធ្វើឲ្យលោក ហៅ សុជាតិ មានកង្វល់ផងដែរ។ លោកនិយាយថា៖ «យើងនៅមិនទាន់ដឹងពីសមាសភាពកីឡាករខាងគេ ហើយក៏មិនទាន់ដឹងពីការរៀបចំរបស់ក្រុមគេច្បាស់នោះទេ អ៊ីចឹងការប្រកួតបើកឆាកនេះនឹងមានភាពតានតឹងខ្លាំង»។
ជាមួយគ្នានេះគ្រូបង្វឹកលោក ភា សុភ័ក្ត្រា ដែលត្រូវដឹកនាំក្រុមក្រសួងការពារជាតិ (ទ័ព) ទៅជួបក្រុមអង្គរថាយហ្គឺរនៅថ្ងៃបើកឆាកនេះបានប្រាប់ថា៖ «ដោយសារនេះជាការប្រកួតដំបូងអ៊ីចឹងក្រុមទាំងអស់មិនអាចសន្និដ្ឋានពីកម្រិតក្រុមណាមួយបានឡើយ ប៉ុន្តែក្រុមរបស់យើងនឹងលេងបានល្អលើក្រុមអង្គរថាយហ្គឺរ ព្រោះកីឡាករខ្ញុំមានការប្រឹងប្រែងខ្ពស់ និងចេះរៀបចំខ្លួនឯង ដោយការទទួលខុសត្រូវខ្ពស់លើសពីឆ្នាំកន្លងទៅទាំងវិន័យ និងឆន្ទៈ»។
គួរបញ្ជាក់ថាលីកកំពូលកម្ពុជានៅឆ្នាំនេះមានរហូតដល់ ១៤ ក្រុមគឺលើសពីឆ្នាំមុនដែលមានតែ ១២ ក្រុម តែរូបមន្តប្រកួតនៅដដែលគឺប្រកួតវិលជុំ ២ ជើង រួចកំណត់យកក្រុមមានពិន្ទុខ្ពស់ជាងគេជាម្ចាស់ជើងឯកតែម្តង ប៉ុន្តែលីកកំពូលឆ្នាំនេះ មិនប្រើប្រាស់ពហុកីឡដ្ឋានជាតិជាកន្លែងប្រកួតនោះទេ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
- អគ្គិសនីកម្ពុជា v ខេត្តកំពង់ចាម កីឡ.អគ្គិសនីកម្ពុជា ១៥:៣០
- ភ្នំពេញក្រោន v បឹងកេត កីឡដ្ឋាន RSN ១៨:០០
- គិរីវង់សុខសែនជ័យ v សាលាបាល់ទាត់ជាតិបាទី កីឡដ្ឋានគិរីវង់ ១៥:៣០
៤ ប្រកួតនៅថ្ងៃអាទិត្យ
- អាស៊ីអឺរ៉ុប v ណាហ្គាវើល កីឡដ្ឋានអាស៊ីអឺរ៉ុប ១៥:៣០
- វិសាខា v សូលទីឡូអង្គរ កីឡដ្ឋានវិសាខា ១៥:៣០
- ព្រះខ័នរាជស្វាយរៀង v ប៉ូលិស កីឡដ្ឋានស្វាយរៀង ១៨:០០-ទ័ព v អង្គរថាយហ្គឺរ កីឡដ្ឋានស្តាតចាស់ ១៨:០០