ភ្នំពេញៈ ការប្រកួត​លីក​បាល់​ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​បិទ​ជា​ផ្លូវការ នៅ​លើ​ទីលាន​បាល់​ទាត់​អង្គការ​ផ្កាយ​សមុទ្រ ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ប្រកួត​ពេញ ១ រដូវ​កាល ដោយ​មាន ២០ សប្តាហ៍។

លោក ណា​ល់ ភី​វ​ឌ្ឍ​នា មន្ត្រី​សម្រប​សម្រួល​អង្គការ​ផ្កាយ​សមុទ្រ បាន​ប្រាប់​ថា៖ «ការ​ប្រកួត​លីក​នេះ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ និង​បាន​បញ្ចប់ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ពិធី​បិទ​ជា​ផ្លូវការ​នេះ ក្រោម​វត្តមាន​លោក​ប្រធាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ ក្នុង​កម្មវិធី​លីក​នេះ»។

គួរ​បញ្ជាក់ថា ការប្រកួត​លី​កបាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​នេះ បាន​ចែក​ការ​ប្រកួត​ជា ៦ កម្រិត​អាយុ​ផ្សេងៗ​គ្នា ហើយ​តាមរយៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ចុង​ក្រោយ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ គឺ ក្រុម IEFC បាន​យក​ឈ្នះ​ក្រុម​វិទ្យាល័យ​សំរោង ៣-២ ដើម្បី​ទទួល​បាន​លេខ ១ ក្នុង​ការ​ប្រកួត​កម្រិត​អាយុ​ក្រោម ៨ ឆ្នាំ។ រីឯ​ការ​ប្រកួត Champion League កុមារា​អាយុ​ក្រោម ១៤ ឆ្នាំ ក្រុម​អង្គការ Sunrise ខេត្ត​កំពង់ស្ពឺបាន​ឈ្នះ​ក្រុម KHM Academy ក្នុង​លទ្ធផល ៧-៥ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក។

ចំណែក​ការប្រកួត​ក្របខ័ណ្ឌ Premier League ផ្នែក​កុមារា​អាយុ​ក្រោម ៤ ឆ្នាំ ក្រុម​អង្គការ Chibodia បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​ក្រុម​សាលា​បឋម​សិក្សា​ពញាពន់ ១០-៧ ឯ​ក្រុម​កុមារា​របស់​អង្គការ​ឆត្រ​បៃតង (Green Umbrella) បាន​ឈ្នះ​ក្រុម​អង្គការ Sunrise ខេត្ត​កណ្តាល ១២-៩ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក លើ​ការ​ប្រកួត​អាយុ​ក្រោម ១០ ឆ្នាំ។

ចំពោះ​ការប្រកួត​ផ្នែក​កុមារី​ក្រោម​អាយុ ៤ ឆ្នាំ លេខ ១បាន​ទៅ​ក្រុម​អង្គការ Sunrise ខេត្ត​កំពង់ស្ពឺ បន្ទាប់​ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​សាលា​បឋម​សិក្សា​ជើង​កើប ១២-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក្រុម​កុមារី​របស់​អង្គការ Chibodia បាន​ឈ្នះ​ក្រុម​អង្គការ PSE (2) ៣-២ ដើម្បី​ទទួល​បាន​លេខ ១ លើ​ការ​ប្រកួត​អាយុ​ក្រោម ៨ ឆ្នាំ។

ទាក់ទង​នឹង​ការប្រកួត​លី​ក​នេះ កញ្ញា ជួប វិច្ឆិកា នាយក​អង្គការ​ផ្កាយ​សមុទ្រ បាន​និយាយ​ថា៖ «ការ​ប្រកួត​លីក​បាល់​ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ បាន​បញ្ចប់​រដូវ​កាល​ឆ្នាំ​នេះ គឺ​ចំណាយ​ពេល ២០ សប្តាហ៍ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA ដែល​ជា​ម្ចាស់​កម្មវិធី​លីក​ទាំង​មូល ហើយ​ការ​ជួយ​គាំទ្រ​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ ដំណើរ​ទៅ​បាន​យ៉ាង​រលូន និង​បាន​បញ្ចប់​ដោយ​ជោគជ័យ»៕