ភ្នំពេញៈ អ្នកប្រដាល់​ លី តឿន មក​ពី​​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​ឈ្នះ​ជើងឯក​ម៉ារ៉ាតុង​នៅ​សង្វៀន​បាយ័ន​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ បន្ទាប់ពី​ផ្តួល​កីឡាករ​ក្នុង​ទម្ងន់​ដូច​គ្នា​ឲ្យ​សន្លប់​ចំនួន​ ២ នាក់​ផ្ទួនៗ​ក្នុង​ការប្រកួត​ជម្រុះ​ម៉ារ៉ាតុង​ដែល​គ្រោង​ចំនួន​ ៨ ​ទឹក​នោះ​។

ជ័យជម្នះ​របស់ លី​ តឿន​ លើក​នេះ​ពិតជា​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ដោយសារ​តែ​ក្នុង​អាជីព​ប្រដាល់​រយៈពេល​ ១០ ​ឆ្នាំ​មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​បាន​ជើងឯក​ម្តង​​ និង​មិន​ធ្លាប់​ទទួល​បាន​ឱកាស​​ប្រកួត​ជាមួយ​កីឡាករ​​មកពី​បរទេស​ម្តង​ណា​ឡើយ។​ នៅក្នុង​អាជីព​ប្រដាល់​រយៈពេល​ ១០ ​ឆ្នាំ លី តឿន បាន​អះអាង​ថា​រូប​គេ​បាន​ត្រឹមតែ​គូឯករង​ម្តងម្កាល​ដោយ​បញ្ហា​ការផ្គូផ្គង​របស់​គណៈកម្មការ​ប្រកួត​មើល​មិន​ឃើញ​ ឬ​មិន​យឹត​យោង​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ឡើយ​។

លី តឿន បាន​​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ក្រោយ​ពេល​ឈ្នះ​ជើងឯក​នៅ​សង្វៀន​បាយ័ន​ថា​៖ «​នេះ​ជា​ជ័យជម្នះ​លើក​ទី​មួយ​របស់​ខ្ញុំ ​ដែល​មិន​ធ្លាប់​ដណ្តើម​បាន​សោះ​ ក្នុង​នាម​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ប្រហែល​ ១០ ​ឆ្នាំ​ហើយ​ជ័យជម្នះ​របស់​ខ្ញុំ​លើក​នេះ​មាន​ការប្រកួត​ចំនួន​ ២ ​លើក​លក្ខណៈ​ម៉ារ៉ាតុង​គឺ​វគ្គ​ជម្រុះ​ចំនួន​ ៣ ​ទឹក ​និង​បន្ត​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ភ្លាមៗ​ចំនួន​ ៥ ទឹក​តែម្តង»។

តាមរយៈ​ការប្រកួត​នោះ លី តឿន បាន​​ផ្តួល​កីឡាករ អៀប លីឆា មកពី​ក្លិប​ដំបង​ដែក​មាន​រិទ្ធ​ខេត្ត​ព្រៃវែង​ឲ្យ​សន្លប់​ទឹក​ទី​ ១ ​ដោយ​ទាត់​ចូល​ឆ្អឹង​ជំនីរ​នៅក្នុង​វគ្គ​ជម្រុះ ហើយ​​ការឡើង​ទៅ​ជួប​កីឡាករ​ជើង​ខ្លាំង អេភូថង អេអាំងម៉ារិន្ទ គឺ លី លឿន បាន​ប្រើ​ក្បាច់​ទាត់​ដដែល​ក្នុង​ការផ្តួល​កូន​ប្រុស​របស់​លោក អេ ភូថង ម្នាក់​នេះ​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​ ១ ដើម្បី​ទទួល​​បាន​ពាន​អម​ដោយ​ទឹក​ប្រាក់​ចំនួន​ ១ លាន​រៀល​​។

លី តឿន បាន​​បន្ថែម​ថា៖ ​«តាម​ការកត់សម្គាល់​គឺ​​ការប្រកួត​របស់​ខ្ញុំ ​បើ​មិន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទេ​ មិន​ងាយ​នឹង​ទទួល​បាន​ជ័យជម្នះ​នោះ​ឡើយ​ ពិសេស​ជាង​នេះ​ប្រសិន​បើ​ឈ្នះ​ដៃគូ​ត្រឹម​ពិន្ទុ​បន្តិច​បន្តួច​វិញ​គឺ​គ្មាន​សង្ឃឹម​គេ​លើក​ដៃ​ឲ្យ​ឈ្នះ​ឡើយ ប៉ុន្តែ​​អ្នកប្រដាល់​ជំនាន់​ខ្ញុំ ​គេ​ឡើង​វ៉ៃ​គូ​អន្តរជាតិ​អស់​ទៅ​ហើយ»​។

កីឡាករ​ជា​កូន​កសិករ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំងព្រៃ ​ឃុំ​ក្រាំងដីវ៉ាយ ​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ លី តឿន បាន​ចូល​ហ្វឹកហាត់​ជា​​កីឡាករ​ប្រដាល់​លើក​ដំបូង​នៅ​ឆ្នាំ​ ២០០៨ ជាមួយ​លោកគ្រូ ប៉ាវ គឹមអាន នៅ​ក្លិប​មិត្ត​ប៉ូលិស ​ហើយ​ជា​បន្តបន្ទាប់​បាន​ផ្លាស់​មក​នៅ​ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​។

លី តឿន បាន​​បន្ត​ថា៖ ​«ក្នុង​ប្រវត្តិ​ប្រកួត​តាម​ខេត្ត ​និង​ជា​កម្មករ​ដើរ​រៀប​ដំឡើង​សង្វៀន​ប្រដាល់​តាម​ខេត្ត ​ខ្ញុំ​បាន​​ឡើង​ប្រកួត​ជាង​ ១០០ ​ដង ​តែ​​មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​ពាន ​ឬ​ខ្សែក្រវាត់​ម្តង​ណា​ទេ ហើយ​ក៏​មិន​ដែល​បាន​​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ណា​នោះ​ដែរ ​គឺ​ទើប​តែ​ពេល​នេះ​ទេ​ដែល​ខ្ញុំ​បាន​ឈ្នះ​ពាន​ប្រចាំ​សង្វៀន​បាយ័ន​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម។ បន្ទាប់ពី​ឈ្នះ​ពាន​លើក​នេះ​ខ្ញុំ​នឹង​ប្រឹងហាត់​បន្ត​ដើម្បី​ទទួល​បាន​ឱកាស​ប្រកួត​ជាមួយ​កីឡាករ​បរទេស ​ក្នុង​ពេល​ខាង​មុខ​»។

បច្ចុប្បន្ន​កីឡាករ លី​ តឿន​ មាន​អាយុ​ ២៧ ​ឆ្នាំ​ ទម្ងន់​ ៦០ គីឡូក្រាម​ឆ្លងកាត់​ការ​ប្រកួត​សរុប​ទាំង​តាម​ខេត្ត​នានា​បាន​ចំនួន​ ១២០ ​​ដង ឈ្នះ​ ៨០ ចាញ់​ ៣៧ ស្មើ​ ៣​ និង​ធ្លាប់​ឈ្នះ​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ​ជម្រើស​ជាតិ​ ឆ្នាំ​ ២០០៩​ ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​ម្តង​។ ​ក្រៅពី​នេះ​ការ​ប្រកួត​របស់ លី តឿន គឺ​បាន​ចាញ់ និង​ឈ្នះ​ក្នុង​កម្រិត​គូ​ដែល​​​មាន​តម្លៃ​ខ្លួន​ ១ ​លើក​ត្រឹម​ ៣០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​ប្រកួត​។

កីឡាករ​ដែល​មាន​កូន​ ២ នាក់​តែ​ប្រពន្ធ​បាន​រត់​ចោល​ដោយសារ​តែ​គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ការ​ឡើង​ប្រដាល់ លី តឿន បាន​​បញ្ជាក់​ថា៖​ «​ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​បំផុត ប៉ុន្តែ​​​ខ្ញុំ​នៅ​តែ​ស្រឡាញ់​មុខរបរ​ប្រដាល់​នេះ ទោះបី​ជា​តម្លៃ​ខ្លួន​​ប្រកួត​​របស់​ខ្ញុំ​តិច​ក៏ដោយ ​ហើយ​សម្រាប់​អនាគត​ខ្ញុំ​ចង់​ឈាន​ទៅ​ប្រកួត​ជាមួយ​គូ​អន្តរជាតិ​ និង​សុំ​ឲ្យ​អ៊ំៗ​ខាង​សហព័ន្ធ​​ប្រដាល់​មេត្តា​ជួយ​ចាប់​គូ​ឲ្យ​ខ្ញុំ​ផង»​៕