ភ្នំពេញ៖ អតីតនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពាណិជ្ជសាស្ត្រ និងអ្នកសរសេរគម្រោងធនាគារ ក្នុងឆ្នាំ ២០០៥ លោក លី ម៉ាវី គ្រោងនឹងខិតខំរកលុយឲ្យបានច្រើន តាមរយៈបើកភោជនីយដ្ឋាន និងពាណិជ្ជកម្មផ្សេងៗ ដើម្បីយកប្រាក់មកវិនិយោគលើផ្នែកកីឡាវិញ ខណៈបច្ចុប្បន្នលោកកំពុងទទួលបានលទ្ធផលគួរជាទីពេញចិត្ត សម្រាប់ការបើកក្លិបប្រដាល់ឈ្មោះ មីស្ទ័រលីគុនខ្មែរ នៅក្រុងសៀមរាប ខេត្តសៀមរាប អស់រយៈពេល ៣ ឆ្នាំកន្លងមកនេះ។
ក្នុងវ័យ ៤១ ឆ្នាំ លោក លី ម៉ាវី ដែលមានស្រុកកំណើតនៅទីរួមខេត្តស្ទឹងត្រែង និងមានឪពុកឈ្មោះ លី យ៉ាវធាន អតីតនាយកខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង និងមានម្តាយជាគ្រូបង្រៀន មានវ័យចាស់ និងចូលនិវត្តន៍បានផ្លាស់មករស់នៅខេត្តសៀមរាប។ ជាមួយ និងភរិយាជនជាតិឡាវ និងមានកូនចំនួន ២ នាក់ លោក លី ម៉ាវី កំពុងតែផ្តោតការងារអាជីវកម្មយ៉ាងមមាញឹក ប៉ុន្តែលោកនៅតែឆ្លៀតលះបង់ពេលវេលាមិនតិចទេ ក្នុងការវិនិយោគទៅលើកីឡាគុនខ្មែរ។
នៅក្នុងបទសម្ភាសផ្ទាល់ជាមួយភ្នំពេញប៉ុស្តិ៍កាលពីចុងសប្តាហ៍ លោក លី ម៉ាវី និយាយថា៖ «ខ្ញុំមានអាជីវកម្មផ្ទាល់ខ្លួន គឺមានភោជនីយដ្ឋានជាហាងគុយទាវខ្មែរឡាវ នៅក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកសរសេរគម្រោងឥណទានធនាគារ ខ្ញុំតែងតែគិតដល់រឿងកីឡាជានិច្ច ហើយស្របពេលមុខរបរទទួលទានរបស់ខ្ញុំមានភាពរីកចម្រើនជាបន្តបន្ទាប់ជាលក្ខណៈសាមញ្ញ ដោយទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់នោះ ខ្ញុំក៏បានចាប់ផ្តើមធ្វើសកម្មភាពកីឡា»។
លោក លី ម៉ាវី បានបន្តថា៖ «ទស្សនៈ ឬចក្ខុវិស័យរបស់ខ្ញុំ គួបផ្សំពីនិស្ស័យផ្ទាល់របស់ខ្ញុំដែលស្រឡាញ់ផ្នែកកីឡា ខ្ញុំសម្រេចបើកកន្លែងហ្វឹកហាត់មួយ និងដំឡើងសង្វៀនសម្រាប់បង្វឹកកីឡាករប្រដាល់ជាបណ្តើរៗ ដោយមិនទាន់គិត ឬរំពឹងបានផលចំណេញមកវិញនោះឡើយ គឺមានតែចំណាយ ដើម្បីឲ្យមានសកម្មភាព និងដំណើរការឆ្ពោះទៅរកការទទួលបានភាពជោគជ័យ»។
ក្រោយពីធ្វើសកម្មភាពអស់រយៈពេល ៣ ឆ្នាំ ក្លិបប្រដាល់មីស្ទ័រលីគុនខ្មែររបស់លោក លី ម៉ាវី មានជនបរទេសមកហ្វឹកហាត់ច្រើន បន្ទាប់ពីក្លិបមួយនេះ ទទួលបានច្បាប់អនុញ្ញាតពេញលេញពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨។ ជាមួយគ្នានេះ ក្លិបប្រដាល់មីស្ទ័រលីគុនខ្មែរក៏បណ្តុះបានអ្នកប្រដាល់មានសមត្ថភាព អាចទៅប្រកួតតាមសង្វៀននៅស្ថានីយទូរទស្សន៍រាជធានីបានជាបន្តបន្ទាប់ផងដែរ ដោយកីឡាករនៅក្នុងក្លិបនេះមានសមត្ថភាពកម្រិតក្រោមមធ្យមចំនួន ៦ នាក់។
លោក លី ម៉ាវី បានបន្ថែមថា៖ «នៅចុងឆ្នាំ ២០១៩ នេះ ខ្ញុំហាក់បីដូចទទួលបានជោគជ័យខ្លាំង និងបរាជ័យក៏មិនតិចដែរ ដោយបើកសង្វៀនប្រកួតកីឡាជាមួយក្រុមហ៊ុនចិន ដែលបានចំណាយខាតថវិកា និងពេលវេលាមួយចំនួន។ ទោះបីជាយ៉ាងណា ដោយមានគ្រូបង្វឹកល្អ ធន រិទ្ធី (អតីតកីឡាករ ថៃ រីទ្ធី) និងការយកឈ្នះលើជើងខ្លាំងថៃ ណាមកាបួន ពីសំណាក់កីឡាករទម្ងន់ ៧៩ គីឡូក្រាម លី រិទ្ធី ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ នៅប៉ុស្តិ៍បាយ័ន កាលពីចុងខែតុលា នាំឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ បានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការជួយកីឡាកាន់តែខ្លាំងជាងមុន។ ចំណែកនៅក្លិបរបស់ខ្ញុំផ្ទាល់ ដែលបំពាក់ដោយឧបករណ៍កីឡាយ៉ាងទំនើបនោះ គឺនៅតែទទួលបានជនបរទេសមក ហ្វឹកហាត់ច្រើនគួរសម»។
«កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងមកថ្មីៗនេះ ខ្ញុំអាចនិយាយបានថា ជាភាពជោគជ័យរបស់ខ្ញុំមួយផ្នែក ដែលបានខិតខំប្រឡូកក្នុងសកម្មភាពកីឡាត្រឹមតែ ៣ ឆ្នាំ ទទួលបានលទ្ធផលពេញចិត្តយ៉ាងខ្លាំង ដោយខ្ញុំបានសហការជាមួយព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិមួយ ដែលគេបើកសង្វៀននៅផ្សាររាត្រី ខេត្តសៀមរាបយើងនេះ ក្នុងនោះមានប្រកួតកីឡាកាសល្បុក្កតោ កីឡាវ៉ូស៊ូ និងប្រដាល់គុនខ្មែរលក្ខណៈខ្នាតតូច ក្នុង ១ យប់ ចំនួន ២ គូផងដែរ ហើយខ្ញុំត្រូវបានអ្នករៀបចំកម្មវិធីដែលមានឈ្មោះថា OWE ប្រគល់តួនាទីជាប្រធានគ្រប់គ្រងផ្គូរផ្គង និងចាត់ការទូទៅប្រចាំថ្ងៃផ្នែកប្រដាល់គុនខ្មែរ ប៉ុន្តែនៅខែធ្នូកន្លងមក ការចំណាយធំរត់មិនរួចខ្ញុំមិនបន្តសហការជាមួយចិនទៀតទេ»។
លោក លី ម៉ាវី បាននិយាយទៀតថា៖ «សមិទ្ធិផលទាំងនេះ នាំឲ្យខ្ញុំពេញចិត្ត និងសម្រេចចិត្តចូលប្រឡូកក្នុងវិស័យកីឡានេះ កាន់តែជ្រៅ និងបន្តការងារនេះឲ្យកាន់តែធំឡើងៗ ខណៈដែលការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគុនខ្មែរអន្តរជាតិថ្មីៗនេះ បានផ្តល់ឱកាសឲ្យខ្ញុំជាបេក្ខជន ចូលរៀនសូត្រវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដោយទទួលបានលិខិតបញ្ជាក់ផងដែរ ក្នុងសិក្ខាកាមចំនួន ៣៨ នាក់ មកពី ១៨ ប្រទេស»។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានទំនាក់ទំនងទីផ្សារប្រកួតនៅក្រៅប្រទេស ហើយខ្ញុំក៏ជាសមាជិក នៃគណៈកម្មការមួយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយសង្វៀននៅក្រៅប្រទេសផងដែរ»។ ក្រៅពីជំនាញផ្នែកពាណិជ្ជកម្មអាជីវកម្ម និងនិយមចូលចិត្តការងារផ្នែកកីឡា លោក ម៉ាវី មានទំនាក់ទំនងល្អជាមួយបរទេស ដោយលោកប្រើប្រាស់ភាសាអង់គ្លេស បារាំង ថៃ និងឡាវ។
ជុំវិញគម្រោង និងទិសដៅសម្រាប់អនាគត លោក លី ម៉ាវី គ្រោងនឹងបើកការប្រកួតនៅសៀមរាប ឲ្យកាន់តែធំ និងផ្តល់គូប្រកួតល្អៗបន្ថែមទៀត ក្នុងពេលខាងមុខ ដោយសហការជាមួយមន្ទីរអប់រំ យុវជននិង កីឡា ខេត្តសៀមរាប ខណៈពេលនេះលោកកំពុងស្វែងរកដៃគូគាំទ្រផ្នែកពាណិជ្ជកម្ម ក្នុងការជួយកីឡាករឲ្យមានទីផ្សារប្រកួតមានប្រាក់កម្រៃល្អ៕