ភ្នំពេញ៖ អ្នក​ប្រដាល់​វ័យ​ក្មេង​ កំពុង​លេច​ធ្លោ​ ​លី ​រិទ្ធី ​មក​ពី​ក្លិប​មីស្ទ័រលី​គុន​ខ្មែរ​ខេត្ត​សៀមរាប ​បាន​ឈ្នះ​ប្រាក់​លាន​សរុប​ចំនួន ​៣,​៤ លាន​​រៀល ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន ខណៈ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​លើក​នេះ បាន​ប្តូរ​​ពី​​ច្បាប់ ​Mas Fight ​ដែល​គ្មាន​ចៅក្រម​ដាក់​ពិន្ទុ​ ​មក​ជា​ប្រដាល់​គុន​ខ្មែរ ​ដោយសារ​ចង់​ឲ្យ​​កីឡាករ​ឈ្នះ​ជើងឯក​ទទួល​បាន​ប្រាក់​ផ្តាច់​មុខ ​មិនមែន​ចែក​ប្រាក់​ស្មើ​គ្នា​ នៅ​ពេល​គ្មាន​អ្នក​ណា​សន្លប់​ក្នុង​ការ​ប្រកួត ​៩ នាទី​ពេញ។

នៅ​ក្នុង​សមាសភាព​​កីឡាករ​ចំនួន ​៤ ​រូប ​ក្នុង​ប្រភេទ​ទម្ងន់ ​៧០ ​គីឡូក្រាម ​ដែល​ចាប់​ឆ្នោត​ភ្លាម​ឡើង​ប្រកួត​ភ្លាម​នោះ ​លី ​រិទ្ធី ​​បាន​យក​ឈ្នះ​កីឡាករ​ជើង​ចាស់ ​ឡុង ​សុវណ្ណឌឿន​ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា ​ដោយ​​ពិន្ទុ​ដាច់ ​៥-០ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ​៣ ទឹក ចំណែក​កីឡាករ ​ឈឿន ​ល្វៃ​ មក​ពី​ក្លិប​នាគរាជ​ចតុមុខ បាន​​យក​ឈ្នះ​ យ៉ាម​ ខេមរា​ ​របស់​ក្លិប​​រស្មី​កុមារ​កំព្រា​ ដោយ​ពិន្ទុ​ប្រផុត​ប្រផើយ ​៣ ​ទល់ ​២​។​

យ៉ាង​ណា​ក៏​ដោយ ការ​ឡើង​ទៅ​ជួប​គ្នា​រវាង​កីឡាករ លី រិទ្ធី និង ឈឿន ល្វៃ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ធ្លាប់​ប្រកួត​តាម​ច្បាប់ Mas Fight គឺ​អ្នក​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ក្នុង​រយៈពេល ​៩ នាទី​ពេញ ទើប​អាច​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន ចំនួន ​៣៩ ​សប្តាហ៍​កន្លង​មក​ហើយ​នោះ គឺ​មាន​ការ​ប្តូរ មក​ជា​ប្រកួត​តាម​ច្បាប់​គុន​ខ្មែរ មាន ​៣ ​ទឹក ដូច​វគ្គ​ជម្រុះ​ដែរ ហើយ​ជា​លទ្ធផល លី រិទ្ធី បាន​ឈ្នះ ឈឿន ល្វៃ ដោយ​ពិន្ទុ។

លី​ រិទ្ធី​ បាន​យក​ឈ្នះ​ ឈឿន​ ល្វៃ​ មាន​លក្ខណៈ​ស្វិតស្វាញ​ និង​ជក់​ចិត្ត ​ប៉ុន្តែ​ចំណុច​ពិសេស​ដែល​នាំ​ឲ្យ​ លី​ រិទ្ធី ​ក្លាយ​ជា​ជើងឯក ​គឺ​លោក​​អាជ្ញា​កណ្តាល​បាន​​រាប់​ ​ឈឿន ​ល្វៃ​ នៅ​ចុង​ទឹក​ទី​៣​ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ទទួល​បាន​ជ័យជម្នះ​តែ​ម្តង​ ខណៈ ​លី ​រិទ្ធី ​ទើប​តែ​ឈាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​ប្រដាល់ ​​ជាង ​២ ឆ្នាំ​ ប៉ុន្តែ​កម្រិត​សមត្ថភាព​ឈាន​ដល់​ការ​ប្រកួត​លំដាប់​ជួរ​មុខ ​ជាមួយ​កីឡាករ​បរទេស ​និង​គូ​ឯក​ប្រចាំ​សប្តាហ៍​ក្នុង​ទម្ងន់​ធ្ងន់​ទៅ​ហើយ​។

លោក ​លី ​ម៉ាវី​ ជា​ប្រធាន​ក្លិប​បាន​​​ប្រាប់​ថា​៖ «​លី ​រិទ្ធី ​ចាប់​ផ្តើម​ល្បី​កាល​ពី​ចុង​ឆ្នាំ ​២០១៨ ​បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​ជើង​ខ្លាំង​ថៃ ​នៅ​សង្វៀន​បាយ័ន​ ហើយ​បន្ទាប់​មក​បាន​ចូល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​ជើង​ខ្លាំងៗ ​មិន​ទទួល​បាន​ខ្សែ​ក្រវាត់​ ប៉ុន្តែ​កម្រិត​បច្ចេកទេស​បាន​នាំ​ឲ្យ ​លី​ រិទ្ធី ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជា​បណ្តើរ​។ ​នៅ​ក្នុង​ទម្ងន់ ​៧០ ​គីឡូក្រាម​នេះ លី​ រិទ្ធី​ មាន​លំដាប់​ជួរ​មុខ​ហើយ ​ប៉ុន្តែ​មិន​ទាន់​បាន​ប៉ះ​ជាមួយ ​ឡុង ​សុភី, ​រឿង ​សោភ័ណ្ឌ និង ​ធឿន ​ធារ៉ា ​នៅ​ឡើយ»។​

ចំណែក​លោក ​ជួប ​វុត្ថា​ អ្នក​គ្រប់គ្រង​សមាសភាព​កីឡាករ​ប្រកួត​នៅ​សង្វៀន​ថោន ​និង​ជា​អ្នក​អត្ថាធិប្បាយ​បាន​ប្រាប់​ថា​ ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នេះ ​យើង​រៀបចំ​​ប្រកួត​បាន ​៤០ ​សប្តាហ៍​មក​ហើយ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ដោយ​លោក​នាយក​គ្រប់គ្រង​កម្មវិធី ​និង​ខាង​ទំនាក់ទំនង​ទីផ្សារ​ស្វែង​រក​ការ​គាំទ្រ​បាន​យល់​ឃើញ​ថា​ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​តាម​ច្បាប់​ Mas Fight ​ធ្វើ​ឲ្យ​ករណី​គូ​ខ្លះ​ មិន​អាច​ផ្តួល​ដៃ​គូ​ប្រកួត​បាន​ដោយ​​ត្រូវ​ចែក​លុយ​គ្នា​ស្មើ ​គឺ​មិន​អាច​រក​អ្នក​ឈ្នះ​ជើង​ឯក​ប្រចាំ​សប្តាហ៍​បាន​។​

លោក​​បន្ថែម​ថា​៖ «​តាម​ការ​ចង់​បាន​របស់​កីឡាករ​ ឬ​គណៈកម្មការ​រៀបចំ​ ព្រម​ទាំង​នាយក​គ្រប់គ្រង​កម្មវិធី ​ក៏​ដូចជា​មហាជន​អ្នក​ទស្សនា គឺ​​ចង់​ឲ្យ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​អ្នក​ឈ្នះ​ ដោយ​គ្មាន​ស្មើ​ អ៊ីចឹង​​យើង​ក៏​បាន​ឯកភាព​គ្នា​ប្តូរ​រូបមន្ត​ មក​ប្រកួត​តាម​បែប​ប្រដាល់​គុន​ខ្មែរ​ ទាំង​វគ្គ​ជម្រុះ​ និង​​វគ្គ​ផ្តាច់​ព្រ័ត្រតែ​ម្តង ដោយ​មាន​ ៣ ទឹក​ដូច​គ្នា»៕