ភ្នំពេញ៖ លោក​វរសេនីយ៍​ទោ ​គង់​ ចាន់​ធីណា ​​ជា​មន្ត្រី​នគរបាល​ប្រយុទ្ធ​ម្នាក់​ក្នុង​អង្គភាព​នគរបាល​ការ​ពារ​ដែល​​បាន​ការ​ពារ​សមរភូមិ​មុខ ឬ​ហៅ​ថា ​នគរបាល​ A3 ​ប៉ុន្តែ​ដោយ​សារ​ចំណង់​ចំណូល​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា​ខ្លាំង​ ខណៈ​ដែល​លោក​មាន​ជំនាញ​ក្បាច់​គុន​កីឡា​ប្រ​យុទ្ធ​ស្រាប់​ផង​នោះ គឺ​​លោក​បានបន្ថែម​នូវជំនាញ​ជាអ្នក​ហាត់គុនរហូត​ទទួលបាន​ខ្សែ​ក្រវាត់​ខ្មៅ ​៦​ ជាន់ ​ផ្នែក​កីឡាហាប់គីដូ​ និង​​ទទួល​បាន​នូវ​ជំនាញជា​គ្រូ​បង្វឹក​ក្បាច់​គុន​ ដើម្បី​រក​ប្រាក់​ចំណូល​ក្រៅ​ម៉ោងពី​​ការ​ងារជា​រាជការ​។​

មិន​តែ​ប៉ុណ្ណោះ​កូន​ប្រុស​ច្បង​ម្នាក់​ និង​កូន​ស្រី​របស់​លោក​ ២​ នាក់ សុទ្ធ​តែ​​មាន​និស្ស័យខាង​កីឡា​ហើយ​បាន​ហ្វឹក​ហាត់​ក្បាច់​គុន​ ដើម្បី​ធ្វើ​ជា​គ្រូ​ជំនួយ​របស់​លោក​ផង​ដែរ​។​ យ៉ាង​ណា​ក៏​ដោយ​ប្រាក់​ចំណូល​បន្ថែម​ពី​មុខ​របរ​បង្ហាត់​ក្បាច់​គុន​នេះ ​ពី​ដំបូង​បង្ហាត់​សិស្ស​ដោយ​គ្មាន​ទី​តាំង​ល្អ​សមរម្យ​ទេ​ គឺ​នៅ​តាម​សួន​ច្បារ​សាធារណៈ​ ប៉ុន្តែ​ជាង​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ត្រូវ​បាន​តែងតាំងជា​អគ្គ​លេខា​ធិការ​សហព័ន្ធ​​ខ្មែរកីឡា​​ហាប់​គី​ដូ​ និង​ចុង​ក្រោយ​នេះ​ជា​ជំនួយ​ការ​លោក​ឧត្តម​សេនិយ៍​ឯក ​ជា​ ប៊ុន​ហេង​ ប្រធាន​អង្គភាព​កីឡា​ក្រ​សួង​មហា​ផ្ទៃ​ទទួល​បន្ទុក​ប្រភេទ​កីឡា​ប្រយុទ្ធ​ដែល​​​តួនាទី​នេះ ​គឺ​ដាក់​ចំ​ជំនាញ​របស់​លោក​តែ​ម្តង​។​

ការ​ងារ​ជំនាញ​របស់​លោក​គ្រូ​ គង់​ ចាន់​ធីណា ​ក្រៅ​ពី​ធ្វើ​ជា​នគរបាល​លោក​មាន​ជំនាញ​ច្បាស់​លាស់​ផ្នែក​បង្ហាត់​កីឡា​ប្រ​យុទ្ធ​មាន​ហាប់​គី​ដូ​ និង​ប្រដាល់​គុន​ខ្មែរ​នៅ​ក្រៅ​ម៉ោង​ជាពិសេស​នៅរាល់​ថ្ងៃ​សៅរ៍​ និងថ្ងៃអាទិត្យ​ក្នុង​​ពេល​ព្រឹក​ និងពេល​​ល្ងាច​ព្រម​ទាំង​ចេញ​ទៅ​បង្ហាត់​ជា​លក្ខណៈ​ឯក​ជននៅតាមគេ​ហ​ដ្ឋាន​​​ផងដែរ​។​ ជា​មួយ​គ្នា​នេះ​ប្រាក់​ចំណូល​ពី​ការ​បង្ហាត់​គឺ​តាម​ការ​ស្ម័គ្រ​ចិត្ត​ពោល​គឺ​ទទួល​បាន​ពី​កូន​សិស្ស​ឧបត្ថម្ភ​ប៉ុន្តែ​ក៏​ប្រ​មូល​បាន​ថវិកា​ច្រើន​គួរ​សម​ដែល​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​មិន​នឹក​ស្មាន​ដល់​ដើម្បី​ទ្រទ្រង់​​ជីវភាព​ក្នុង​គ្រួសារ​បាន​ប្រសើរ​នោះ​។​

ក្រុម​កង​អង្គរក្ស បាន​បង្ហាញ​ពីស្នៀត​ក្បាច់ហាប់គីដូ ក្នុងពេលហាត់ជុំគ្នាកន្លងមក។

​លោក​ គង់​ ចាន់ធីណា ​បាន​ប្រាប់​ ភ្នំពេញ ប៉ស្តិ៍​​ថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​មាន​អាយុ​ ៥៣ ​ឆ្នាំ​ ហើយ​បាន​ចូល​ធ្វើ​នគរបាល​ជាតិ​តាំង​ពី​ឆ្នាំ​ ១៩៨៨ ​នៅ​នាយក​ដ្ឋាន​នគរបាល​ការ​ពារ ​(ប៉ូលិស​ A3)។​ ដោយ​ខ្ញុំ​ព្យាយាម​ហាត់​កីឡា​ជា​ប្រចាំ​ខ្ញុំ​មាន​សុខភាព​ល្អ​ និង​បន្ត​បង្ហាត់​គេ​យក​ប្រាក់​កម្រៃ»។

«មុខ​របរ​បង្ហាត់​ក្បាច់​គុន​នេះ​មិន​សូវ​មាន​គេ​ចាប់​អារម្មណ៍​ធ្វើ​ជា​គ្រូ​ច្រើន​នោះ​ទេ​​ព្រោះ​ចំណង់​ចំណូល​ចិត្ត​ និង​និស្ស័យ​ខុស​គ្នា​ហើយ​ណា​មួយ​ជីវភាព​មុខ​របរ​គ្រូ​ក្បាច់​គុន​នេះ​កន្លង​មក​ភាគ​ច្រើន​លំបាក​ក្រីក្រ​ប៉ុន្តែ​បើ​យើង​មាន​ជំនាញ​ច្បាស់​លាស់​ គឺ​មាន​សិស្ស​មក​ហាត់​ច្រើន​ទទួល​បាន​កម្រៃ​ច្រើន​គួរ​សម​គឺ​បើ​កូន​សិស្ស​បង់​ម្នាក់​តែ​ ១០ ​ដុល្លារ សម្រាប់ ​១ ខែ​ ហើយ​មាន​កូន​សិស្ស​តែ​ ១០០​ នាក់​ យើង​នឹង​ទទួល​បាន​សមរម្យ​តាម​នោះ​ដែរ​។​ទោះ​ជា​យ៉ាង​ណា​សម្រាប់​សិស្ស​ដែល​ក្រី​ក្រ​ហើយ​គេ​ចង់​មក​ហ្វឹក​ហាត់​យើង​នៅ​តែ​អនុ​គ្រោះ​ឱ្យ​​គេ​បាន​ហាត់​ដោយ​មិន​យក​ប្រាក់​ផង​ដែរ»​។​

លោក​​ ចាន់ធីណា ​បាន​បន្ថែម​​ថា​៖ «​ខ្ញុំ​បង្ហាត់​សិស្ស​ជា​អចិន្ត្រៃយ៍​គឺ​រាល់​ព្រឹក​ និង​រាល់​ល្ងាច​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​នៅ​ជាន់​លើ​របស់​អង្គភាព​កីឡា​នគរបាល​ជាតិ​។​ បន្ថែម​ពី​លើ​នេះ​ខ្ញុំ​មាន​កម្ម​វិធី​បង្ហាត់​តាម​គេ​ហ​ដ្ឋាន​ក្រៅ​ម៉ោង​ខ្លះ​ និង​ពិសេស​ទៅ​បង្ហាត់​ក្រុម​សមត្ថកិច្ច​ និង​កង​អន្តរាគមន៍​អង្គរក្ស​ផ្នែក​ក្បាច់​ចាប់​ក្បាច់​ក្លេ​ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​សមត្ថកិច្ច​​»។

គ្រូ​ក្បាច់គុន​ជានគរបាល​រូបនេះបាន​បន្ថែម​ទៀត​ថា៖​ «​ក្រៅ​ពី​នេះ​ខ្ញុំ​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​ឈ្មោះ​ក្លិប​មកុដរាជ​សីហ៍​ចំណុះ​ឱ្យ​សមាគម​កីឡា​ប្រដាល់​ក្រ​សួង​មហា​ផ្ទៃ​ដែល​ផ្តល់​ឱ្យ​​កីឡាករ​បាន​ហាត់​ និង​ឡើង​ប្រ​កួត​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​គួរ​សម​។​​មុខ​របរ​បង្ហាត់​គុន​​នេះ​ខ្ញុំ​បង្ហាត់​បាន​រយៈ​ពេល ​២០ ​ឆ្នាំ​ ហើយ​ហើយ​មក​ដល់​បច្ចុប្បន្ន​មាន​ចំណូល​ក្នុង​ ១​ ខែ​ សរុប​ជិត​ ៨០០ ​ដុល្លារ​ដែរ»​។​

នៅ​ក្នុង​ផែន​ការ​ និង​ចក្ខុ​វិស័យ​លោក​ គង់ ចាន់ធីណា បាន​បញ្ជាក់​ថា​៖ «​ក្បាច់​គុន​កីឡា​ហាប់​គី​ដូ​មាន​ប្រយោជ​ន៍​ល្អ​ខាង​សុខភាព​ការ​ពារ​ខ្លួន​ និង​មាន​ក្បាច់​ក្លេ​សម្រាប់​សមត្ថកិច្ច​។​​ សម្រាប់​ឆ្នាំ​ ២០២១ នេះ​ហាប់​គី​ដូ​បាន​ចូល​អាណត្តិ​ទី​៧​ ដែល​តាម​គម្រោង​នឹង​ធ្វើ​មហា​សន្និបាត​ ដើម្បី​រៀប​ចំ​ការ​ប្រ​កួត​ជើង​ឯក​ជាតិ ​និង​ស្វែង​រក​ការ​គាំ​ទ្រ​រៀប​ចំ​ការ​ប្រ​កួត​ឱ្យ​​បាន​ច្រើន​ក្នុង​មួយឆ្នាំ​ៗ​ដើម្បី​ទាក់​ទាញ​យុវជន​ឱ្យ​មាន​ការ​ចូល​រួម​ហាត់​កាន់​តែ​ច្រើន​ព្រោះ​​សម័យ​កូវីដ​ ១៩​ នេះ ​(មុន​ពេលបិទខ្ទប់) កីឡាករ​កីឡាការិនី​មក​ហាត់​ថយ​ចុះ​ជាង​ពាក់​កណ្តាល​ គឺ​មាន​ត្រឹម​ខ្ទង់​ ១០០ ​នាក់​ប៉ុណ្ណោះ​»៕