ភ្នំពេញ៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានលើកឡើងថា កម្ពុជាត្រូវការធនធានមនុស្សច្រើន ដែលមានសមត្ថភាព និងជំនាញច្បាស់លាស់ ដើម្បីជួយបង្ហាត់បង្រៀនយុវជនឱ្យមានសមត្ថភាពខ្លាំងឈានទៅដណ្តើមបានមេដាយ លើឆាកអន្តរជាតិ ពិសេសស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា។
លោក ទៀ បាញ់ បានថ្លែងថា៖ «កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យកីឡាផងដែរ ហើយជារៀងរហូតមករាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់លើកីឡានេះ ព្រោះថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលពេលនោះ យើងជាម្ចាស់ផ្ទះរៀបចំផង និងជាកីឡាករចូលរួមប្រកួតផង។ ហេតុនេះ កម្ពុជាត្រូវការធនធានមនុស្ស និងគ្រូបង្វឹកកីឡាដែលមានចំណេះដឹង និងជំនាញកីឡាប្រភេទផ្សេងៗច្បាស់លាស់ជាច្រើន ដើម្បីជួយបង្ហាត់បង្រៀនយុវជនរបស់យើងឱ្យមានសមត្ថភាពក្នុងការដណ្តើមមេដាយលើឆាកអន្តរជាតិ»។
ការថ្លែងបែបរបស់លោកឧបនាយករដ្ឋមន្រ្តីត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក និងអាងលោតទឹកនៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃចន្ទ ហើយវាក៏ជាពេលដែលប្រធាន CAMSOC រូបនេះ បានផ្តល់ជាអនុសាសន៍ដល់សហព័ន្ធខ្មែរកីឡាហែលទឹក និងភាគីពាក់ព័ន្ធឱ្យប្រើប្រាស់អាងហែលទឹកទើបសម្ពោធនេះឱ្យចំទិសដៅ ដើម្បីជាប្រយោជន៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែរ។
លោក ទៀ បាញ់ បានថ្លែងថា៖ «យើងត្រូវរៀបចំគណៈកម្មការ ឬក្រុមការងារទទួលខុសត្រូវគ្រប់គ្រងអាងហែលទឹក ដើម្បីធានាបាននូវការប្រើប្រាស់ចំទិសដៅ និងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍកីឡាហែលទឹក ជាពិសេសត្រូវខិតខំប្រើប្រាស់អាងហែលទឹកជាប្រយោជន៍នៃការអភិវឌ្ឍបច្ចេកទេសដល់អត្តពលិកហែលទឹកឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនគុណផលកីឡាហែលទឹកកម្រិតខ្ពស់ ត្រៀមស្វែងរកជយលាភីពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣»។
តាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនៅក្នុងពិធីសម្ពោធនោះ បានឱ្យដឹងថា អាងហែលទឹកពហុកីឡដ្ឋានជាតិ ដែលកសាងនៅឆ្នាំ ១៩៦១-១៩៦៥ ដោយបិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូលីវណ្ណ ក្រោមការផ្តួចផ្តើមរបស់ព្រះករុណាព្រះបរមរតនកោដ្ឋនោះ ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមជំនួយរបស់ក្រុមហ៊ុន Shanghai Construction Group Co.,ltd ធ្វើការជួសជុល និងកែលម្អឡើងវិញ ឱ្យស្របតាមលក្ខណៈស្តង់ដាអន្តរជាតិ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ៣ លានដុល្លារអាមេរិក។
ការជួសជុល និងកែលម្អឡើងវិញ ដោយប្រើពេលអស់ ១៨ ខែនេះ គឺរួមមានអាងហែលទឹក ១ ទទឹងប្រវែង ២៥ ម៉ែត្រ បណ្តោយ ៥០ ម៉ែត្រ ស្មើនឹង ១០ ខ្សែបន្ទាត់ខ្សែហែលទឹក, អាងលោតទឹក ១ ជម្រៅ ៤,៥០ ម៉ែត្រ ដែលមានទទឹងប្រវែង ២០ ម៉ែត្រ និងបណ្តោយ ២៥ ម៉ែត្រ, ឈ្នាន់រលាស់សម្រាប់លោតចំនួន ៤, ការិយាល័យសម្រាប់ធ្វើការរបស់សហព័ន្ធមាន ៣ បន្ទប់, ឃ្លាំងសម្រាប់ដាក់សម្ភារ និងឧបករណ៍ចំនួន ២ បន្ទប់, សាលប្រជុំ ១ បន្ទប់, បន្ទប់គ្រូពេទ្យ ១ បន្ទប់, បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ១ បន្ទប់, សាលហ្វឹកហាត់សាច់ដុំ (GYM) ១ បន្ទប់, កន្លែងស្នាក់នៅ និងបន្ទប់ស្នាក់នៅរបស់គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៥៥ នាក់, ផ្ទាំង LED ខ្នាត ៥ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ១ និងការបំពាក់ឧបករណ៍បញ្ជាដោយប្រព័ន្ធអេឡិចត្រូនិក។
គួរបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ក៏បានបញ្ចប់នៅក្នុងថ្ងៃសម្ពោធអាងហែលទឹកនោះដែរ ហើយក្រុមអត្តពលិកក្រសួងសាធារណការ និងដឹកជញ្ជូន បានមេដាយច្រើនជាងគេ គឺមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ៣ តាមពីក្រោយដោយក្រុមក្រសួងមហាផ្ទៃ ដែលបានមេដាយមាស ៣ ប្រាក់ ១ និងមេដាយសំរឹទ្ធ ១៕