ភ្នំពេញ៖ ​ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា លោក បួន លឹមហេង បាន​លើក​ឡើង​ដោយ​ភាព​ជឿជាក់​ថា ក្រុម​អត្តពលិក​កីឡា​តេក្វាន់ដូ ITF កម្ពុជា​នឹង​​ដណ្តើម​បាន​មេដាយ​មាស ​និង​ប្រាក់ ច្រើន​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ។

បើ​ទោះ​បីជា ក្រុម ​ITF កម្ពុជា​មិន​ធ្លាប់​បាន​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ដោយសារ​ប្រភេទ​កីឡា​នេះ ​មិន​ទាន់​ត្រូវ​បាន​ដាក់​ចូល​ជា​ផ្លូវ​ការ ប៉ុន្តែ​ការ​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ ជា​បន្ត​បន្ទាប់​ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក អាស៊ី និង​ជើង​ឯក​អាស៊ាន ​ កន្លង​មក​នេះ បាន​ធ្វើ​ឱ្យ​លោក បួន លឹមហេង មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​ក្រុម​អត្តពលិក ITF ក្នុង​ការ​បង្កើត​បាន​ស្នាដៃ​ថ្មី​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម។​

លោក បួន លឹមហេង ​បាន​ថ្លែង​ថា៖​ «សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ទាំង​កម្រិត​តំបន់ ទ្វីប និង​ពិភព​លោក យើង​តែងតែ​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ គឺ​បើ​ទៅ​ ១៥ ​នាក់ ពេល​ត្រឡប់​​មក​វិញ ឃើញ​ពាក់​មេដាយ​សឹង​គ្រប់​ទាំង ​១៥ នាក់ ​យ៉ាង​ហោចណាស់ ក៏​បាន​មេដាយ ​១២ ​នាក់​ដែរ អ៊ីចឹង​ពេល​ខ្ញុំ​ទៅ​ទទួល​ប្រតិភូកីឡា​របស់​​យើង​នៅ​ព្រលាន​យន្តហោះ គឺ​ខ្ញុំ​​មាន​ការ​រីករាយ​សប្បាយ​ណាស់»។

លោក​បាន​បន្ថែម​ថា៖​ «​ខ្ញុំ​ជឿ​ថា ITFរបស់​យើង ពេល​ប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ ​២០២៣ នឹង​ទទួល​បាន​មេដាយ​មាស និង​ប្រាក់​ច្រើន ព្រោះ​កីឡាករ ដែល​មាន​សមត្ថភាព​បាន​យើង​ឱ្យ​ចូលរួម តែ​បើ​មិនមាន​សមត្ថភាព​ទេ យើង​ដាក់​នាំ​តែ​ខាត​ទេ។ ឧបមា​ថា យើង​ដាក់ ​៣០ នាក់ ហើយ​ដណ្តើម​បាន​មេដាយ​ ២០ នាក់​ជាង អាហ្នឹង​ភាគរយ​វា​ល្អ ប៉ុន្តែ​បើ​ចង់​ដាក់​ច្រើន​ដល់ ​៤០ ​នាក់ រួច​ដណ្តើម​បាន​មេដាយ​ត្រឹម ​៧ ទៅ ​៨ នាក់ ​តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា! អា​នេះ​គិត​ពី​ភាគរយ ព្រោះ​ប្រទេស​គេ​ដទៃ​ទៀត ក៏​គិត​ពី​ភាគរយ​បែប​នេះ​ដែរ»។

ការ​ថ្លែង​បែប​នេះ​របស់​លោក លឹមហេង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​លោក​​ចូលរួម​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ចៅ​ក្រម​ អាជ្ញា​កណ្តាល កម្រិត «ក» កីឡា​តេក្វាន់ដូ ​ITF នៅ​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន ​៣០ នាក់ មក​ពី ​១១ ខេត្ត-រាជធានី ហើយ​លោក​គ្រូ​ជនជាតិ​កូរ៉េ​ខាង​ជើង រី ឆុលណាំ មាន​ខ្សែ​ក្រវាត់​ខ្មៅ ៨ ដាន់ និង​លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ​សហព័ន្ធ​ ជា​គ្រូ​ទ្ទេស​សំខាន់​ក្នុង​វគ្គ​​នេះ។

ជាមួយ​គ្នា​នេះ លោក លឹមហេង បាន​ប្រាប់​ទៅ​កាន់​​ចៅ​ក្រម​អាជ្ញាកណ្តាល ដែល​ទើប​បញ្ចប់​ការ​សិក្សា​ក្នុង​វគ្គ​នេះ ត្រូវ​បំពេញ​ការងារ​ដោយ​យុត្តិធម៌ ព្រោះ​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឱ្យ​មាន​ឡើង ក្នុង​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​ធនធាន​មនុស្ស​ផ្នែក​ចៅក្រម អាជ្ញា​កណ្តាល ដើម្បី​យក​ទៅ​អនុវត្ត​នៅ​លើ​ទីលាន​ ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ពិសេស​សម្រាប់​ដឹកនាំ​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​នេះ នៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣។

រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក បួន លឹមហេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​សិក្ខាកាម​ទាំង ​៣០ នាក់​នោះ​ថា៖ ​«ក្នុង​នាម​ជា​ចៅក្រម អាជ្ញា​កណ្តាល​ត្រូវ​តែ​មាន​យុត្តិធម៌ ហើយ​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ ដែល​ចូលរួម​ប្រកួត​ទាំង​អស់ ហើយ​យើង​ត្រូវ​តែ​ប្រាកដ​ថា ការងារ​ដែល​យើង​កំពុង​ធ្វើ​នេះ គឺ​ធ្វើ​ដោយ​ឆន្ទៈ ភាព​ស្មោះ​ត្រង់ ត្រឹមត្រូវ និង​យុត្តិធម៌​បំផុត ដោយ​ចេញ​ពី​បេះដូង​ផ្ទាល់​របស់​ខ្លួន​ជា​អ្នក​កាត់​សេចក្តី​ជា​មុន​សិន មុន​ផ្តល់​ការ​វិនិច្ឆ័យ​ដល់​កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត»។

គួរ​បញ្ជាក់​ថា ​តេក្វាន់ដូ ITF បាន​ស្ថិត​នៅ​ក្នុង​ប្រភេទ​កីឡា​ទាំង ​១៧​ ដែល​​គណៈកម្មាធិការជាតិ​រៀបចំ​ការ​​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ស៊ីហ្គេម​ឆ្នាំ ​២០២៣ ហើយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជា​បាន​ព្យាករ​ពី​សន្ទស្សន៍​មេដាយ​ថា ក្រុម ITF ​របស់​ខ្លួន​នឹង​អាច​ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង ​១០​ ជូន​ប្រទេស​ជាតិ៕​