ភ្នំពេញ: អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បាន​រំឭក​ដល់​ក្រុម​ប្រណាំង​កង់​ឲ្យ​ស្គាល់​ពី​ខ្លួនឯង​ថា ជា​អ្នកជំនាញ និង​បាន​ចាត់ទុក​វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​ថ្នាល និង​អត្តពលិក​វ័យក្មេង កីឡា​ទោចក្រយាន​ថា ជា​ពន្លឺ​ដែល​នាំ​ផ្លូវ​ឲ្យ​ក្រុម​កង់​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក៏​បាន​ទទួច​សុំ​ឲ្យ​សិក្ខាកាម បន្ត​មាន​សាមគ្គីភាព រួមចិត្ត រួម​ធ្វើ និង​រួម​ទទួល​ខុសត្រូវ​ដើម្បី​ជំរុញ​ឲ្យ​កីឡា​ប្រណាំង​កង់​អាច​ទទួល​បាន​លទ្ធផល​ក្នុង​ការប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ ផង​ដែរ​។

ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ថ្នាល និង​អត្តពលិក​វ័យក្មេង កីឡា​ទោចក្រយាន​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​ចន្ទ​លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា​៖ «​អ្វី​ដែល​សំខាន់​នៅ​ថ្ងៃ​នេះ​គឺ​សិក្ខាកាម​ទាំងអស់​ទោះ​មាន​អាយុ​ច្រើនក្តី តិចក្តី ត្រូវ​ច្បាស់​ខ្លួនឯង​ថា យើង​ជា​អ្នកជំនាញ អ៊ីចឹង​បើ​យើង​ធ្វើការ​ក្នុង​ជំនាញ​ហើយ តែ​មិន​ចេះ​ជំនាញ​មិន​ដឹង​ជា​អភិវឌ្ឍ​យ៉ាងម៉េច​ទេ​!»​។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា​៖ «​ទ្រឹស្តី​ជំនាញ​ស្រួល​ទេ ប៉ុន្តែ​ការអនុវត្ត​ជំនាញ​មាន​ការពិបាក​ព្រោះ​ការអនុវត្ត វា​មាន​ភាពទន់ភ្លន់​គឺ​ជំនាញ​បូក​ជាមួយ​ភាព​ប៉ិនប្រសប់​រួមទាំង​ចំណុច​សំខាន់​ជាច្រើន​ទៀត ប៉ុន្តែ​វគ្គ​សិក្សា​នេះ​ជា​ពន្លឺ​នាំ​ផ្លូវ​យើង​ទៅ​រក​ភាពជោគជ័យ​នៅក្នុង​ជំនាញ​។ មាន​តែ​ការបណ្តុះបណ្តាល និង​ការអប់រំ​ទេ​ដែល​ផ្តល់​ឲ្យ​យើង​នូវ​ឯកទេស​ច្បាស់លាស់ អ៊ីចឹង​សូម​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​នេះ សូម​ចែករំលែក​ជំនាញ​នេះ​ទៅ​ឲ្យ​អ្នក​ជិះកង់​របស់​យើង តែ​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការសាកល្បង និង​ការអនុវត្ត ទើប​យើង​ទទួល​បាន​ផលប្រយោជន៍​»​។

ជាមួយ​គ្នា​នេះ​លោក​ឧកញ៉ា វង្ស ខាន់ពៅ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ធ្វើការ​ទទួច​សុំ​ឲ្យ​គ្រូបង្វឹក និង​អត្តពលិក​ប្រណាំង​កង់ តាំង​ ៣៨ ​នាក់ (៣​នាក់​) មកពី​ក្លិប​ចំនួន​ ៧ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បន្ត​ឲ្យ​មាន​នូវ​សាមគ្គីភាព រួម​ធ្វើ និង​រួម​ទទួល​ខុសត្រូវ ដើម្បី​ជំរុញ​ឲ្យ​កីឡា​ប្រណាំង​កង់​អាច​ទទួល​បាន​លទ្ធផល​ល្អ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣​។

លោក វង្ស ខាន់ពៅ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃ​ចន្ទ​នោះ​ថា​៖ «​តាមរយៈ​ការសិក្សា​ទាំង​ទ្រឹស្តី និង​ការធ្វើ​តេស្ត​ផ្ទាល់​ទាំង​ក្រុម​កង់​ភ្នំ និង​ក្រុម​កង់គួក​គឺ​សិក្ខាកាម​ទាំងអស់​បាន​យក​ចិត្ត​ទុកដាក់ និង​ទទួល​នូវ​ចំណេះដឹង ជំនាញ និង​បច្ចេកទេស​បាន​ល្អ​ប្រសើរ​ពី​វគ្គ​នេះ ពិសេស​ពួកគាត់​គោរព​វិន័យ​បាន​ល្អ​ធ្វើ​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បាន​នូវ​ភាពកក់ក្តៅ និង​ប្រព្រឹត្ត​ទៅ​បាន​រលូន​»​។

អគ្គលេខាធិការ​ជា​អ្នក​និយម​ការ​ជិះ​កង់ និង​ប្រណាំង​ម៉ូតូ​ហោះ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​តាង​នាម​ឲ្យ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​រូបខ្ញុំ​ផ្ទាល់​គឺ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​គ្រប់​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ ហើយ​យើង​នឹង​ជំរុញ​គ្រូបង្វឹក​ថ្នាក់ជាតិ​ឲ្យ​ទទួល​បាន​នូវ​ការបណ្តុះបណ្តាល​នៅ​ក្រៅ​ប្រទេស ដើម្បី​ក្លាយ​ជា​គ្រូបង្វឹក​អន្តរជាតិ​បន្ថែម​ទៀត​»​។

ទោះបី​ជា​យ៉ាង​ណា​លោក វង្ស ខាន់ពៅ បាន​ទទូច​សុំ​ដល់​សិក្ខាកាម​ចូលរួម​ទាំងអស់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​សិក្ខាកាម​ទាំងអស់​បន្ត​ឲ្យ​មាន​នូវ​សាមគ្គីភាព រួមចិត្ត រួម​ធ្វើ និង​រួម​ទទួល​ខុសត្រូវ​ក្នុង​ន័យ​រួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​កង់​ឲ្យ​បាន​ជោគជ័យ និង​មាន​សក្តានុពល​ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​»៕