ភ្នំពេញៈ គ្រូបង្វឹកក្លិបឃ្លាំងមឿងលោក សុខ វិជ័យ បាននិងកំពុងដាក់ការសង្ស័យទៅលើការប្រកួតកាត់សេចក្តីចុងក្រោយរវាងកីឡាករ លាភ រដ្ឋា និងថៃ Yorth Vandy នៅលើសង្វៀន SEATV នាថ្ងៃសៅរ៍នេះថាអាចនឹងមានការឃុបឃិតគ្នាក្នុងការរៀបចំឲ្យថៃធ្វើជាសន្លប់នៅក្នុងទឹកណាមួយជួយឲ្យ លាភ រដ្ឋា មានប្រៀបលើសិស្សរបស់លោក វ៉ាន់ វឿន ដើម្បីបានឡើងទៅប្រកួតផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារាប៉ាវតំណាងឲ្យពូលកម្ពុជា។
លោក សុខ វិជ័យ បានចេញមុខប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថាបើការប្រកួតរវាងលាភ រដ្ឋា និងថៃ Yorth Vandy មិនប្រក្រតី និងកាត់ក្តីមិនយុត្តិធម៌ធ្វើឲ្យការប្រកួតលក្ខណៈខ្សែក្រវាត់ក្លាយទៅជាការរៀបចំឃុបឃិតគ្នា ដើម្បីជួយឲ្យកីឡាករនេះឡើង កីឡាករនោះធ្លាក់តាមអំពើចិត្តនោះលោកនឹងប្តឹងទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចដើម្បីរកយុតិ្តធម៌។
«ខ្ញុំបានទូរស័ព្ទទៅលោក រាជ សុផែន ជាប្រធានបច្ចេកទេសប្រចាំសង្វៀន SEATV ដើម្បីឲ្យគាត់ពិនិត្យមើលការប្រកួតរបស់ លាភ រដ្ឋា និង Yorth Vandy ដែលត្រូវចៀសវាងឲ្យបានពីភាពមិនប្រក្រតី ឬការឃុបឃិតគ្នា ព្រោះលទ្ធផលការប្រកួតមិនត្រឹមត្រូវលើកនេះ វានាំឲ្យប៉ះពាល់ដល់កីឡាកររបស់ខ្ញុំ វ៉ាន់ វឿន ដែលកំពុងឈរចាំលទ្ធផលនេះ»។
លោក សុខ វិជ័យ បន្ថែមថា៖ «អ្វីដែលខ្ញុំមិនទុកចិត្ត ព្រោះលោក ថៃ អ៊ូ ជាអ្នកនាំកីឡាករថៃមកប្រកួត ហើយ លាភ រដ្ឋា ជាកីឡាករក្នុងសមាគមប្រដាល់ខេត្តបន្ទាយមានជ័យដែលមានលោក ថៃ អ៊ូ ជាអ្នកគ្រប់គ្រង។ អាចនិយាយថា អ្នកស្រុកភូមិជាមួយគ្នា អ៊ីចឹងអាចឃុបឃិតគ្នានៅក្នុងប្រការណាមួយឲ្យកីឡាករថៃធ្វើជាចាញ់ដោយសន្លប់ ដើម្បីយកប្រៀបលើ វ៉ាន់ វឿន ដើម្បីបានឈ្នះកៅអីទៅវគ្គផ្តាច់ព្រ័ត្រ»។
ឆ្លើយតបនឹងបញ្ហានេះលោក រាជ សុផែន ដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងនោះបានពន្យល់ថា៖ «អ្វីៗយើងអនុវត្តតាមច្បាប់ និងលក្ខខណ្ឌដែលបានចែងរួចហើយ និងធានាបាននូវយុត្តិធម៌ សម្រាប់គ្រប់កីឡាករដោយមិនប្រកាន់ថា នៅក្លិបណាមកពីណាទេ គឺយើងអនុវត្តតាមច្បាប់ប្រកួត ហើយពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ឬមានភ័ស្តុតាងច្បាស់លាស់ យើងមានវិធានការច្បាប់ ដើម្បីចាត់ការ»។
លោក សុផែន បន្ថែមថា៖ «តាមរូបមន្តប្រកួត បើកីឡាករ លាភ រដ្ឋា អាចផ្តួលឲ្យដៃសន្លប់ក្នុងទឹកណានឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះ ៤ ប្រកួតរបស់ វ៉ាន់ វឿន ដែលវ៉ៃថៃឲ្យសន្លប់ទាំង ៤ នោះគឺមានមួយប្រកួតគិតក្នុងឈ្នះត្រឹមពិន្ទុធម្មតា ព្រោះប្រកួតជំនួសគូខ្សែក្រវាត់ ដែលអវត្តមាន។ ចំពោះការសង្ស័យ ឬការសន្និដ្ឋានណាមួយរបស់ភាគីម្ខាងរបស់កីឡាករជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការអនុវត្តគឺធ្វើតាមច្បាប់ដែលមានភ័ស្តុតាងត្រឹមត្រូវច្បាស់លាស់»។
ទោះបីជាយ៉ាងណាលោកថា៖ «ការប្រកួតមិនទាន់មកដល់មិនទាន់ដឹងថា មានរឿងអ្វីកើតឡើងទេ ប៉ុន្តែយើងនៅតែខិតខំបំពេញការងារដោយតម្លាភាពយុត្តិធម៌ គឺឈរលើគោលការណ៍កីឡា ដើម្បីទាំងអស់គ្នា និងជាតិយើងទាំងមូល គ្មានប្រកាន់ឋានៈបក្ខពួកនោះទេ»។
លោក សុខ វិជ័យ ចង់ឲ្យការប្រកួតនេះឈ្នះចាញ់ដោយយុត្តិធម៌ និងស្នើឲ្យកីឡាករថៃ វ៉ៃអស់ពីសមត្ថភាពគ្មានការឃុបឃិតគ្នាណាមួយ ហើយបើ វ៉ាន់ វឿន និង លាភ រដ្ឋា មានពិន្ទុស្មើគ្នាគឺលោកចង់ឲ្យពួកគេប្រកួតគ្នាតែម្តងទៅដើម្បីឈ្នះចាញ់អស់ចិត្ត។
ប៉ុន្តែ លាភ រដ្ឋា ដែលធ្លាប់ឈ្នះពាននៅសង្វៀនប៉ុស្តិ៍លេខ ៥ នោះបាននិយាយថា៖ «ខ្ញុំប្តេជ្ញា និងវ៉ៃអស់ពីសមត្ថភាព ហើយកីឡាករថៃ Yorth Vandy មិនអាចគេចពីការសន្លប់របស់ខ្ញុំបានទេ»។ Yorth Vandy ជាកីឡាករមានកណ្តាប់ដៃធ្ងន់ និងធ្លាប់ផ្តួល ម៉ន សាម៉េត ឲ្យសន្លប់ទឹកទី ១ ប៉ុន្តែ ៣ ប្រកួតក្នុងអំឡុងខ្សែក្រវាត់នេះ គេចាញ់ទាំង ៣ ប្រកួត៕