ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​​ហាមប្រាម​ទៅ​ដល់​អត្តពលិក​ដែល​ឈ្នះ​បាន​មេដាយ​មាស​កុំ​ឲ្យ​ «ជិះ​សេះ​លែង​ដៃ» និង​យក​ជំងឺ​តារា​មក​ដាក់​ខ្លួន ដែល​នឹង​ធ្វើឲ្យ​ពួកគេ​មាន​គុណភាព និង​សមត្ថភាព​ធ្លាក់​ចុះ ហើយ​ឈាន​ទៅ​រក​ការ​ទទួល​បាន​​បរាជ័យ​នា​ពេល​ខាង​មុខ។

ការលើកឡើង​របស់​លោក ស សុខា គឺ​សំដៅ​ទៅ​លើ​​ក្រុម​វ៉ូវីណាម និង​គុនដាវ ដែល​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​កម្រិត​ជើងឯក​អាស៊ីអាគ្នេយ៍​​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ទើប​ទទួល​បាន​ប្រាក់​រង្វាន់​ពី​​​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងអប់រំ យុវជន និង​កីឡា​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​ម្សិលមិញ។

នៅ​មុន​ការប្រគល់​ប្រាក់​រង្វាន់​​នោះ​លោក ស សុខា បាន​ថ្លែង​ទៅកាន់​គ្រូបង្វឹក និង​អត្តពលិក​ដណ្តើម​បាន​មេដាយ​​ថា៖ «ជា​ធម្មតា កីឡា បើ​យើង​មិន​ហ្វឹក​ហាត់​ឲ្យ​បាន​ពេញលេញ​គឺ​ពេល​ឡើង​ប្រកួត​ក៏​យើង​មាន​លក្ខណៈ​មិន​ស្មើ​ជាមួយ​គេ​ដែរ អ៊ីចឹង​ក្នុង​ន័យ​នេះ​ចំពោះ​បងៗ​ជា​កីឡាករ​ទាំង​ប្រភេទ​កីឡា​វ៉ូវីណាម និង​គុនដាវ​ដែល​បាន​ឈ្នះ​មេដាយ​មាស គឺ​ហាម​ជិះ​សេះ​លែង​ដៃ ព្រោះ​ជា​ទូទៅ​គ្នា​យើង​មួយ​ចំនួន​ឲ្យ​តែ​មាន​ជំងឺ​តារា​ចូល​ខ្លួន លែង​សូវ​ប្រុង​ប្រយ័ត្ន និង​ខំប្រឹង​ហ្វឹកហាត់​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «​ការលែងដៃ​នេះ​ហើយ​គឺជា​សត្រូវ​របស់​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​បរាជ័យ​នៅ​ពេល​​ខាង​មុខ ព្រោះ​ជា​បទពិសោធ ខ្ញុំ​គិត​ថា គេ​ច្បាស់​ជា​ដាក់​គោលដៅ​មក​រក​យើង​ជា​អ្នកឈ្នះ​បាន​មេដាយ​មាស​ក្នុង​ការប្រកួត​ប្រជែង​យក​មេដាយ​មាស​នេះ ហេតុនេះ​អ្នក​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​ត្រូវ​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​បាន​កាន់តែ​ខ្លាំង ដើម្បី​រក្សា​ជ័យជម្នះ​របស់​យើង»។

តាម​របាយការណ៍​របស់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹង​ថា ​ប្រាក់​រង្វាន់​របស់​រាជរដ្ឋាភិបាល​ដែល​បាន​នាំ​យក​មក​ប្រគល់​ជូន​ម្ចាស់​មេដាយ​កីឡា​ វ៉ូវីណាម និង​គុនដាវ កាល​ពី​ម្សិលមិញ​នោះ មាន​ ៤៧៥ ៣០០ ០០០ រៀល។

ជាមួយ​នឹង​ទឹកប្រាក់​រង្វាន់​នេះ​គឺ​ក្រុម​​កីឡា​វ៉ូវីណាម ដែល​ឈ្នះ​បាន​មេដាយ​មាស​​ ៦ ប្រាក់​​​ ៦ និង​សំរឹទ្ធ​​ ១៤ ពី​ការប្រកួត​កីឡា​វ៉ូវីណាម​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​ ៥ ឆ្នាំ​ ២០១៨ នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ទី​ ៧ ដល់​ទី​ ១២ ខែសីហា កន្លង​មក​នេះ​បាន​ទទួល​ប្រាក់​រង្វាន់​សរុប​ចំនួន​ ៤៤៧ ៣០០ ០០០ រៀល។

ចំណែក​ក្រុម​កីឡាការិនី​គុនដាវ​ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ជា​ក្រុម​នៅក្នុង​ការប្រកួត​កីឡា​គុនដាវ​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​ ៣ ខែ​តុលា​កន្លង​មក​នេះ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ២៨ ០០០- ០០០ រៀល៕