ក្រុងឡុងដ៍៖ ខ្សែប្រយុទ្ធ Roberto Firmino បានជួយឲ្យក្រុម Liverpool ចាប់ផ្ដើមបំបែកកំណត់ត្រាសម្រាប់លីកមួយក្នុងចំណោមលីកកំពូលទាំង ៥ នៅតំបន់អឺរ៉ុប ក្រោយពីបានឈ្នះក្រុម Tottenham ១-០ ពីថ្ងៃសៅរ៍ ប៉ុន្តែការបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំ ដើម្បីឈ្នះពានរង្វាន់នេះ គ្រាន់តែជាប្រវត្តិសាស្ត្រដែលលោក Jurgen Klopp ចង់បានតែប៉ុណ្ណោះ។
ក្រុមរបស់លោក Klopp ទទួលបានពិន្ទុ ៦១ ក្នុង ២១ ប្រកួត ដោយនាំមុខគេដាច់ ១៦ ពិន្ទុ ឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ដោយនៅសល់ ១ ប្រកួតទៀត បើធៀបនឹងក្រុម Leicester ដែលឈរនៅចំណាត់ថ្នាក់ទី ២ មាន ៤៥ ពិន្ទុ។
ឥឡូវនេះមានគម្លាត ៣១ ពិន្ទុរវាងក្រុមទាំង ២ ដែលបានប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន ខណៈដែលក្រុម Spurs នៅតែស្ថិតនៅលេខ ៨ ដោយតាមពីក្រោយ ៩ ពិន្ទុ នៃក្រុមចុងក្រោយដែលស្ថិតនៅកំពូលតារាងទាំង ៤។
លោក Klopp បាននិយាយថា៖ «បញ្ហាគឺថា អ្នកមិនទទួលបានអ្វីសម្រាប់ការចាប់ផ្ដើមល្អបំផុតនៅឡើយទេ។ ប្រសិនបើគេនិយាយក្នុងរយៈពេល ៥០ ឆ្នាំទៀត វាគឺជាការចាប់ផ្ដើមល្អបំផុត ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍បំផុតនោះ គឺយើងអាចទទួលបាននៅរដូវក្ដៅខាងមុខនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «នោះមិនទាន់សម្រេចនៅឡើយទេ ព្រោះលីកនេះគឺខ្លាំងមែនទែនដោយសារយើងនឹងត្រូវប្រកួតជាមួយក្រុមខ្លាំងៗទៀត»។
លោក Jose Mourinho គ្រូបង្វឹកក្លិប Tottenham បាននិយាយថា៖ «ក្រុម Liverpool បានធ្វើការជាមួយគ្រូបង្វឹកនេះរយៈពេល ៥ ឆ្នាំមកហើយ ជាហេតុធ្វើឲ្យពួកគេអាចលេងស៊ីចង្វាក់គ្នាទាំងស្រុង និងតាមទម្រង់លេងដែលពួកគេចង់បាន»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ប្រសិនបើយើងព្យាយាមលេងតាមទម្រង់ដែលយើងបានធ្វើនៅ ២០ នាទីចុងក្រោយ នៅតង់ទី ១ ខ្ញុំគិតថា យើងនឹងដួលព្រោះកីឡាករមិនស៊ាំនឹងទម្រង់លេងនេះទេ»។
ទន្ទឹមនេះដែរ ក្រុម Man Utd របស់លោក Ole Gunnar Solskjaer បានលត់ក្រុម Norwich ៤-០ កាលពីថ្ងៃសៅរ៍ផងដែរ ដើម្បីឈរនៅលេខ ៥ មាន ៣៤ ពិន្ទុ ក្នុង ២២ ប្រកួត។
គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបាននិយាយថា៖ «យើងស្ថិតនៅក្នុងការប្រកួតទាំងអស់។ យើងស្ថិតនៅលេខ ៥ នៅក្នុងលីកនេះ ប៉ុន្តែនៅមានបញ្ហានៅឡើយ។ យើងបានកែប្រែទីតាំងពីរដូវកាលមុន គឺមានឱកាសលេងនៅក្របខ័ណ្ឌ Europa League»។
គ្រូបង្វឹករូបនេះបន្ថែមថា៖ «ពួកគេទើបតែត្រូវជឿលើខ្ញុំនៅពេលខ្ញុំបាននិយាយថា ខ្ញុំមានអារម្មណ៍ថា យើងកំពុងធ្វើរឿងជាច្រើននៅពីក្រោយឆាក ហើយយើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវនៅឡើយ។ សូមមើលក្រុមនៅថ្ងៃនេះ ឥរិយាបថ និងអត្រាការងារ ដែលជាស្នូលនៃក្រុមរបស់យើងក្នុងការបន្តទៅមុខទៀត»។
គ្រូបង្វឹករូបនេះបន្ថែមទៀតថា៖ «ខ្ញុំគិតថា វាសំខាន់ណាស់ដែលក្លិបនៅតែស្ថិតក្នុងដៃដ៏ត្រឹមត្រូវ។ ខ្ញុំពិតជាអ្នកគាំទ្ររបស់ក្រុមនេះ ហើយខ្ញុំគិតថា ក្លិបនេះគឺស្ថិតនៅក្នុងដៃដ៏ល្អបំផុតដូចថ្ងៃនេះអ៊ីចឹង ហើយខ្ញុំជាអ្នកគាំទ្រក្លិប Man Utd ម្នាក់ និងចង់បានអ្វីល្អបំផុតនៅពេលអនាគត»។
ទន្ទឹមនេះដែរ ក្រុម Southampton បានទទួលជ័យជម្នះជាលើកទី ៥ ក្នុង ៥ ប្រកួតកន្លងមកនេះ នៅក្នុងការប្រកួតទាំងអស់ ខណៈដែលពួកគេទើបតែបានឈ្នះក្រុម Leicester ២-១ នៅកីឡដ្ឋាន King Power។
កីឡាករ Dennis Praet បានជួយឲ្យក្រុមម្ចាស់ផ្ទះ Leicester នាំមុខ ១ គ្រាប់មុន ប៉ុន្តែកីឡាករ Stuart Armstrong បានជួយឲ្យក្រុមភ្ញៀវតាមស្មើវិញនៅនាទីទី ១៩ មុនពេលកីឡាករ Danny Ings បានបន្ថែម ១ គ្រាប់ទៀត ដើម្បីបាន ៣ ពិន្ទុ៕ AFP/SN