ក្រុងម៉ាឌ្រីដ: លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ប្រាប់ក្លិប Liverpool ថា ក្រុមរបស់លោកមានការស្រេកឃ្លានជាងក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League បើទោះបីបានឈ្នះពាន ៣ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយក៏ដោយ។
Real នឹងត្រូវធ្វើការប្រជែងដើម្បីឈ្នះពានជាលើកទី ៣ ជាប់ៗគ្នាមិនធ្លាប់មានពីមុនមក ក្នុងយុទ្ធនាការនេះ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ស្របពេលក្រុម Liverpool បានឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី ១ បើគិតចាប់តាំងពីឆ្នាំ ២០០៧។
លោក Zidane បានឲ្យដឹងថា៖ «គ្មាននរណាម្នាក់អាចយកការស្រេកឃ្លានចេញពីយើងឡើយ។ ខ្ញុំមិនអាចនិយាយ ពីគូប្រកួតឡើយ ប៉ុន្តែ យើងចង់សង្កាត់ធ្ងន់ថា យើងនឹងតែងតែមានការលើកទឹកចិត្តដូចគ្នា។ គ្មាននរណាម្នាក់អាចប្រាប់យើងថា យើងមានការស្រេកឃ្លានតិចជាងគូប្រកួតឡើយ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានប្រាប់បន្តថា៖ «យើងគឺក្រុម Real Madrid ហើយបើទោះបីយើងឈ្នះពានច្រើនក៏ដោយ យើងតែងតែចង់ឈ្នះពានបន្ថែមទៀត ហើយត្រូវតែប្រឹងអស់ពីសមត្ថភាពក្នុងការឈ្នះពានបន្ថែមទៀត»។
បទពិសោធរបស់ក្រុម Real ក្នុងក្របខ័ណ្ឌ Champions League បានស្ថិតក្នុងកម្រិតដ៏ជ្រៅ បើធៀបទៅនឹងក្រុម Liverpool ដែលមិនមានសូម្បីតែកីឡាករម្នាក់ក្នុងការឈានដល់ដំណាក់កាលនេះកាល ពីមុន។
លោក Zidane ក៏សម្រេចបាននូវសមិទ្ធផលផ្ទាល់ខ្លួនដ៏គួរឲ្យកត់សម្គាល់ផងដែរ ក្រោយពីបានឈ្នះពានដ៏ធំបំផុតក្នុងកីឡាបាល់ទាត់កម្រិតក្លិបមួយនេះ ចំនួន ៣ លើកក្នុងនាមជាកីឡាករ និងជាអ្នកចាត់ការទូទៅ។
លោក Zidane បានបញ្ជាក់ថា៖ «វាពិតណាស់ដែលខ្ញុំបានរស់នៅរយៈពេល ១៨ ឆ្នាំក្នុងនាមជាកីឡាករម្នាក់ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ជាមួយនឹងគ្រូបង្វឹកជាច្រើន ជាមួយនឹងកីឡាករជាច្រើន រួមជាមួយនឹងភាពអាត្មានិយមច្រើនដូចខ្ញុំអ៊ីចឹង។ ខ្ញុំដឹងពីបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ហើយខ្ញុំដឹងពីចិត្តកីឡាករម្នាក់ ហើយនោះគឺជារឿងដ៏សំខាន់សម្រាប់ខ្ញុំ ប៉ុន្តែ វាមិនមែនជាចំណុចពិសេសតែ ១ ឡើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំមិនមែនជាគ្រូបង្វឹកដ៏ឆ្នើមបំផុតឡើយ ប៉ុន្តែ ខ្ញុំមានចំណុចជាច្រើនផ្សេងទៀត ដូចជាការស្រេកឃ្លាន ការលើកទឹកចិត្តជាដើម ហើយចំណុចទាំងនោះពិតជាមានតម្លៃខ្លាំងជាង»។
អ្នកគាំទ្រខ្លះបានចាត់ទុកថា ការប្រកួតនៅចុងសប្តាហ៍នេះ គឺជាការប្រជែងរវាងខ្សែប្រយុទ្ធ Cristiano Ronaldo និង Mohamed Salah ប៉ុន្តែ នៅពេលដែលត្រូវបានចោទសួរថា រូបគេនឹងផ្លាស់ប្តូរ Ronaldo ជាមួយនឹងតារាឆ្នើមរបស់ក្រុម Liverpool ឬយ៉ាងណា លោក Zidane បានឆ្លើយដោយសាមញ្ញថា៖ «ទេ»។
ទាក់ទងនឹងឥទ្ធិពលរបស់ Ronaldo ក្នុងវគ្គផ្តាច់ព្រ័ត្រ លោក Zidane បានឲ្យដឹងថា៖ «ឥទ្ធិពលច្រើនបំផុត។ រូបគេជាកីឡាករដ៏ឆ្នើមបំផុត ហេតុនេះ រូបគេនឹងមានឥទ្ធិពលដ៏ច្រើន»៕