ភ្នំពេញ៖ ​​​ក្រុម​ល្បុក្កតោ​កម្ពុជា ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ​៤ ទៀត ​ឲ្យ​កម្ពុជា​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​អង្គារ ចំណែក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ​២២ ​ឆ្នាំ នឹង​ត្រូវ​ប្រកួត​កាត់​សេចក្តី​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​រសៀល​ម៉ោង ​៣ ថ្ងៃ​នេះ ដើម្បី​ស្វែងរក​ច្រក​ឡើង​ទៅ​​ប្រកួត​វគ្គ ​១/២ ផ្តាច់​ព្រ័ត្រ ជា​លើក​ដំបូង ហើយ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ក៏​ត្រូវ​ប៉ះ​ក្រុម​ទីម័រ ក្នុង​ម៉ោង​ជាមួយ​គ្នា​នេះ​ដែរ។

បើ​ទោះ​បី​ជា​ក្រុម​កម្ពុជា​បាន​យក​ស្មើ​​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ១-១ និង​ឈ្នះ​ក្រុម​ទីម័រ​ខាង​កើត រហូត​ដល់ ៥-០ ប៉ុន្តែ​ការ​មក​ចាញ់​ក្រុម​ជម្រើសជាតិ​មីយ៉ាន់ម៉ា ២-១ សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​A កាល​ពី​យប់​ថ្ងៃ​ចន្ទ បាន​ធ្វើ​ឲ្យ​កម្ពុជា ​ស្ថិត​ក្នុង​សម្ពាធ​កាន់​តែ​ខ្លាំង ក្នុង​ការ​ប្រជែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​ម៉ាឡេស៊ី និង​ហ្វីលីពីន សុទ្ធ​តែ​មាន ​៤ ពិន្ទុ​ដូច​គ្នា និង​ស្រេក​ឃ្លាន​ការ​ឈ្នះ ប្រជែង​យក​កៅ​អី​ទី ​២ ​ប្រចាំ​ពូល​នេះ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម មីយ៉ាន់ម៉ា ដែរ​នោះ។

នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​លើក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​ភាព​តានតឹង​ខ្លាំង ព្រោះ​ក្រុម​ទាំង ​២ ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដូច​គ្នា ប៉ុន្តែ​ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ក៏​មិន​ទាន់​ប្រាកដ​ថា នឹង​ទទួល​បាន​ឱកាស​​ឡើង​​ទៅ​វគ្គ​បន្ត​នោះ​ទេ គឺ​ត្រូវ​អ៊ុត​មើល​លទ្ធផល​ប្រកួត​របស់​​​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន និង​ក្រុម​ទីម័រ​ខាង​កើត​ជា​មុន​សិន។

យ៉ាង​ណា​ក៏​ដោយ ដោយសារ​ក្រុម​​កម្ពុជា នៅ​សល់​គ្រាប់​បាល់ ចំណេញ​ច្រើន​ជាង​គេ ​(៤ គ្រាប់)​ គឺ​លើស​ម៉ាឡេស៊ី ១ ​គ្រាប់ និង លើស​ហ្វីលីពីន ៤​ គ្រាប់ ហេតុ​នេះ​កម្ពុជា គឺ​មាន​ភាគរយ​ខ្ពស់​ជាង​គេ ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​បន្ត បើ​សិន​ជា​ពួក​គេ​អាច​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​បាន​នោះ។

លោក Felix Dalmas ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា បាន​បង្ហាញ​ការ​សោកស្តាយ​ខ្លាំង ចំពោះ​ការ​ចាញ់​ក្រុម មីយ៉ាន់ម៉ា ដែល​បាន​កើត​មាន​ឡើង​នៅ​ចុង​ម៉ោង​នោះ ព្រោះ​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ចន្ទ​នោះ ស៊ិន សុផាណាត់ ​បាន​គ្រាប់​បាល់​​ឲ្យ​កម្ពុជា​នាំ​មុខ​បាន​មុន​នៅ​នាទី​ទី ​២១ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ Lwin Moe Aung ​ស៊ុត​បញ្ចូល​ទី​ តាម​ស្មើ ១-១ នៅ​នាទីទី ​២៧ មុន​ពេល​​កីឡាករ Aung Kaung Mann ជា​អ្នក​រក​ឃើញ​គ្រាប់​បាល់​ជ័យជម្នះ​ដ៏​រំភើប​បំផុត​ឲ្យ​មីយ៉ាន់ម៉ា​នៅ​នាទីទី ​៨៦។

លោក Felix Dalmas បាន​និយាយ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ការ​ប្រកួត​ថា៖ ​«ខ្ញុំ​ដឹង​ថា លទ្ធផល​នេះ មិនមែន​ជា​អ្វី​ដែល​ក្រុម​យើង និង​អ្នក​គាំទ្រ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​សូម​បន្ត​លើក​ទឹក​ចិត្ត​ដល់​កីឡាករ ព្រោះ​ពួក​គេ​ពិត​ជា​បាន​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​នេះ ក៏​ដូច​ជា​ការ​ប្រកួត​ផ្សេង​ៗ​ដែរ»។

ទោះបី​ជា​យ៉ាង​ណា គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​រូប​នេះ នៅ​តែ​មាន​ការ​សង្ឃឹម​ថា កម្ពុជា​អាច​ឆ្លង​ផុត​ទាំង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​មីយ៉ាន់ម៉ា​ម្តង​ទៀត។ លោក Felix Dalmas បាន​បន្ថែម​ថា៖ ​«​ក្រុម​មីយ៉ាន់ម៉ា ​មាន​គ្រូ​បង្វឹក​ល្អ និង​កីឡាករ​ល្អ ប៉ុន្តែ​យើង​នៅ​សល់​មួយ​ប្រកួត​ទៀត ដូច្នេះ​សង្ឃឹម​ថា យើង​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ»។

យ៉ាង​ណា​មិញ ​ក្រុម​ល្បុក្កតោ​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួត​កីឡា Arnis របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន នោះ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ឲ្យ​កម្ពុជា​ចំនួន ​៤ ​ទៀត ហើយ​លទ្ធផល​នេះ ​បាន​ធ្វើ​ឲ្យ​ពួក​គេ ឈ្នះ​បាន​មេដាយ​សរុប​ចំនួន ​២០ គឺ​មាស ​១ ប្រាក់ ​២ និង​សំរឹទ្ធ ​១៧ ខណៈ​មេដាយ​ប្រាក់ ​១ ​ទៀត រក​បាន​ដោយ​ក្រុម​សីដក់ ប៉ុន្តែ​កីឡា​រាំ និង​បាល់ទះ​ឆ្នេរ​ខ្សាច់​បាន​ចាញ់​អស់​ហើយ ហើយ​ក្រុម​វាយសី វាយកូន​បាល់ និង​បាល់ទះ ក៏​ទទួល​បាន​លទ្ធផល​មិន​ល្អ​នោះ​ដែរ ខណៈ​ក្រុម​ប៉េតង់ កំពុង​ស្ថិត​ក្នុង​ជំហរ​ឆ្ពោះ​ទៅ​រក​​ដណ្តើម​មេដាយ​មាស​ឲ្យ​កម្ពុជា៕