ភ្នំពេញៈ អ្នក​ប្រដាល់​ដែល​កំពុងតែ​សាង​ភាពល្បីល្បាញ​ក្នុង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា វង្ស វិឆ័យ បាន​ប្រើ​កណ្តាប់ដៃ​ផ្តួល​កីឡាករ​បារាំង Bahi Mhamed ឲ្យ​សន្លប់​ត្រឹម​រយៈពេល​ ៦ ​នាទី​ក្នុង​គម្រោង​ប្រកួត​ចំនួន​ ៩ ​នាទី​ក្នុង​កម្មវិធី Mas Fight នៅលើ​សង្វៀន​ថោន​កាលពី​ថ្ងៃ​អាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី និង អ៊ុង វិរៈ បាន​ស្មើ​កីឡាករ​ថៃ និង​អាមេរិក ដែល​ចំណាយពេល​ ៩ ​នាទី​ពេញ​តាម​លក្ខខណ្ឌ​ដែល​បានចែង គឺ​បើ​គ្មាន​អ្នកណា​សន្លប់​ត្រូវ​ឲ្យ​ស្មើ​។

សិស្សគណ​ក្លិប​ទ័ព​ឆត្រយោង​ ៩១១ វង្ស វិឆ័យ កំពុង​មាន​ទីផ្សារ​ប្រកួត​ច្រើនជាងគេ​បន្ទាប់ពី​យកឈ្នះ​កីឡាករ​ថៃ និង​ជើងខ្លាំង​ក្នុងស្រុក​មួយ​ចំនួន ដូចជា ឡុង សុភី ដោយ​ដណ្តើមបាន​ខ្សែក្រវាត់​ចំនួន​ ២ ​ស្ថាប័ន និង​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ទម្ងន់ ​៦៩ ​គីឡូក្រាម​នោះ​។

ជាមួយ​គ្នា​ការប្រឡូក​ក្នុង​សង្វៀន​ថោន Mas Fight ចំនួន​ ៩ ​នាទី វង្ស វិឆ័យ មិនទាន់​ស្គាល់​រសជាតិ​ចាញ់​ម្តង​នៅឡើយ ហើយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​រូបគេ នៅតែ​រក្សា​លទ្ធផល​ល្អ​គឺ​បន្ត​ឈ្នះ ដោយ​ផ្តួល​កីឡាករ Bahi Mhamed មកពី​ប្រទេស​បារាំង​ឲ្យ​សន្លប់​ក្នុង​រយៈពេល​ ៦ ​នាទី​ប៉ុណ្ណោះ ដោយ​ប្រើ​ស្នៀត​កណ្តាប់ដៃ​។

លទ្ធផល​ឈ្នះ​ផ្ទួនៗ និង​ជាប់ៗ​គ្នា​របស់ វង្ស វិឆ័យ បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់គេ​បាន​ឈានចូល​លំដាប់​ជួរមុខ​អាច​នឹង​តាម​ទាន់​កីឡាករ​ល្បី​បំផុត​របស់​កម្ពុជា មាន កែវ រំចង់ និង រឿង សោភ័ណ្ឌ ជាដើម​។

នៅពេល​សួរថា តើ​រូបគេ​កំពុង​ជាប់កិច្ចសន្យា​ក្នុង​កម្មវិធី​ប្រកួត​អ្វីខ្លះ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ វង្ស វិឆ័យ បាន​ឆ្លើយតប​ថា​៖ «​កម្មវិធី​ប្រកួត​មាន​គេ​ទាក់ទង​មក​ជាប់​ជានិច្ច សឹងតែ​រក​ពេល​ប្រកួត​មិនបាន ប៉ុន្តែ​រឿង​ជាប់កិច្ចសន្យា ឬ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អ្វីមួយ សូម​សួរ​ទៅ​គ្រូបង្វឹក​របស់ខ្ញុំ​ទៅ ទើប​ជា​ផ្លូវការ​គឺ​ខ្ញុំ​មិនអាច​ដឹង​ទេ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែមថា​៖ «​ទោះជា​យ៉ាងណា​ក្នុង​ទម្ងន់​ ៦៩ ​គ.ក្រ ខ្ញុំ​ជា​បេក្ខជន​ម្នាក់​ក្នុង​ការដាក់​ឲ្យ​ប្រកួត​ក្នុង​កីឡា​ជាតិ​លើក​ទី​ ៣ ខែ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​»​។ កីឡាករ​ដែលមាន​ប្រវត្តិ​លេចធ្លោ​បំផុត​នៅក្នុង​ឆ្នាំ​ ២០១៩ តាមរយៈ​ភាព​អំណោយផល​ខាង​កម្ពស់​ខ្ពស់​ល្អ និង​មាន​ជំនាញ​ក្បាច់​ជង្គង់ វង្ស វិឆ័យ​ បាន​ឈាន​មកដល់​ចំណាត់ថ្នាក់​ជួរមុខ​ក្នុង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា ដែល​បាន​ឱកាស​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់​។

ចំណែក​កីឡាករ​ ពុទ្ធ ឆាយរិទ្ធី របស់​កម្ពុជា​ដែល​បាន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Kongwuth Kosetjan នៅ Mas Fight កាលពី​ថ្ងៃអាទិត្យ​នោះដែរ គឺ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ ៩ ​នាទី​គឺ​ទទួលបាន​លទ្ធផល​ឈ្នះ​តាមច្បាប់ Mas fight ដែល​មិន​ផ្តល់​ពិន្ទុ​នោះទេ​។

ស្រដៀង​គ្នា​នេះដែរ​កីឡាករ អ៊ុង វិរៈ ដែល​មិន​ធ្លាប់​ចាញ់​សោះ​នៅ​សង្វៀន​ថោន Mas fight នោះ​ទទួល​បាន​លទ្ធផល​ស្មើ​ដូចគ្នា ជាមួយ​កីឡាករ Banasiak Pawel មកពី​អាមេរិក​ក្នុង​ទម្ងន់​ ៨៤ ​គ.ក្រ​។ បើតាម​បច្ចេកទេស​នៃ​ការប្រកួត​លើក​នេះ អ៊ុង វិរៈ ចង់​យ៉ាប់​ជាង​លើក​មុនៗ ព្រោះ​ត្រូវ​កីឡាករ​អាមេរិក​វ៉ៃ​ចូល​គោលដៅ​ល្អ​ជាង និង​ធ្វើឲ្យ​លំបាក​ទប់ទល់​ផងដែរ​៕