ភ្នំពេញៈ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា បាន​ច្រានចោល​ចំពោះ​សំណើ នៃ​ការ​ចេញ​ទៅ​លេង​ឲ្យ​ក្លិប​នៅ​ក្រៅ​ប្រទេស ដោយ​រូប​គេ​បាន​សម្រេច​ចិត្ត​វិល​មក​លេង​ឲ្យ​ក្លិប​បឹងកេត​វិញ ហើយ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​បឹងកេត កាន់​តែ​មាន​ការ​ជឿជាក់​ក្នុង​ការ​ប្រជែង​យក​តំណែង​ជើង​ឯក​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨។

លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត បានចាត់ទុក​ការវិលត្រឡប់​របស់ ចាន់ វឌ្ឍនាកា ថា «ជាការ​វិល​ត្រឡប់​របស់​វីរបុរស​បាល់​ទាត់»។ លោក​បាន​ថ្លែង​ក្នុង សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «នៅ​ថ្ងៃ​នេះ​ក្លិប​សូម​ប្រកាស​ជា​ផ្លូវការ ពី​ការ​វិល​ត្រឡប់​របស់ Hero ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន​ជាច្រើន ហើយ​ក៏​ជា​កីឡាករ ដែល​ធ្វើ​ឲ្យ​លីក​កំពូល​កម្ពុជា​យើង​មាន​ការ​កក្រើក ផង​ដែរ»។

អ្នកចាត់ការ​ទូទៅ​វ័យក្មេង​រូបនេះ ក៏​សង្ឃឹមថា ចាន់ វឌ្ឍនាកា នឹង​ជួយ​ឲ្យ​បឹងកេត​កាន់តែ​មាន​ភាគរយ ក្នង​ការ​ឈ្នះ​ពាន ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា៖ «ចំពោះ​ភាគរយ​ការ​ឈ្នះ​ពាន​របស់​បឹងកេត គឺ​ពី​មុន​រហូត​ដល់​ឥឡូវ​នេះ យើង​នៅ​តែ​មាន​សង្ឃឹម ប៉ុន្តែ​ការ​បន្ថែម​គាត់​មក ១ ទៀត ធ្វើ​ឲ្យ​យើង​មាន​កម្លាំង និង​មាន​ជម្រើស​កាន់​តែ​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​យើង​កាន់​តែ​ល្អ​ជាង​មុន ព្រោះ វឌ្ឍនាកា ជា​កីឡាករ​មាន​គុណ​ភាព​ខាង​បញ្ចប់​ទី»។

ចំណែក ចាន់ វឌ្ឍនាកា បានបង្ហាញ​ពី​មូលហេតុ៣ ដែល​ទាក់ទាញ​ឲ្យ​រូបគេ វិល​មក​លេង​ឲ្យ​ក្លិប​បឹងកេត​វិញ​លើក​នេះ។ វឌ្ឍនាកា បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ មើល​ឃើញ​ពី​សក្តានុពល​របស់​លីក​កំពូល​កម្ពុជា គឺ​ឥឡូវ​នេះ​មាន​ក្រុម ដែល​អាច​ប្រកួត​ប្រជែង​បាន​ច្រើន ទី ២ ខ្ញុំ​បាន​មើល​ឃើញ​ពី​ថ្នាក់​ដឹកនាំ គាត់​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ក្លិប ទី ៣ ក្លិប​ទាំង​មូល មាន​ឆន្ទៈ​ចង់​ឈ្នះ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ៣ រដូវកាល​ជាប់​គ្នា ហើយ​នេះ​ជា​ឆន្ទៈ​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​លេង​នៅ​បឹងកេត វិញ»។

បន្ថែម​លើ​នេះ ចាន់ វឌ្ឍនាកា ក៏​គ្រោង​នឹង​យក​បទពិសោធ ដែល​ទទួលបាន​ពី​ការចេញ​ទៅលេង​នៅ​ក្រៅ​ប្រទេស ពិសេស​នៅ​លីក​កំពូល​ម៉ាឡេស៊ី មក​ជួយ​ពង្រឹង​ក្រុម​បឹងកេត ផង​ដែរ។ កីឡាករ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ការ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​មួយរយៈ​កន្លង​មក​នេះ ខ្ញុំ​ទទួល​បាន​បទពិសោធ​ច្រើន ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា ខ្ញុំ​នឹង​យក​បទពិសោធ​ទាំង​នោះ មក​ជួយ​ក្រុម​បឹងកេត​ក្នុង​ការ​ប្រកួត​ជើង​ទី ២ លីក​កំពូល​កម្ពុជា ខាង​មុខ​នេះ​ដែរ»។

ជាមួយគ្នានេះ ប្រធាន​ក្លិប​ថ្មី​របស់​បឹងកេត គឺ​អ្នកស្រី ពុធ ធីតា ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ក្លិប​បឹងកេត កាន់​តែ​ទទួល​បាន​ជោគជ័យ ផង​ដែរ ហើយ​អ្នកស្រី​ក៏បាន​ប្រាប់​ដែរ​ថា ការ​ទទួល​បាន​ផ្លែ​ផ្លា​ក្នុង​ការ​ចរចា​ឲ្យ​ចាន់ វឌ្ឍនាកា វិល​មក​លេង​ឲ្យ​ក្លិប​បឹងកេត វិញ​នេះ ដោយ​សារ​តែ វឌ្ឍនាកា មាន​បេះដូង​នៅ​បឹងកេត​ស្រាប់។

ស្ត្រី​វ័យ​ប្រមាណ ៣៧ ឆ្នាំ​រូបនេះ បាន​ថ្លែងថា៖ «យើង​នឹង​ព្យាយាម​បណ្តុះ​ថ្នាល សម្រាប់​ជំនួស​ក្រុម​ធំ​របស់​យើង គឺ​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការងារ​នេះ​តែ​ម្តង ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ទីលាន​ផ្ទាល់​ខ្លួន​ផង​ដែរ។ យើង​ត្រូវ​តែ​មាន​ស្តាត និង​ធ្វើ​អាជីវកម្ម ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​គាំទ្រ​ដល់​ក្លិប ព្រោះ​ថា​នៅ​ស្រុក​ខ្មែរ​យើង ការ​ស្វែងរក​អ្នក​ស្ពនស័រ​មក​ជួយ​ខាង​បាល់ទាត់ វា​មិន​ងាយ​ទេ»។

អ្នកស្រី ពុធ ធីតា បញ្ជាក់ថា៖ «ជាក់ស្តែង​តាំងពី​ខ្ញុំ​កាន់កាប់​ក្លិប រហូតដល់​ពេលនេះ ខ្ញុំ​មិនទាន់​ទទួល​បាន​ស្ពនស័រ​ពី​ខាង​ណា សូម្បី ១ ដុល្លារ​ទេ អ៊ីចឹង​ហើយ​ចក្ខុវិស័យ​របស់​យើង គឺ​ត្រូវ​ធ្វើ​ស្តាត នៅ​កន្លែង​ណា ដែល​អាច​ធ្វើ​អាជីវកម្ម​បាន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លិប​របស់​យើង បាន​ដើរ​ទៅ​មុខ»៕