ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ សៅ វណ្ណា ដែល​ទើប​តែ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ TV5 Knock Out Series By Kcement ថ្មីៗ​កន្លង​មក​នេះ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ស្វែងរក​ការ​ប្រកួត​ជា​មួយ​គូ​អន្តជាតិ និង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​នៃ​សង្វៀន​ប្រដាល់​ណា​មួយ​បន្ថែម​ទៀត​ដើម្បី​កិត្តិយស និង​ប្រាក់​រង្វាន់ ក៏​ដូចជា​តម្លៃ​ខ្លួន​កាន់​តែ​ខ្ពស់។

ក្នុង​ប្រវត្តិ​ឡើង​សង្វៀន​ប្រកួត​ចំនួន ៣០ លើក​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​មក​នេះ សៅ វណ្ណា បាន​សាង​ឈ្មោះ​ល្បី​លឿន​បំផុត​តាម​រយៈ​ការ​ឈ្នះ ២៩ លើក និង​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់ ២ នាក់​ឲ្យ​ចុះ​ចាញ់​ក្រោម​ថ្វីដៃ​របស់​ខ្លួន​គឺ​ង៉ែត្រ រដ្ឋា និង ពុយ វណ្ណៈ ដើម្បី​ឈាន​ទៅ​ឈ្នះ​អ៊ុំ វណ្ណេត ដើម្បី​យក​ពាន TV5 Knock Out Series By Kcement ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម។

អ្នក​លេង​គុន​ខ្មែរ​ពូកែ​ជង្គង់ និង​កែង​រូប​នេះ មាន​ស្រុក​កំណើត​មក​ពី​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដែល​បាន​ចាក​ចេញ​ពី​មុខរ​បរក​ម្មករ​ផ្សារ​ដែក​មក​ចាប់​អាជីព​ឡើង​ប្រដាល់​នៅ​ក្លិប​វាល​ស្បូវ​ច្បារអំពៅ​នៃ​ក្រសួង​មហាផ្ទៃ។

សៅ វណ្ណា បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​មាន​ឱកាស​ឈាន​ដល់​វាយ​ជាមួយ​កីឡាករ​បរទេស​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នានា ឬ​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​សង្វៀន​ប្រដាល់​ណាមួយ ព្រោះ​បច្ចុប្បន្ន​នេះ​មិន​ទាន់​ស្គាល់​ជាតិ​ប្រកួត​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​នៅ​ឡើយ​នោះ​ទេ»។

សៅ វណ្ណា បាន​បន្តថា៖ «ខ្ញុំ​សុំ​ឲ្យ​លោកគ្រូ និង​គណៈ​កម្មការ​ផ្គូផ្គង​របស់​សហព័ន្ធ​ដាក់​ខ្ញុំ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ខ្លាំង ដើម្បី​ខ្ញុំ​ស្គាល់​រសជាតិ​ប្រកួត​កាន់​តែ​ខ្លាំង និង​អស្ចារ្យ​ជាង​មុន»។

សៅ វណ្ណា បន្ថែម​ថា៖ «ក្នុង​ចំណោម​បេក្ខភាព​ដណ្តើម​ខ្សែក្រវាត់​ដែល​គេ​បាន​ត្រៀម​ចំនួន ៤ នាក់​រួច​ហើយ​មាន​ផាន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស ឌុម កែវដា មក​ពី​មកុដ​រាជសីយ៍ វ៉េង សុភក្ត្រ មក​ពី​កងទ័ព​ឆត្រ​យោង ៩១១ និង​សេង ស្រឿន មក​ពី​ក្លិប​មហិទ្ធិឫទ្ធិ​ដំបង​ដែក ខ្ញុំ​ហ៊ាន​ឡើង​ប្រកួត​ដោយ​មិន​ញញើត​ជាមួយ​រៀមច្បង​ទាំង​នោះ​ឡើយ។

លោក​ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ បាន​និយាយ​ថា៖ «កីឡាករ​សៅ វណ្ណា ទើប​តែ​ឈ្នះ​ពាន និង​មាន​ប្រវត្តិ​ប្រកួត​ល្អ​មែន ប៉ុន្តែ​នៅ​ខ្ចី​វស្សា​ណាស់​មិន​ទាន់​អាច​ដាក់​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដណ្តើម​ខ្សែ​ក្រវាត់​ឲ្យ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​នោះ​បាន​នៅ​ឡើយ​ទេ ពោល​គឺ​ត្រូវ​ពង្រឹង​កម្លាំង និង​ជំហ​រឹងមាំ​ឲ្យ​បាន​ល្អ​ថែម​ទៀត»។

ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់​ថា លោក​នឹង​ផ្គូផ្គង​ឲ្យ​បាន​ប្រកួត​ជាមួយ​គូ​មិត្តភាព​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​ក្នុង​ពេល​ខាង​មុខ​មិន​ខាន។ កីឡាករ​ជើង​ខ្លាំង​ថ្មី​វ័យ​ក្មេងៗ​មួយ​ចំនួន ដែល​កំពុង​លេច​ធ្លោ​មាន​សមត្ថភាព​ប្រកួត​យក​ឈ្នះ​ជើង​ចាស់​ខ្លាំងៗ​មួយ​ចំនួន មាន សៅ វណ្ណា, ធឿន ធារ៉ា, សុខ ធី និង​ចាន់ ណា៕