ភ្នំពេញ: ពិធីបុណ្យទន្លេលើកទី ៥ ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំងដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍រៀបចំឲ្យមានការប្រកួតកីឡាចំនួន ១២ ប្រភេទនោះក៏មានកីឡាអុំទូក លក្ខណៈទ្រង់ទ្រាយធំផងដែរហើយការអុំទូកនេះនាំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង និងគណៈកម្មការរៀបចំបុណ្យ ខិតខំសម្អាតទីធ្លាបរិស្ថានមាត់ទន្លេ និងផ្ទៃទឹកដែលធ្លាប់តែអួអាប់ដោយសំណង់លំនៅអនាធិបតេយ្យលើទឹករបស់ជនជាតិវៀតណាមនៅផ្សារក្រោមនោះយ៉ាងល្អគួរឲ្យកោតសរសើរពីមហាជន។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «វត្តមាននៃកីឡាអុំទូកសម្រាប់ពិធីបុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំងនេះ យើងទទួលបានផលប្រយោជន៍ធំធេងសម្រាប់បរិស្ថាន និងទីលានមាត់ច្រាំងទន្លេព្រមទាំងទីលាននៅលើផ្ទៃទឹក»។
លោកបានបន្ថែមថា៖ «យើងបានរំដោះចេញនូវសំណង់ និងលំនៅឋានលើទឹក ដែលមានច្រើនឆ្នាំកន្លងមកដោយយើងអញ្ជើញឲ្យគាត់ចេញ ធ្វើឲ្យបរិវេណផ្ទៃទឹកទន្លេមើលឃើញទេសភាពធម្មជាតិពីផ្សារក្រោម ឃើញដល់ភ្នំនាងកង្រី ដើម្បីបង្កឲ្យការអុំទូកមានអំណោយផលតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ហើយទីលានមាត់ច្រាំងសម្រាប់អ្នកទស្សនាក៏ត្រូវបានរៀបរយបានល្អផងដែរ»។
ចំណែកលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានប្រាប់ថាបុណ្យទន្លេនៅឆ្នាំនេះមានទូកចូលរួមច្រើន ហើយតាមលោកដឹង គឺមានជាង ២០ ទូក។ លោកបានបន្ថែមថា៖ «ក្នុងព្រឹត្តិកាណ៍ប្រកួតនោះ ខ្ញុំមិនទាន់ទទួលបានព័ត៌មានលម្អិតទេ ព្រោះខ្ញុំត្រៀមតែទៅចូលរួមជាគណៈកម្មការបច្ចេកទេសពេលប្រកួតប៉ុណ្ណោះ»។
បន្ថែមលើនេះលោក សុទ្ធ សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងប្រាប់ថា៖ «កីឡាប្រណាំងទូកក្នុងថ្ងៃបុណ្យទន្លេនេះមានជិត ៣០ ទូក ប៉ុន្តែមិនទាន់បានកំណត់ប្រភេទឲ្យបានច្បាស់នៅឡើយដោយនៅរង់ចាំគណៈកម្មការ ផ្គូផ្គង និងជំនាញ។
លោកបន្តថា៖ «នៅក្នុងចំនួនទូកនោះគឺមានទូកនៅក្នុងខេត្តកំពង់ឆ្នាំង និងទូកមកពីភ្នំពេញចំនួន ២០ ទូកហើយក្រៅពីនោះមានទូកមកពីខេត្តកណ្តាល ខេត្តកំពង់ធំ និងបាត់ដំបង ហើយទីលានប្រកួតនៅមាត់ទន្លេ និងលើផ្ទៃទឹកនៅផ្សារក្រោមគឺអាជ្ញាធរ និងគណៈកម្មការរៀបចំប្រកួតកីឡាបានយកចិត្តទុកដាក់រៀបចំបានល្អ ដើម្បីបរិស្ថានល្អក្រោមប្រធានបទទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»។
គួរបញ្ជាក់ថាពិធីបុណ្យទន្លេលើកទី ៥ ឆ្នាំ ២០១៩ នេះនឹងត្រូវធ្វើឡើងចំនួន ៣ ថ្ងៃនៅខេត្តកំពង់ឆ្នាំងគឺចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ចុងសប្តាហ៍នេះហើយនៅក្នុងពិធីបុណ្យនេះមានការអនុញ្ញាតរៀបចំឲ្យមានការប្រកួតនូវប្រភេទកីឡាចំនួន ១២ រួមមានរត់ប្រណាំងកម្សាន្តប្រកួតបាល់ទាត់ បាល់ទះ ចំបាប់បុរាណ ប្រណាំងសេះទាញព្រ័ត្រវាយសី ជិះកង់កម្សាន្ត ប្រណាំងទូក ប្រកួតបាល់បោះប្រដាល់គុនខ្មែរ និងកីឡាប្រពៃណីល្បក្កតោ៕