ភ្នំពេញ៖ សិក្ខាកាម​ ២៥ ​​នាក់ ត្រូវ​​បាន​ចាត់​ទុក​ថា ជា​ក្រុម​អាជ្ញាកណ្តាល​មូលដ្ឋាន​​​ថ្នាក់​ជាតិ ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់​ពី​អ្នក​ទាំង​នេះ បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញាកណ្តាល​ថ្នាក់​ជាតិ ដែល​បាន​ធ្វើ​ឡើង​ចំនួន ​៥ ​ថ្ងៃ និង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ។

វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​កញ្ចប់​ថវិកា​​របស់​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ហើយ​ពិធី​បិទ​វគ្គ​​នៅ​សាល​ដំបូល​ទូក​ នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ពុធ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​​វត្តមាន​របស់​លោក​នាយ​ឧត្តមសេនីយ៍ ​គៀត ​ច័ន្ទថារិទ្ធ ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​។

នៅ​ក្នុង​ពីធី​បិទ​វគ្គ​បណ្តុះបណ្តាល​​បច្ចេកទេស​ដល់​ក្រុម​អាជ្ញា​កណ្តាល​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្រិត​មូលដ្ឋាន ​ដែល​មានរយៈ​ពេល ​៥ ​ថ្ងៃ​នេះ​ ត្រូវ​បាន​អង្គ​សិក្ខាសាលា​វាយ​តម្លៃ​ថា សិក្ខាកាម ​៨០ ​ភាគរយ ​ទទួល​​បាន​និទ្ទេស​ល្អ​ ខណៈ​វគ្គ​នេះ​បង្រៀន​ដោយ​លោក​គ្រូ​ ស៊ុន​ រតនា ជា​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ​របស់​កម្ពុជា​ ដែល​លោក​បាន​ប្រឡង​ជាប់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​​នេះ តាំង​ពី​ឆ្នាំ ​២០១០ ​មក​ម្ល៉េះ។​

លោក​ ស៊ុន​ សុទ្ធារិទ្ធ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​​បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ្ធ​វគ្គ​នោះ​​​ថា៖ ​«​វគ្គ​បណ្តុះបណ្តាល​​បច្ចេកទេស​​អាជ្ញា​កណ្តាល​នេះ ​សហព័ន្ធ​មាន​គោល​​បំណង​ចង់​ពង្រឹង​សមត្ថភាព​អាជ្ញា​កណ្តាល​ថ្នាក់​ជាតិ​ឲ្យ​បាន​​រឹងមាំ​ និង​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ ​ហើយ​បន្ទាប់​មក​យើង​នឹង​ជំរុញ​ពួក​គាត់​ឲ្យ​បង្កើន​សមត្ថភាព​​ក្លាយ​ជា​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ទៅ​តាម​ភាព​ជាក់​ស្តែង​»។​

លោក​បាន​បន្ថែម​ថា​៖ «ការ​ជំរុញ​ឲ្យ​ក្លាយ​ជា​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ​នេះ​ គឺ​សហព័ន្ធ​ត្រៀម​ខ្លួន​​​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ៣២​ ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​អ៊ីចឹង​យើង​​ត្រូវ​ប្រើប្រាស់​ក្រុម​អាជ្ញាកណ្តាល​​កម្រិត​អន្តរជាតិ​របស់​កម្ពុជា​ឲ្យ​អស់​សមត្ថភាព​ និង​កាត់​បន្ថយ​អាជ្ញាកណ្តាល​អន្តរជាតិ ហើយ​​តាម​​ការ​សិក្សា​វគ្គ​នេះ ​សិក្ខាកាម​ទាំង ​២៥ ​នាក់​នេះ ​ទទួល​បាន​និទ្ទេស​ល្អ​រហូត​ដល់ ​៨០ ​ភាគរយ ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន​»​។

យ៉ាង​ណា​ក៏​ដោយ លោក​ គៀត​ ច័ន្ទថារិទ្ធ​ បាន​​បាន​ថ្លែង​ថា៖ «​សិក្ខាកាម​ ដែល​ជា​អាជ្ញា​កណ្តាល​កម្រិត​ជាតិ​ទំាង​អស់ ​ត្រូវ​ខិតខំ​ប្រឹង​ថែម​ទៀត​ ដើម្បី​ក្លាយជា​​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ ​ក្នុង​ការ​ជួយ​អភិឌ្ឍន​វិស័យ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​ ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ល្អ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ និង​ដណ្តើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ ខណៈ​ពេល​នេះ សហព័ន្ធ​​របស់​យើង​បាន​និង​កំពុង​តែ​សម្រិត​សម្រាំង ​និង​រៀបចំ​ខ្លួន​និង​គោរព​គោលការណ៍​ទៅ​តាម​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​អន្តរជាតិ​​ដែល​មាន​ស្តង់ដា​បច្ចេកទេស​ល្អ​ និង​មាន​ភាព​រីក​​រីក​ចម្រើន​ជា​វិជ្ជមាន»​៕