ភ្នំពេញៈ ក្រុម​ចំណូល​ថ្មី តែ​សម្បូរ​ដោយ​ធនធាន​កីឡាករ និង​ថវិកា វិសាខា ចង់​ពង្រីក​គោល​ដៅ​ឲ្យ​កាន់​តែ​ធំ ដើម្បី​ឆ្ពោះ​ទៅ​ប្រជែង​យក​តំណែង​ជើង​ឯក​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង ២ ជំនាន់​ក្រសួង​ការពារ​ជាតិ (ទ័ព) ២-០ កាល​ពី​ថ្ងៃ​សៅរ៍ ចំណែក​ក្រុម​ណាហ្គាវើល បាន​លត់​ក្រុម​សូល​ទីឡូអង្គរ ៤-១ ដើម្បី​បន្ត​ឈរ​នៅ​កំពូល​តារាង ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា បាន​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូង​ហើយ។

លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា មានការ​រីករាយ​ខ្លាំង​ចំពោះ​ការយក​ឈ្នះ​ក្រុម​ទ័ព ២-០ ដែល​រក​បាន​ដោយ​កីឡាករ​វ័យ ១៨ ឆ្នាំ សាន គឹមហេង នៅ​នាទី​ទី ៤៥ និង​ទី ៧៥ លើក​នេះ ព្រោះ​ការ​ប្រកួត​នេះ មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង ហើយ​ក្រុម​ទ័ព​ក៏មាន​ឱកាស​ដូចគ្នា តែ​ធ្វើ​មិន​បាន​សម្រេច។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​លោក ជីវ័ន ហាក់​មាន​រំពឹង ក្នុងការ​ជម្នះ​ភាព​លំបាក​បន្ថែម​ទៀត ដើម្បី​ស្វែងរក​លទ្ធផល​ឲ្យ​បាន​ល្អ​ជាង​ការ​ដាក់​គោល​ដៅ​របស់​ថ្នាក់​ដឹកនាំ ដោយ កំណត់​មិន​ឲ្យ​ក្រុម​វិសាខា ធ្លាក់​ផុត​ពី​ចំណាត់​ថ្នាក់​លេខ ៦។

លោក ហុក សុ​ជីវ័ន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ការដាក់​គោលដៅ វា​ជាការ​ចង់​បាន​របស់​ថ្នាក់​ដឹកនាំ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដែល​យើង​អាច​ឈាន​ទៅ​កម្រិត​ខ្ពស់ ហើយ​បើ​យើង​មាន​លទ្ធភាព​ក្នុងការ​ប្រជែង យើង​ត្រូវ​តែ​ប្រជែង​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ ការ​ឈ្នះ​ក្រុម​ទ័ព លើក​នេះ បាន​ជួយ​យើង​កុំ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​តំបន់​កំពូល​តារាង​ទាំង ៤ (Top 4)»។

យ៉ាងណាក៏ដោយ​គ្រូបង្វឹក​រូបនេះ នៅតែ​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ​ការ​ប្រជែង​យក​តំណែង​ជើងឯក។ លោក​បាន​និយាយ​ថា៖ «ការ​ឈ្នះ​ក្រុម​ទ័ព​នេះ វា​មិន​ទាន់​ធ្វើ​ឲ្យ​យើង​មាន​ភាគរយ​ខ្ពស់ ក្នុងការ​ប្រជែង​យក​តំណែង​ជើង​ឯក​នោះ​ទេ ព្រោះ​យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំងៗ​ច្រើន ទៀត សម្រាប់​ការ​ប្រកួត​ក្រោយៗ មាន​ទាំង​ក្រុម​ប៉ូលិស ណាហ្គាវើល បឹងកេត ស្វាយរៀង ហើយ​ក្រុម​សូល​ទីឡូអង្គរ ក៏​ខ្លាំង​ដែរ អ៊ីចឹង​អ្វីៗ យើង​មិន​អាច​និយាយ​មុន​បាន​នោះ​ទេ។ ដូច្នេះ​ពី ១ ប្រកួត​ទៅ ១ ប្រកួត យើង​ត្រូវ​ព្យាយាម​បង្កើន​សមត្ថភាព​រហូត»។

តាមរយៈ​ការយក​ឈ្នះ​ក្រុម​ទ័ព ២-០ លើក​នេះ​បាន​ជួយ​ឲ្យ​ក្រុម​វិសាខា នៅតែ​បន្ត​ឈរ​នៅ​តំបន់ Top 4 ដោយ​មាន ១៣ ពិន្ទុ។ រីឯ​ក្រុម​ម្ចាស់​ផ្ទះ​អាស៊ី​អឺរ៉ុប បាន​វាយ​បក​តាម​ស្មើ​ក្រុម​អង្គរ​ថាយហ្គឺរ ២-២ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ។

ចំណែក​ក្រុម​ណាហ្គា​វើ​ល បាន​បន្ត​យកឈ្នះ​ក្រុម​ចំណូល​ថ្មី សូល​ទីឡូអង្គរ ៤-១ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ។ សារី ម៉ាត់ណូរ៉ូទីន ដែល​ឯង​ទើប​ជា​ពីរ​បួស រក​បាន ៣ គ្រាប់​តែ​ម្នាក់ និង​បន្ថែម ១ គ្រាប់​ទៀត​ដោយ សុះ ស៊ូហាណា ឯ ១ គ្រាប់​របស់ សូលទីឡូអង្គរ រក​បាន​ដោយ Kento។ លទ្ធផល​នេះ​នៅ​តែ​ជួយ​ឲ្យ​ណាហ្គាវើល បន្ត​ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន មាន ១៦ ពិន្ទុ។

ជាមួយគ្នា​នោះដែរ ក្រុម​អគ្គិសនី​កម្ពុជា បាន​រកឃើញ​ការ​ឈ្នះ​ជា​លើកដំបូង​របស់​ខ្លួន​ហើយ បន្ទាប់​ពី​រូបគេ​បាន​យក​ឈ្នះ​ក្រុម​ឈរ​នៅ​បាត​តារាង វេស្ទើន ២-០ កាល​ពី​ថ្ងៃ​អាទិត្យ នោះ​ដែរ។ រីឯ​ក្រុម​មាន ១៣ ពិន្ទុ​ក្នុង​ដៃ​ស្រាប់ បឹងកេត បាន​យក​ឈ្នះ​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង ៣-១ ស្រប​ពេល​ក្រុម​ភ្នំពេញ​ក្រោន បាន​ឈ្នះ​ក្រុម​ប៉ូលិស ៤-០៕