ភ្នំពេញៈ ក្រុមវិសាខា ដែលកំពុងតែសម្រួចមហិច្ឆតាឆ្ពោះទៅដណ្តើមយកតំបន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ នោះនឹងត្រូវប្រឈមការប្រកួតដ៏តានតឹងមួយ ខណៈពួកគេត្រូវធ្វើដំណើរទៅជួបក្រុមក្រសួងការពារជាតិ (ទ័ព) នៅកីឡដ្ឋានស្តាតចាស់នាល្ងាចថ្ងៃសៅរ៍ ប៉ុន្តែណាហ្គាវើល និងព្រះខ័នរាជស្វាយរៀងក៏មិនរំពឹងទៅលើក្រុមទ័ពក្នុងការបង្អាក់ដំណើររបស់វិសាខានោះដែរ ព្រោះសប្តាហ៍នេះក្រុមទាំង ២ អាចនឹងរក ៣ ពិន្ទុបន្ថែម ដើម្បីការពារទីតាំងកំពូលរបស់ខ្លួន។
បើទោះបីជា ២ ប្រកួតចុងក្រោយនេះក្រុមទ័ពបានបង្ហាញឲ្យឃើញពីទម្រង់លេងថ្នាក់ចុះតាមរយៈការទទួលបានលទ្ធផលមិនសូវល្អ ប៉ុន្តែគ្រូបង្វឹកក្រុមវិសាខា លោក ហុក សុជីវ័ន បានជំរុញឲ្យកូនក្រុមរបស់លោកត្រូវប្រឹងប្រែងឲ្យបានទ្វេដង និងលេងដោយប្រយ័ត្នបំផុតចំពោះការវិលមកជួបក្រុមទ័ពលើកនេះ។
លោក ហុក សុជីវ័ន និយាយថា៖ «ក្រសួងការពារជាតិជាក្រុមមួយដែលខ្លាំងទាំងព្រម។ ទោះបីជាការប្រកួតកន្លងមក ក្រុមនេះមានការភ្លាត់ស្នៀត តែការប្រកួតធំៗ ក្រុមការពារជាតិតែងតែបង្ហាញការលេងមួយយ៉ាងល្អ ហេតុនេះយើងត្រូវប្រឹងប្រែងទ្វេដង និងប្រុងប្រយត្ន័ខ្ពស់សម្រាប់ការពារជាក្រុម»។
គួររំឭកថាសម្រាប់ការប្រកួតកាលពីសប្តាហ៍មុនក្រុមវិសាខាបានយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទី ៥-១ ដើម្បីបន្តឈរនៅលេខរៀងទី ៣ ដោយមាន ១៩ ពិន្ទុ។ ផ្ទុយពីនេះក្រុមទ័ពបានចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-១ ដ៏មិនគួរឲ្យចង់ជឿ។ បើតាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថាការចាញ់ ៤-១ នេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិដកទំនុកចិត្តពីលោក ភា សុភ័ក្ត្រា ដែលជាគ្រូបង្គោល ហើយការជួបក្រុមវិសាខាលើកនេះគឺលោក ទេព ឡុងរចនា ដែលជាអ្នកចាត់ការទូទៅអាចនឹងដឹកនាំក្រុមទ័ពជំនួសវិញ។
ជាមួយគ្នានេះខ្សែប្រយុទ្ធ Bisan George ដែលទើបបានទទួលកាតក្រហមពេលលេងជាមួយក្រុមគិរីវង់នោះក៏មិនអាចចូលរួមជួយក្រុមទ័ពលើកនេះផងដែរ។ តែទោះបីជាយ៉ាងណាលោក ហុក សុជីវ័ន នៅតែបង្ហាញការព្រួយបារម្ភ ដោយបានបញ្ជាក់ថា៖ «ខ្ញុំជឿថាការចាញ់របស់ការពារជាតិកាលពីសប្តាហ៍មុន ធ្វើឲ្យយើងរឹតតែមានការប្រុងប្រយត្ន័កាន់តែខ្លាំងគឺយើងមិនអាចធ្វេសប្រហែសបានឡើយ»។
ដោយឡែកក្រុមណាហ្គាវើលដែលទើបបានឡើងទៅឈរនៅកំពូលតារាង កាលពីសប្តាហ៍មុនដោយមាន ២១ ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៤-០ ដ៏គួរឲ្យភ្ញាក់ផ្អើលនោះនឹងលេងដោយគ្មានសម្ពាធ ដើម្បីរក្សាទីតាំងលេខ ១ របស់ខ្លួន ព្រោះលើកនេះ ណាហ្គាវើល ត្រូវជួបក្រុមខេត្តកំពង់ចាមដែលពួកគេនឹងអាចយកឈ្នះជាមួយគ្រាប់បាល់ច្រើនជាមិនខាន។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀងដែលទើបធ្លាក់មកឈរនៅលេខ ២ មាន ២០ ពិន្ទុក្រោយស្មើ ២-២ ជាមួយក្រុមបឹងកេតកាលពីសប្តាហ៍មុននោះក៏មានភាគរយខ្ពស់ក្នុងការដណ្តើមបាន ៣ ពិន្ទុពីក្រុមសាលាបាល់ទាត់ជាតិបាទី ផងដែរ ប៉ុន្តែបឹងកេតអាចនឹងតានតឹងក្នុងការប្រជែងយក ៣ ពិន្ទុពីក្រុមអាស៊ីអឺរ៉ុប ឯក្រុមប៉ូលិសកាន់តែមានសម្ពាធខ្លាំងពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តសៀមរាបដែលជាទីលាននាំភាពជោគជ័យសម្រាប់ក្រុមអង្គរថាយហ្គឺរ នោះ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-ទ័ព v វិសាខា នៅកីឡដ្ឋានស្តាតចាស់ ១៨:០០
-អាស៊ីអឺរ៉ុប v បឹងកេត កីឡដ្ឋានអេអ៊ីយូស្ពតផាក ១៥:៣០
-អង្គរថាយហ្គឺរ v ប៉ូលិស កីឡដ្ឋានខេត្តសៀមរាប ១៥:៣០
៤ប្រកួតនៅថ្ងៃអាទិត្យ
-ខេត្តកំពង់ចាម v ណាហ្គាវើល កីឡដ្ឋានស្តាតចាស់ ១៥:៣០
-សាលាបាល់ទាត់ជាតិ v ស្វាយរៀងនៅសាលាកីឡាបាល់ទាត់ជាតិបាទី ម៉ោង ១៥:៣០
-ភ្នំពេញក្រោន v គិរីវង់ កីឡដ្ឋាន RSN ម៉ោង ១៨:០០
-អគ្គិសនីកម្ពុជា v សូលទីឡូអង្គរ នៅកីឡដ្ឋានខេត្តសៀមរាបម៉ោង ១៥:៣០