ភ្នំពេញ: ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាមនៃសង្វៀនអាស៊ីអាគ្នេយ៍ជម្រុះជុំដំបូង កាលពីល្ងាចថ្ងៃអាទិត្យទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ បានបញ្ចប់ដោយកីឡាករកម្ពុជាឌុម កែវដា មកពីក្លិបមកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ និងកីឡាករវេង សុភ័ក្ត្រមកពីក្លិបទ័ពឆត្រយោង ៩១១ ត្រូវបានកាត់ក្តីឲ្យចាញ់កីឡាករថៃដូចគ្នា។ ប៉ុន្តែ សម្រាប់លទ្ធផលគូ វេង សុភ័ក្ត្រ និងកីឡាករថៃ Loom Leng ទទួលរងនូវការរិះគន់ពីភាពលម្អៀងរបស់ចៅក្រម ដែលហាក់បីដូចផ្តល់សំណាងឲ្យទៅលើកីឡាករថៃ។
លទ្ធផលនៃការប្រកួតចំនួន ៥ ទឹកពេញ គេសង្កេតឃើញថា មានការតស៊ូជាមួយគ្នាស្វិតស្វាញ ក្នុងនោះ វេង សុភ័ក្ត្រ មានប្រៀបបន្តិចបន្តួចដោយចេញស្នៀតទាត់ និងធាក់ចេញបានច្រើនជាង ខណៈដែលស្នៀតជង្គង់ និងកណ្តាប់ដៃប្រហាក់ប្រហែលគ្នា។ អ្នកទស្សនាភាគច្រើនគេមានទំនុកចិត្តមុនប្រកាសលទ្ធផលថា វេង សុភ័ក្ត្រ នឹងឈ្នះ ប៉ុន្តែលទ្ធផលជាក់ស្តែងបែរជាចាញ់ទៅវិញ។
ទោះជាយ៉ាងណា តាមរយៈលទ្ធផលផ្លូវការ គណៈកម្មការវិនិច្ឆ័យ បានប្រកាសឲ្យដឹងថា ក្នុងចំណោមចៅក្រមចំនួន ៥ នាក់ បានផ្តល់ពិន្ទុឲ្យកីឡាករថៃ Loom Leng ឈ្នះ ៤ នាក់ចំណែកកីឡាករ វេង សុភ័ក្ត្រ មានចៅក្រមតែម្នាក់គត់ឲ្យឈ្នះនោះ។ វេង សុភ័ក្ត្រ បាននិយាយក្រោយប្រកួតថា៖ «ការចាញ់របស់ខ្ញុំពិតជាមិនអស់ចិត្តសោះ ពីព្រោះខ្ញុំប្រឹងប្រែងខ្លាំង និងមានទំនុកចិត្តខ្ពស់ថាឈ្នះ ប៉ុន្តែលទ្ធផលបែរជាឲ្យចាញ់ទៅវិញគួរឲ្យសោកស្តាយ»។
ការប្រកួតមួយគូទៀតរវាងឌុម កែវដា និង Den Phichhith កីឡាករកម្ពុជា ចាញ់តែចំណុចរាប់ប៉ុណ្ណោះក្នុងទឹកទី ២ ក្រៅពីនេះមានប្រៀបជាងផងដែរ។ ក្នុងការស្វិតស្វាញចំនួន ៥ ទឹកពេញ ឌុម កែវដា មានប្រៀបទឹកទី ១ ទឹកទី ៣ និងទឹកទី ៤ ប៉ុន្តែនៅទឹកទី ២ Den Phichhith បានដាល់ចូលមុខពេញបណ្តាលឲ្យទ្រេតជំហរធ្វើឲ្យអាជ្ញាកណ្តាលឡុង វិបុល រាប់ចំនួន ៨ មួយលើក ហើយទឹកទី ៥ ថៃមានប្រៀបទៀតធ្វើឲ្យកែវដា ចាញ់ដោយអស់ចិត្ត៕