ភ្នំពេញ៖ ​អ្នក​ប្រដាល់ វេង ​សុភ័ក្រ ​របស់​​ក្លិប​កីឡា​ប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​រក​ឃើញ​ជ័យជម្នះ​សំខាន់​មួយ​ទៀត ដើម្បី​ក្រសោប​ប្រាក់​លាន​ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន នៃ​កម្មវិធី​ Mas Fight Cambodia នៅ​សង្វៀន​ថោន ទៅ​តាម​អ្វី​ដែល​រូប​គេ​បាន​រំពឹង​ទុក។

នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ វេង ​សុភ័ក្រ ​ចាប់​ឆ្នោត​ប៉ះ​ជើង​ថ្មី​ ​ផាន ​រះ ​​របស់​​ក្លិប​ជ្រៃ​សែន​ខេត្ត​កំពង់​ស្ពឺ ហើយ​តាមរយៈ​ការ​ប្រកួត​នោះ សុភ័ក្រ ​បាន​​ផ្តួល ផាន រះ ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​២ ​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​ការ​រំពឹង​ទុក​។

ផាន ​រះ ​ដែល​ប្រឹងប្រែង​ទប់ទល់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ តែ​មិន​អាច​ស៊ូ​ជា​មួយ វេង សុភ័ក្រ​បាន​គ្រប់​ទឹក​នោះ​ទេ ​គឺ​គេ​​សន្លប់​មិន​អាច​ងើប​រួច ​ដោយ​ស្នៀត​ទាត់​ និង​កែង​ពេញៗ​ ខណៈ​ដែល​អាជ្ញា​កណ្តាល​រាប់​ដល់​ចំនួន ​៨ ​នៅ​តែ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​។ ​ចំណែក​អ្នក​ប្រដាល់​ជើង​ចាស់ ​សេង ​ស្រឿន​ របស់​​ក្លិប​មហិទ្ធិរិទ្ធ​មេ​ស​រថ្ងក​ខេត្ត​ស្វាយរៀង​ បាន​យក​ឈ្នះ​ អ៊ុង​ កំសត់​ មក​ពី​ព្រែ​ទទឹង​ខេត្ត​បាត់ដំបង​​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​។

ចំណែក​ការ​​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ដែល​មាន​លក្ខណៈ​ជក់​ចិត្ត​នោះ ​វេង ​សុភ័ក្រ បាន​យក​​ឈ្នះ​ សេង​ ស្រឿន​ ក្នុង​លក្ខណៈ​តឹងតែង​សម្រាប់​ការ​ប្រកួត​ ​៣ ​ទឹក​​។ ​នៅ​ទឹក​ទី​១ ​វេង ​សុភ័ក្រ មាន​ប្រៀប​បន្តិច​បន្តួច​ លើ​ សេង ​ស្រឿន​ ហើយ​ទឹក​ទី​២​ ទំនង​ប្រទាញ​ប្រទង់​គ្នា​គួរ​សម ​ប៉ុន្តែ​ទឹក​ទី​៣​ វេង ​សុភ័ក្រ ​មាន​ប្រៀប​ផ្នែក​ជង្គង់​ និង​កែង ​ព្រម​ទាំង​បង្ខំ​ឲ្យ​ សេង ​ស្រឿន​ ដួល​ជា​ច្រើន​លើក​។​លទ្ធផល​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ លើ​ សេង ​ស្រឿន​ បាន​ជួយ​ឲ្យ វេង សុភ័ក្រ ក្លាយ​ជា​ម្ចាស់​ជើងឯក ជាមួយ​ប្រាក់​រង្វាន់​ ៣,៤ ​លាន​រៀល ហើយ​ក៏​ជា​ការ​ឈ្នះ​ប្រាក់​លាន លើក​ទី​២ ​ផង​ដែរ ចំពោះ សុភ័ក្រ ​ខណៈ​ សេង​ ស្រឿន​ ​បាន​តែ ​១,៨ លាន​រៀល​ទេ។​

ក្រោយ​ពេល​ប្រកួត ​វេង​ សុភ័ក្រ បាន​និយាយ​ថា៖ ​«​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ​ប្រាក់​នេះ ​តាំង​ពី​មុន​ប្រកួត​ម្ល៉េះ​ ​ព្រោះ​ខ្ញុំ​ប្រឹង​ហាត់​ ព្រម​ទាំង​រក្សា​​សុខភាព​បាន​ល្អ ​និង​ស្តាប់​តាម​ការ​ណែនាំ​របស់​លោក​គ្រូ​ពី​របៀប​វ៉ៃ​ ដោយ​នៅ​ក្នុង​ទឹក​ទី​១ ​ខ្ញុំ​នៅ​បារម្ភ​ ​ដោយសារ​ជង្គង់​របស់ ​សេង ​ស្រឿន​ វ៉ៃ​ល្អ​ដែរ ​ប៉ុន្តែ​ចាប់​ពី​ទឹក​ទី​២ ​មក ​ខ្ញុំ​ប្រើ​ស្នៀត​កែង​ចូល​គោលដៅ​បាន​ល្អ​ធ្វើ​ឲ្យ​គាត់​ខ្លាច​ញញើត​ មិន​សូវ​ហ៊ាន​ចូល​កៀក​សម្រុក​ខ្លាំង​មក​លើ​ខ្ញុំ ​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ឱកាស ​វាយ​សម្រុក​បន្ថែម​ក្នុង​ជំនឿ​ចិត្ត​ខ្ពស់»​។​

ចំណែក​លោក​ ជួប ​វុត្ថា ​អ្នក​គ្រប់គ្រង​កីឡាករ​ប្រកួត​ប្រចាំ​នៅ​​សង្វៀន​ថោន​បាន​និយាយ​ថា​៖« ​វេង ​សុភ័ក្រ ​វ៉ៃ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​របស់​គេ​ ហើយ​លទ្ធផល​ប្រកួត​របស់​គេ​ឈ្នះ​ពិន្ទុ​ដាច់​ដោយ​ភាគី​ចាញ់​គ្មាន​រង្គាស​ចិត្ត​​តវ៉ា​អ្វី​នោះ​ឡើយ​ ហើយ​​​តាម​កំណត់ត្រា​ប្រកួត​នៅ​សង្វៀន​ថោន​នេះ ​វេង ​សុភ័ក្រ ​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​នេះ​ម្តង​រួច​ហើយ​ សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ ដោយ​កាល​នោះ គេ​ទទួល​បាន​ប្រាក់​​ ៥ លាន​រៀល​​ ហើយ​លើក​នេះ​គេ​ដំឡើង​ទម្ងន់​មក​វ៉ៃ ​៦៣​,៥ ​គីឡូក្រាម ​បាន​ឈ្នះ​​ម្តង​ទៀត»​។

ជាមួយ​គ្នា​នេះ មាន​ការ​​ប្រកួត​លក្ខណៈ​​ Mas Fight ​១ ​គូ​ទៀត​ ដែល​មាន​ការ​ប្រកួត​ជក់​ចិត្ត​ខ្លាំង គឺ​​កីឡាករ​ជើង​ខ្លាំង​ទើប​ល្បី​ឈ្មោះ ​រិន ​សារដ្ឋ ​មក​ពី​ក្លិប​ទ័ព​ជើង​ទឹក បាន​​ផ្តួល​កីឡាករ​ជើង​ចាស់​បាត់​មុខ​យូរ​​ និង​ទើប​ប្តូរ​ក្លិប​មក​នៅ​ក្លិប​នាគ​រាជ​ចតុមុខ សំអាង​ ឌុន​ ​ឲ្យ​សន្លប់ ​ដើម្បី​យក​ប្រាក់​ ១ លាន​ ៦ ​សែន​រៀល​ បន្ថែម​ពី​លើ​ប្រាក់​តម្លៃ​ខ្លួន​៕​​