ភ្នំពេញៈ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ឆឹង ​យ៉ៅយ៉េន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​ និង​ជា​អនុ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ នៃ​ការ​ប្រកួត​ប្រដាល់​រៀងរាល់​ចុង​សប្តាហ៍​ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ឯកជន​​ ខណៈ​អ្នក​គ្រប់គ្រង​សង្វៀន​ខ្លះ នៅ​តែ​ផ្គូផ្គង​កីឡាករ​ទើប​ចាញ់​ដោយ​សន្លប់ និង​ត្រូវ​បាន​សុំ​ឲ្យ​សម្រាក​​មួយ​រយៈ​ពេល​ដោយ​គ្រូ​ពេទ្យ​ជំនាញ មិន​ឲ្យ​ឡើង​ប្រកួត​ទៀត​។

លោក ​ឆឹង ​យ៉ៅយ៉េន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ពុធ​​ថា​៖ «​បើ​មន្ត្រី​បច្ចេកទេស​ គ្រូ​បង្វឹក​ ឬ​កីឡាករ​ខ្លួន​ឯង​ផ្ទាល់ ​មិន​ស្តាប់​គ្រូ​ពេទ្យ​ទេ​ គឺ​បញ្ហា​ប្រឈម​ផ្នែក​​សុខភាព​ប្រឈម នឹង​កើត​មាន​ឡើង​សម្រាប់​ពួក​គាត់ ​នៅ​​ថ្ងៃ​អនាគត ​ហេតុ​នេះ​​​យើង​ទាមទារ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពេទ្យ​ ដែល​មាន​ជំនាញ​សិក្សា​រៀន​សូត្រ​ច្រើន​ឆ្នាំ»​។​

កាល​ពី​ថ្ងៃ​ចន្ទ ​ដើម​សប្តាហ៍​នេះ វង្ស ​ណយ​ ដែល​រង​របួស​ដោយ​​សន្លប់​ត្រឹម​ទឹក​ទី​១ ​នោះ ​ត្រូវ​បាន​លោក ឆឹង ​យ៉ៅយ៉េន​ ​ចេញ​លិខិត​ទៅ​គណៈកម្មការ​ផ្គូរផ្គង ​និង​មន្ត្រី​បច្ចេកទេស​ទាំង​អស់​គ្រប់​សង្វៀន ​សុំ​ផ្អាក​​ចាប់​គូ​គាត់​មួយរយៈ​សិន ដើម្បី​ឲ្យ​ វង្ស ណយ ​បាន​សម្រាក​សម្រួល​សុខភាព​​ ប៉ុន្តែ​ហាក់​​គ្មាន​ប្រសិទ្ធភាព​ ​ព្រោះ​មន្ត្រី​កាន់​កម្មវិធី​ប្រដាល់​ប្រចាំ​សប្តាហ៍​របស់​សហព័ន្ធ​​ថា ​​ នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ វង្ស ណយ មាន​ឈ្មោះ​ប្រកួត​ជា​មួយ​ថៃ Kwan Chai Petchnioth ក្នុង​ទម្ងន់ ​៧៣ ​គីឡូក្រាម ​ក្នុង​កម្មវិធី ​Carabao របស់​ស្ទូឌីយោ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​។​

ទាក់ទង​នឹង​ករណី​នេះ លោក​ ឆឹង ​យ៉ៅយ៉េន ​បាន​បន្ត​ថា​៖ «កីឡាករ ​វង្ស​ ណយ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៧ ​ខែ ​សីហា​ ​បាន​សន្លប់​ធំ ​ដោយ​ស្នៀត​ទាត់​ផ្កាប់​ចាន​របស់​កីឡាករ​ថៃ Kwan Ek ​​ក្នុង​ទឹក​ទី​១ ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ ​ខ្ញុំ​បាន​ស្នើ​ឲ្យ​ផ្អាក​ការ​ប្រកួត​មួយ​រយៈ​ ​ឬ ​២ សប្តាហ៍​សិន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​តាម​ដាន ​ប៉ុន្តែ​ វង្ស ​ណយ​ នៅ​តែ​​បន្ត​មាន​ប្រកួត​នៅ​សង្វៀន​បាយ័ន​​ថ្ងៃ​អាទិត្យ​នេះ​ទៀត​»។

លោក យ៉ៅយ៉េន បាន​និយាយ​សង្កត់​ធ្ងន់​ថា៖ «បើ​ប្រកួត​ទៅ​សុខ​សប្បាយ​មិន​អី​ទេ ​ប៉ុន្តែ​​បើ​ទទួល​រង​ការ​សន្លប់ ​របួស​ធ្ងន់ ​ឬ​គ្រោះថ្នាក់​ណា​មួយ​ជាយថាហេតុ​នោះ ​កុំ​ថា​ពេទ្យ​មិន​បាន​ប្រាប់​​ ​ព្រោះ​អស់​លោក​គិត​លុយ​ជា​ធំ​មិន​គិត​ពី​សុខភាព​»​។​

ចំណែក​លោក ​ជឹម ​ផល្លា​ គ្រូពេទ្យ​ក្រុម​ជម្រើស​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ពេទ្យ​ ប្រចាំ​តាម​សង្វៀន​ប្រដាល់ ​បាន​និយាយ​ថា​៖ ​«ខ្ញុំ​បាន​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ឆឹង ​យ៉ៅយ៉េន​ រួច​ហើយ ​ប៉ុន្តែ​មាន​សង្វៀន​ខ្លះ​គេ​គោរព​តាម ​និង​មាន​សង្វៀន​ខ្លះ ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូពេទ្យ​ទេ​ ​ហើយ​ជំនាញ​គ្រូពេទ្យ​ បើ​គេ​មិន​ស្តាប់​ មិន​ធ្វើ​តាម​ទេ ​យើង​ក៏​គ្មាន​សិទ្ធិ​ទៅ​ចាប់​បង្ខំ​គេ​ដែរ ​គឺ​ទៅ​តាម​ដំណើរ​ទៅ»​។

លោក​បន្ត​ថា​៖ «​កន្លង​មក​ គ្រូ​ពេទ្យ ​តែងតែ​រំឭក​ថា ​កីឡាករ​មុន​ប្រកួត ​ត្រូវ​តែ​ថ្លឹង ​ពិនិត្យ​សុខភាព​សិន ​ហើយ​មាន​ស្នាម​កោស​ខ្យល់ ​ក្តៅ​ខ្លួន​ ​មុខ​មាត់​ស្លេកស្លាំង ​សម្ពាធ​ឈាម ​ឬ​ចង្វាក់​បេះ​ដូង​មិន​ល្អ​ ឬ​ទើប​តែ​សន្លប់ ​កាល​ពី​សប្តាហ៍​មុន​ យើង​មិន​ឲ្យ​​ប្រកួត​ទេ ​ប៉ុន្តែ​សង្វៀន​ខ្លះ​គេ​ខ្លាច​ខូច​កម្មវិធី​ តែងតែ​ឲ្យ​គ្រូ​ពេទ្យ​យោគយល់​ និង​អនុគ្រោះ​ដែល​បញ្ហា​នេះ​គ្រូពេទ្យ​ចាំ​តែ​ខុស​ប៉ុណ្ណោះ»​​។​

មន្ត្រី​ជាន់​ខ្ពស់​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ថា៖ ​«​តាម​ពិត​​មន្ត្រី​សហព័ន្ធ​ មាន​សិទ្ធិ​តិច​បំផុត ​ក្នុង​ការ​គ្រប់គ្រង​ផ្គូរផ្គង​កីឡាករ​ប្រកួត​ ​ព្រោះ​មន្ត្រី​នៅ​ខាង​ម្ចាស់​សង្វៀន​ប្រដាល់​នីមួយៗ​ គេ​មិន​សូវ​ខ្លាច​ ឬ​ស្តាប់​តាម​ការ​ឲ្យ​យោបល់​ ឬ​ជំនាញ​ពី​សហព័ន្ធ​ ឬ​គ្រូពេទ្យ​នោះ​ឡើយ​។ ​បើ​និយាយ​ឲ្យ​ចំ​ទៅ មន្រ្តី​របស់​​យើង ​ធ្វើ​ការ​ឲ្យ​គេ​យក​កម្រៃ​ពលកម្ម ​ហើយ​ការ​ប្រកួត​ប្រជែង​ពេល​ខ្លះ​របស់​សង្វៀន​នីមួយៗ ​គ្មាន​តម្លាភាព ​និង​មិន​ស្មើភាព ​ខណៈ​ដែល​សហព័ន្ធ​មិន​មែន​ជា​អ្នក​គ្រប់គ្រង​រឿង​លុយ​កាក់​នោះ​ឡើយ​»៕​​