ភ្នំពេញៈ កីឡាករកម្ពុជា វ៉ាន់ វឿន របស់ក្លិបឃ្លាំងមឿងបានកំណត់ទិសដៅធ្វើយ៉ាងណាផ្តួលកីឡាករថៃ Banda Sak ឲ្យសន្លប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់ការប្រកួតខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦០ គីឡូក្រាម វគ្គជម្រុះសន្សុំពិន្ទុលើកចុងក្រោយរបស់គេនៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ដើម្បីប្រជែងយកកៅអីវគ្គផ្តាច់ព្រ័ត្រជាមួយ លាភ រដ្ឋា ដែលកំពុងតែមានប្រៀប។
តាមលទ្ធផលប្រកួតវគ្គជម្រុះសន្សំពិន្ទុចំនួន ៧ សប្តាហ៍កន្លងមកនេះគឺមានតែ លាភ រដ្ឋា និង វ៉ាន់ វឿន ទេ ដែលមានភាគរយខ្ពស់ក្នុងការប្រជែងគ្នាឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ តំណាងឲ្យអ្នកបានលេខ ១ ប្រចាំពូលកម្ពុជា ខណៈពេលនេះអ្នកទាំង ២ បានឈ្នះទាំង ៣ ប្រកួតដូចគ្នា តែ លាភ រដ្ឋា កំពុងមានប្រៀប ព្រោះបានផ្តួលគូប្រកួតឲ្យសន្លប់ក្នុងថិរវេលាខ្លីជាង។ ចំណែក ធន់ មករា និង សេន កុសល ក៏មាន ៩ ពិន្ទុដែរ តែមានលំដាប់នៅក្រោម។
នៅពេលនេះ វ៉ាន់ វឿន កំពុងហ្វឹកហាត់ខ្លាំងណាស់ដើម្បីផ្តួលថៃ Banda Sak ឲ្យសន្លប់ទើបគេនៅមានឱកាសចាំអ៊ុតមើលការប្រកួតចុងក្រោយរបស់ លាភ រដ្ឋា។ វ៉ាន់ វឿន បានប្រាប់ថា៖ «ការប្រកួតវគ្គចុងក្រោយនេះខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះដៃគូរបស់ខ្ញុំ Banda Sak មានកម្លាំងរឹងមាំ និងស៊ូបានល្អ។ បញ្ហាយកឈ្នះត្រឹមពិន្ទុ ខ្ញុំរំពឹងថាឈ្នះ ប៉ុន្តែការវាយឲ្យសន្លប់គឺជាការលំបាកបំផុត»។
កីឡាករធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេមរូបនេះបន្ថែមថា៖ «ខ្ញុំមានការព្រួយបារម្ភ ព្រោះការប្រកួតប្រជែងនេះផ្តល់ភាពមិនយុត្តិធម៌គ្រប់ជ្រុងជ្រោយ។ កាលប្រកួតជម្រុះជុំទី ៣ កាលពីថ្ងៃ ទី ១៦ ខែកុម្ភៈ ខ្ញុំបានផ្តួលកីឡាករថៃឲ្យសន្លប់ទឹកទី ៣ ប៉ុន្តែទទួលលទ្ធផលគិតបានត្រឹមឈ្នះពិន្ទុទេ ព្រោះកីឡាករថៃម្នាក់នោះមកជំនួស អ៊ីចឹងគេចាត់ទុកការប្រកួតនោះត្រឹមជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ»។
កីឡាករថៃ Banda Sak ធ្លាប់ប្រកួតបាន ៦០ ដងឈ្នះ ៤៨ និងចាញ់ ១២ ដង ចំណែកកីឡាករ វ៉ាន់ វឿន ធ្លាប់ប្រកួតបានចំនួន ៧០ ដង ឈ្នះ ៥៦ ចាញ់ ១២ និងស្មើ ២ ដង។
ទាក់ទងនឹងការប្រកួតជម្រុះដែលមានកីឡាករថៃអវត្តមាន ហើយលទ្ធផលបានប៉ះពាល់ការបូកពិន្ទុរបស់កីឡាករកម្ពុជាក្នុងការផ្ទៀងផ្ទាត់រកអ្នកលេខ ១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រនេះ វាជាការទទួលខុសត្រូវរួមរបស់គណៈកម្មការផ្គូផ្គង និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
នៅក្នុងសំណួរថា តើការអវត្តមានរបស់កីឡាករថៃជាកំហុសអ្នកណា? លោក ញាន សុធី នាយកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ថា៖ «មានករណីខ្លះយើងបានជួបការលំបាក ព្រោះកីឡាករក្រោយប្រកួតមានរបួស ឬឈឺខ្លួន មិនអាចប្រកួតបានត្រូវតែខកខានប្រកួតគឺពិតជាចៀសមិនផុតទេ។ នៅសង្វៀនណាក៏ធ្លាប់បានជួបវិបត្តិបែបនេះដែរ ហើយយើងអាចរៀបចំការប្រកួតលក្ខណៈអន្តរជាតិធម្មតាជំនួសវិញ ដោយកីឡាករដែលមានវត្តមានបានប្រកួតគិតត្រឹមឈ្នះបាន ៣ ពិន្ទុ ទោះជាបានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកណាក៏ដោយ។ នេះជាច្បាប់ប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ»។
ដោយឡែក សេន កុសល មកពីក្លិបមោងឫស្សីមរតកគុនខ្មែរត្រូវដាក់ឲ្យប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយថៃ Roung Sayam ខណៈបេក្ខភាពរបស់ថៃ បានអវត្តមានហេតុនេះ សេន កុសល ទទួលបានឈ្នះ ៣ ពិន្ទុជាស្រេច។ បើទោះជាយ៉ាងណា សេនកុសល ទទួលបាន ៣ ពិន្ទុដើម្បីមាន ១២ ពិន្ទុពេញ ប៉ុន្តែគេពុំអាចមានលទ្ធផលទៅប្រៀបជាមួយមិត្តរួមជាតិ ៣ នាក់ទៀតបានទេ។
យ៉ាងណាក៏ដោយ សេន កុសល ដែលធ្លាប់ ៦៤ ដង ឈ្នះ ៥០ ចាញ់ ១២ និង ស្មើ ២ ដងថានឹងវ៉ៃអស់សមត្ថភាពពេលប៉ះ Roung Sayam ដែលធ្លាប់ប្រកួត ៧១ ដង ឈ្នះ ៥៨ និងចាញ់ ១៣ ដង។ សេន កុសល ប្រាប់ថា៖ «ការប្រកួតនេះ ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ហើយខ្ញុំរំពឹងឈ្នះ ៩០ ភាគរយ»៕