ភ្នំពេញៈ កីឡាករ​កម្ពុជា វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​យក​ឈ្នះ​ថៃ Yorth Vandy ទាំង​ប្រផិតប្រផើយ​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន SEATV ប៉ុន្តែ សារឿន ច័ន្ទ របស់​ក្លិប​តាព្រហ្ម​មានជ័យ​ត្រូវ​បាន​ថៃ​ចំណូល​ថ្មី Yorth Chakphat វ៉ៃ​ឲ្យ​សន្លប់​ធំ ត្រឹម​ទឹក​ទី​ ១ ហើយ​ការ​ចាញ់​យ៉ាង​ផុយ​ស្រួច​នេះ វា​បាន​បង្ហាញ​ថា​សមត្ថភាព​របស់ សារឿន ច័ន្ទ មិន​ទាន់​មាន​លទ្ធភាព​ស្តារ​មុខមាត់​ជា​អ្នក​ប្រដាល់​ខ្លាំង​លំដាប់​ជួរមុខ​ដូច​មុនៗ​បាន​នោះឡើយ​។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​អាទិត្យ​នោះ វ៉ាន់ វឿន និង Yorth Vandy បាន​ធ្វើការ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ និង​ជក់ចិត្ត​ចំនួន​ ៥ ​ទឹក​ពេញ ហើយ វ៉ាន់ វឿន វាយ​ចេញ​បាន​ពិន្ទុ​មាន​ប្រៀប​ត្រឹម​ ៣ ​ទឹក​ដំបូង​ប៉ុណ្ណោះ ប៉ុន្តែ​ការប្រកួត​ដែល​អូសបន្លាយ​ដល់​ទឹក​ទី​ ៤ និង​ទឹក​ទី​ ៥ Yorth Vandy មាន​ប្រៀប​វិញ​ម្តង ខណៈ​ដែល​ក្បាច់​ទាត់ និង​ជង្គង់​របស់​គេ​បាន​បោះ​ចូល​គោលដៅ​ល្អ​ និង​រារាំង​ដោយ​ស្នៀត​ការពារ​បាន​ល្អ​ផងដែរ​។ ទោះ​ជា​យ៉ាងណា​លទ្ធផល​ផ្លូវការ​ពី​ចៅក្រម​ទាំង​ ៥ និង​គណៈកម្មការ​វិនិច្ឆ័យ​បាន​ប្រគល់​ជ័យជម្នះ​ឲ្យ វ៉ាន់ វឿន ឈ្នះ​ត្រឹម​ពិន្ទុ​ប្រផិតប្រផើយ​។

វ៉ាន់ វឿន បាន​និយាយ​ក្រោយ​ពេល​ប្រកួត​ថា​៖ « Yorth Vandy លំបាក​ប្រកួត​ណាស់ ព្រោះ​កណ្តាប់ ដៃ និង​ស្នៀត​ជង្គង់​របស់​គេ​រហ័ស​លំបាក​គេច​។ បន្ថែម​លើស​ពី​នេះ​កាល​ផ្លាស់​ទី​លឿន និង​វាយបក​លឿន​ធ្វើឲ្យ​ពិបាក​ប្រកួត​។ ប៉ុន្តែ​ក្នុងជំនួប​ប្រកួត​នេះ ខ្ញុំ​នៅ​តែ​មាន​ទំនុកចិត្ត​ឈ្នះ​ជានិច្ច គឺ​តាំងពី​មុន​បញ្ចប់​ទឹក​ទី​ ៥ ​ម្ល៉េះ ព្រោះ​ការប្រកួត​ ៣ ​ទឹក​ដំបូង ខ្ញុំ​វាយ​សន្សំ​ពិន្ទុ​បាន​ច្រើន និង​មាន​ប្រៀប​ជាង​»​។

ចំណែក​កីឡាករ សារឿន ច័ន្ទ ដែល​ហ្វឹកហាត់​ត្រៀម​ប្រកួត​ចង់​ស្តារ​ភាព​ខ្លាំង​មកវិញ​នោះ​នៅ​តែ​មិនទាន់​អាច​ទៅ​រួច​ដោយ​លទ្ធផល​ប្រកួត​ចាញ់​របស់ សារឿន ច័ន្ទ មួយរយៈ​នេះ​មិន​ទាន់​អាច​ស្តារ​មុខមាត់​បាន​គឺ​ភាគច្រើន​ចាញ់ ដោយ​សន្លប់​មិន​អាច​បាន​ ៥ ​ទឹក​នៅ​ឡើយ ហើយ​លើក​នេះ​ សារឿន ច័ន្ទ ត្រូវ​បាន​កីឡាករ​ថៃ Yorth Chakphat ដែល​ទើប​តែ​មក​ប្រកួត​នៅ​ខ្មែរ​លើក​ដំបូង​បោះ​ជង្គង់​ចូល​បណ្តាល​ឲ្យ​សន្លប់​ធំ ងើប​លែង​រួច​នៅ​ទឹក​ទី​ ១ ​តែ​ម្តង​។

សារឿន ច័ន្ទ បាន​និយាយ​ថា​៖​ «​សព្វថ្ងៃ​ខ្ញុំ​មាន​ប្រពន្ធ និង​កូន ហើយ​បញ្ហា​ដែល​ប្រកួត​ធ្លាក់​ចុះ​ជាង​មុន​នេះ​មកពី​កម្លាំង​ខ្ញុំ​ខ្សោយ​ជាង​មុន ឯ​បច្ចេកទេស​នៅ​ល្អ​ដូច​មុន ប៉ុន្តែ​ការសន្លប់​យ៉ាង​លឿន​ក្នុង​ទឹក​ទី​ ១ ​នេះ​ដោយសារ​ខ្ញុំ​ទទួលរង​នូវ​ជង្គង់​ឆ្វេង​របស់ Yorth Chakphat ចូល​ពោះ​ទឹក​ស្តាំ​របស់​ខ្ញុំ​គឺ​ចុក​មិន​អាច​ងើប​រួច​»​។

គួររំឭក​ថា សារឿន ច័ន្ទ ធ្លាប់​យក​ឈ្នះ រឿង សោភ័ណ្ឌ កាល​នៅ​ទម្ងន់​ ៥៧ ​គីឡូក្រាម ដើម្បី​ទទួល​បាន​ខ្សែក្រវាត់​គឺ​កីឡាករ​ក្នុង​ស្រុក​ខ្មែរ​សឹង​តែ​រក​គូប្រកួត​ជាមួយ សារឿន ច័ន្ទ មិន​បាន ប៉ុន្តែ​បច្ចុប្បន្ន​គេ​បាន​ធ្លាក់ចុះ​ច្រើន​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​នៅ SEATV បាន​និយាយ​ថា​៖ «​សារឿន ច័ន្ទ ពិតជា​សន្លប់​ធំ​មែន​គឺ​អស់​លទ្ធភាព​តបត​ជាមួយ​ដៃគូ​។ សមត្ថភាព​ក្បាច់គុន​ល្អ ប៉ុន្តែ​កម្លាំង​របស់​គេ​ធ្លាក់ចុះ​ជាង​មុនៗ ហើយ​ការប្រកួត​ងាយ​នឹង​សន្លប់​បែប​នេះ​គឺជា​ក្តីបារម្ភ​មួយ​ក្នុង​ការផ្គូផ្គង​ជាមួយ​កីឡាករ​មកពី​បរទេស​លើក​ក្រោយៗ​។ ហេតុ​នេះ សារឿន ច័ន្ទ គួរតែ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​បំប៉ន​កម្លាំង​ឲ្យ​បាន​ល្អ​ ប្រកួត​ឈ្នះ​កីឡាករ​ខ្មែរ​គ្នាឯង​សិន ទើប​មាន​ឱកាស​បាន​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ទៀត​»៕