ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ជុំ​ដំបូង​នៃ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៥៧​ ​គីឡូក្រាម​លក្ខណៈ​អន្តរជាតិ​នៅ​សង្វៀន​ប្រដាល់​អាស៊ី​អាគ្នេយ៍​កីឡាករ​កម្ពុជា​ ២ ​រូប​រួមមាន វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់ និង​ ម៉ន សាម៉េត មកពី​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិទ្ធ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​សុទ្ធសឹង​ដណ្តើម​បាន​ជ័យជម្នះ​លើ​កីឡាករ​ថៃ​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​ម្នាក់​ ៣ ​ពិន្ទុ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​មករា ឆ្នាំ​ ២០១៩​។

កីឡាករ​ វ៉ាន់ វឿន មាន​ប្រៀប​ផ្នែក​ក្បាច់​ជង្គង់​បាន​ល្អ និង​បាន​ផ្តួល​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​ ៣ ​ប៉ុណ្ណោះ​។ កីឡាករ​ថៃ Deuk Ken មាន​កម្លាំង​ល្អ និង​ជំហរ​រឹងមាំ ប៉ុន្តែ​ក្នុង​ពេល​ការប្រកួត​បាន​ឈាន​ចូល​មក​ដល់​ទឹក​ទី​ ២ ការប្រើ​ស្នៀត​ចាប់​ឱប​របស់​ វ៉ាន់ វឿន ធ្វើឲ្យ​គេ​ទទួល​បាន​ឱកាស​ល្អ​ក្នុង​ការឡើង​ក្បាច់​ជង្គង់​ចូល​ទ្រូង​ផ្ទួនៗ​ដែល​នាំ​ឲ្យ​កម្លាំង​កីឡាករ​ថៃ​ស្រុតចុះ និង​បាន​ដួល​តែម្តង​។

ភ្លាមៗ​នោះ​អាជ្ញាកណ្តាល​លោក​ ឡុង ស៊ីលីន បាន​ចាប់​កីឡាករ​ថៃ​រាប់​ចំនួន​ ៨ ​ដល់​ទៅ​ ២ ​លើក​ទើប​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​ ២ ដើម្បី​សង្គ្រោះ​ផុត​ពី​ការសន្លប់​។ ប៉ុន្តែ​ក្នុង​ទឹក​ទី​ ៣ វ៉ាន់ វឿន ហាក់​ដូចជា​មិន​បណ្តោយ​ឲ្យ​ឱកាស​មាស​ធ្លាក់​ចេញពី​ដៃ​ទេ ដោយ​រូបគេ​បាន​ចូល​វាយ​សម្រុក​បន្ថែម​គ្មាន​បន្ធូរដៃ​តាមរយៈ​ការប្រើ​ស្នៀត​ជង្គង់​បាន​ល្អ​បោះ​ចូល​ទ្រូង និង​ពោះ​របស់​កីឡាករ​ថៃ Deuk Ken ដើម្បី​នាំ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​ ២ ​លើក​ទៀត​មុន​នឹង​បញ្ឈប់​ការប្រកួត​តែម្តង​។

ដោយឡែក​កីឡាករ ​ម៉ន សាម៉េត ដែល​ត្រៀម​ខ្លួន​បាន​ល្អ​នោះ​បាន​គ្រប់គ្រង​ស្ថានភាព​ប្រកួត​របស់​ខ្លួន​គ្រប់​ទឹក​ទាំងអស់​នៅពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ​ថៃ Yort Vandy ដើម្បី​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។

ក្រោយពី​ការប្រកួត​កីឡាករ​ ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​ជ័យជម្នះ​នេះ ខ្ញុំ​ប្រឹង​ណាស់ ហើយ​ខ្ញុំ​ចេញ​ស្នៀត​មួយ​ចំនួន​ដើម្បី​វាយយក​ពិន្ទុ ប៉ុន្តែ​គ្មាន​មហិច្ឆតា​ចង់វាយ​ឲ្យ​កីឡាករ​ថៃ​សន្លប់​នោះ​ទេ​។

ម៉ន សាម៉េត បាន​ប្រាប់​បន្ថែម​ទៀត​ថា​៖ «​ជ័យជម្នះ​ក្នុង​ជុំ​ទី​ ១ ​នេះ​ខ្ញុំ​មិន​ទាន់​ស្ងប់ចិត្ត​នោះ​ទេ ពីព្រោះ​ខ្ញុំ​ឈ្នះ​ថៃ​ត្រឹម​ពិន្ទុ ហើយ​កីឡាករ​ វ៉ាន់ វឿន នៅក្នុង​ពូល​ជាមួយ​ខ្ញុំ​បាន​ផ្តួល​ដៃ​ក្នុង​ទឹក​ទី​ ៣ ហេតុ​នេះ​ខ្ញុំ​ឈរ​នៅ​លំដាប់​ក្រោម​គេ​នៅ​ឡើយ ប៉ុន្តែ​នៅសល់​ការប្រកួត​ចំនួន​​ ៣ ​លើក​ខាង​មុខ​ទៀត ខ្ញុំ​មិន​ទាន់​អស់សង្ឃឹម​នោះ​ទេ​»​។

តាម​រូបមន្ត​ប្រកួត​ក្នុង​អំឡុង​វគ្គ​ជម្រុះ​ខ្សែក្រវាត់​នេះ ពូល​នីមួយៗ​ទាំង​ពូល​កីឡាករ​ថៃ និង​ពូល​កីឡាករ​កម្ពុជា​នឹង​ជ្រើស​យក​តែ​កីឡាករ​ម្នាក់​គត់​ដើម្បី​យក​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ខ្សែក្រវាត់ និង​ទឹកប្រាក់​តែ​ម្តង​ដោយ​គ្មាន​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​ចំណាត់ថ្នាក់​លេខ​ ៣ និង​លេខ​ ៤ ​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ​តាមរយៈ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​ ១ កីឡាករ​ វ៉ាន់ វឿន និង​ ម៉ន សាម៉េត ឈ្នះ​ថៃ​បាន​ ៣ ​ពិន្ទុ​វគ្គ​ដំបូង ខណៈ​ដែល​កីឡាករ​ថៃ​ទាំង​ ២ ​នាក់​បាន​ចាញ់​ទទួល​បាន​ត្រឹម​ ១ ​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​៕