
កីឡាករកម្ពុជា វ៉ាន់ វឿន រំពឹងយកឈ្នះថៃ Yorth Vandy ដើម្បីទទួលបាន៣ពិន្ទុបន្ថែម ក្នុងការប្រកួតជម្រុះសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវ។ រូប សហការី
ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន របស់ក្លិបឃ្លាំងមឿងកីឡា ត្រូវវិលមកជួបថៃ Yorth Vandy ដើម្បីប្រជែងគ្នាយក ៣ ពិន្ទុបន្ថែម ក្នុងជុំបទី ២ ចំណែក សេន កុសល ដែលទើបធ្លាក់ពីវគ្គជម្រុះដណ្តើមពាននៅសង្វៀនប៉ុស្តិ៍លេខ ៥ នោះ ត្រូវបានដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀន SEATV នេះដែរ ជំនួសកៅអី ម៉ន សាម៉េត ដែលបោះបង់ ដោយទទួលបាន ៣ ពិន្ទុជាស្រេច។
សម្រាប់ការប្រកួតជម្រុះជុំទី ២ នាល្ងាចថ្ងៃសៅរ៍នេះ សេក កុសល ដែលមាន ៣ ពិន្ទុជាមួយការបន្សល់ទុកពី ម៉ន សាម៉េត នោះ នឹងត្រូវប្រកួតជាមួយថៃ Diek Ken ដែលបានសន្លប់ក្រោមជង្គង់របស់ វ៉ាន់ វឿន កាលប្រកួតជុំទី ១ ហើយសមត្ថភាពរបស់ សេន កុសល មិនខុសពី វ៉ាន់ វឿន ទេ គឺគ្រប់ការប្រកួត វាយអស់ពីសមត្ថភាព។
សេន កុសល ជាកីឡាករជើងខ្លាំងម្នាក់មកពីខេត្តបាត់ដំបង ធ្លាប់ឈ្នះបានមេដាយមាសប្រដាល់គុនខ្មែរកីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ ហើយជាបន្តបន្ទាប់មកទៀត រូបគេបានប្រកួតឈ្នះកីឡាករមកពីបរទេសញឹកញាប់ ប៉ុន្តែកាល២ ពីរសប្តាហ៍មុន រូបគេបានចាញ់ក្រោមកណ្តាប់ដៃ យុគ យក្សផ្លែ នៅសង្វៀនប៉ុស្តិ៍លេខ ៥ ក្នុងវគ្គជម្រុះ ៨ នាក់ចុងក្រោយ ទើបគណៈកម្មការដាក់ឲ្យរូបគេមកប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាវបាវនេះ ដើម្បីប្រជែងខ្សែក្រវាត់ អមដោយទឹកប្រាក់ចំនួន ៥ ០០០ ដុល្លារ។
កីឡាករ សេន កុសល បាននិយាយថា៖ «សព្វថ្ងៃខ្ញុំកំពុងហ្វឹកហាត់បណ្តោះអាសន្ននៅជាមួយក្លិបលោក មាស សុខគ្រី នៅភ្នំពេញ ព្រោះកុំឲ្យលំបាកទៅមកខេត្តបាត់ដំបង ឆ្ងាយអស់លុយច្រើនផង និងមិនសូវមានដៃគូហាត់ផង ហើយការប្រកួតនេះ ខ្ញុំមានសង្ឃឹមឈ្នះកីឡាករថៃ ៧០ ភាគរយ គឺខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកលេខ ១ ក្នុងពូលកម្ពុជា»។
_0.jpg)
អ្នកប្រដាល់ សេន កុសល មានការជឿជាក់ក្នុងការយកឈ្នះកីឡាករថៃ Deuk Ken សម្រាប់ការប្រកួតជម្រុះសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀន SEATV។រូប សហការី
ដោយឡែក វ៉ាន់ វឿន និងថៃ Yorth Vandy មានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នា ប៉ុន្តែទឹកចិត្តក្លាហានរបស់ វ៉ាន់ វឿន ត្រូវបានអ្នកទស្សនា មានទំនុកចិត្តថា មានប្រៀបជាងកីឡាករថៃ Yorth Vandy។
ប្រភពពីគណៈកម្មការផ្គូផ្គង បានឲ្យដឹងថា វ៉ាន់ វឿន ធ្លាប់ប្រកួត ៧០ ដង ឈ្នះ ៥៦ ចាញ់ ១២ និងស្មើ ២ ដង ហើយគេជាអ្នកប្រដាល់កូនកំព្រាវ័យក្មេង ធ្លាប់ឈ្នះមេដាយសំរឹទ្ធពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៧។ ចំណែក Yorth Vandy ធ្លាប់ប្រកួតបាន ៧១ ដង ឈ្នះ ៥៨ និងចាញ់ ១៣ ដង ហើយគេធ្លាប់មកប្រកួតនៅសង្វៀន SEATV បាន ២ ដងហើយ ដោយឈ្នះម្តងចាញ់ម្តងជាមួយ ម៉ន សាម៉េត។
លោកស្រី ម៉េង សុខា អ្នកគ្រប់គ្រងក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ជំនួសលោក សុខ វិជ័យ ដែលមានសុខភាពមិនល្អនោះ បានប្រាប់ថា៖ «វ៉ាន់ វឿន ខំហ្វឹកហាត់ និងគោរពវិន័យបានល្អណាស់ ហេតុនេះការប្រកួតជុំទី ២ នេះ ខ្ញុំមានទំនុកចិត្ត ដោយសង្ឃឹមថា វ៉ាន់ វឿន នឹងឈ្នះ ៩០ ភាគរយ ព្រោះគេប្រកួតឆ្លាត ស្នៀតកែង និងជង្គង់ វ៉ៃបានល្អ ទោះជាកម្លាំងកាយ មិនសូវខ្លាំងដូចកីឡាករដទៃក៏ដោយ»។
លោកស្រីបានបន្ថែមថា៖ «សម្រាប់កីឡាករ វ៉ាន់ វឿន ទោះជាចាញ់ ឬឈ្នះក៏ការប្រកួតរបស់គេ ទទួលបានការគាំទ្រខ្លាំងពីមហាជនដែរ ដោយសារតែការប្រកួតរបស់គេរៀងរាល់លើក គឺវាយអស់ពីសមត្ថភាព ហើយដៃគូប្រកួតភាគច្រើន គេចមិនផុតពីការចាញ់ដោយសន្លប់នោះឡើយ»។
ចំណែកគ្រូបង្វឹកកីឡាករថៃ លោក ថាញ់ វ៉ាឡែក បាននិយាយថា៖ «កម្រិតគូប្រកួត វ៉ាន់វឿន និង សេន កុសល ពិតជាមានប្រៀបខ្លះៗលើកីឡាករថៃមែន ប៉ុន្តែចាំមើលការប្រកួតជាក់ស្តែងសិន ព្រោះការប្រកួតជុំទី ១ កីឡាករថៃ Yorth Vandy និង Deik Ken ចាញ់ពិន្ទុកីឡាករកម្ពុជាទាំង ២ នាក់ ទើបតែមាន ១ ពិន្ទុប៉ុណ្ណោះ»។
តាមការព្យាកររបស់អ្នកតាមដានប្រដាល់ភាគច្រើននិយាយថា សេន កុសល និង វ៉ាន់ វឿន មានប្រៀបឈ្នះកីឡាករថៃក្នុងភាគរយខ្ពស់ជាង ហើយហាងឆេងភ្នាល់តាមរោងការហ្វេលេចដំណឹងមកថា ឈ្មួញយកកីឡាករខ្មែរទាំង ២ នាក់ ដោយតឲ្យកីឡាករថៃ ១០ ស៊ីតែ ៤ ប៉ុណ្ណោះ៕