ភ្នំពេញ៖ ​អ្នក​គ្រប់គ្រង​សង្វៀន​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ចំនួន ​៤ រួម​មាន​បាយ័ន CNC អាស៊ី​អាគ្នេយ៍ និង PNN ​បាន​សុំ​ឲ្យ​មាន​ការ​ប្រកួត​​ជា​ធម្មតា​ក្នុង​សប្តាហ៍​នេះ ​តែ​ជា​ការ​ប្រកួត​បិទ​ទ្វារ គ្មាន​អ្នក​ទស្សនា​ ចំណែក​សង្វៀន​ថោន និង​ប៉ុស្តិ៍​លេខ ​៥ បាន​សម្រេច​ពន្យារពេល​ចាប់​ពី​សប្តាហ៍​នេះ​ទៅ​ ទៅ​តាម​សំណើ​របស់​សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា។

នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ព្រឹក​ម្សិលមិញ លោក ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​​បាន​ស្នើ​សុំ​ឲ្យ​​ពន្យារពេល​ការ​​ប្រកួត​ជា​បណ្តោះ​អាសន្ន​នៅ​​​គ្រប់​សង្វៀន​ទាំង​អស់ ដើម្បី​ឲ្យ​​ស្រប​ទៅ​​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ការ និង​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

ជាមួយ​គ្នា​នោះ តំណាង​ទូរទស្សន៍​ទាំង ​៦ ​ស្ថាប័ន​ សុទ្ធ​តែ​ឡើង​ថ្លែង​គាំទ្រ​ចំណាត់​ការ​របស់​សហព័ន្ធ​ ព្រោះ​ការ​​ជួប​ជុំ​ត្រូវ​បាន​ហាម​ ហើយ​ការ​ប្រកួត​ប្រដាល់​នេះ​ មាន​មហាជន​ចូល​ទស្សនា​ច្រើន​បំផុត​ ដែល​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ ​ស្រប​ពេល​ដែល​សង្វៀន​ប្រដាល់​នៅ​ប្រទេស ​ថៃ ​​ជិត ​១០ ​កម្មវីធី ​ក្នុង ​១ សប្តាហ៍​ ត្រូវ​បាន​គេ​ជូន​​ដំណឹង​ថា​ផ្អាក​ការ​ប្រកួត​អស់​ហើយ​។​

យ៉ាង​ណា​ក៏​ដោយ លោក ​នាង ​ស៊ីវុត្ថា​ នាយក​គ្រប់គ្រង​សង្វៀន​​បាយ័ន​ និង​លោក ​ម៉ា ស៊ីថេត​ អ្នក​​គ្រប់គ្រង​ប្រដាល់​នៅ​​សង្វៀន​ CNC ដែល​មាន​កម្មវិធី​ប្រកួត​ច្រើន​ជាង​គេ​ក្នុង​មួយ​សប្តាហ៍ៗ​នោះ ​បាន​ស្នើ​សុំ​បើក​ការ​ប្រកួត​បិទ​ទ្វារ​ ​មិន​ឲ្យ​មាន​អ្នក​ទស្សនា​នោះ​ឡើយ​ គឺ​អនុញ្ញាត​ឲ្យ​តែ​កីឡាករ​អ្នក​ឲ្យ​ទឹក​ និង​គណៈកម្មករ​ប្រកួត​ដែល​មិន​ឲ្យ​ច្រើន​ជាង ​៥០ ​នាក់។​

លោក​ នាង​ ស៊ីវុត្ថា ​និង​លោក ​ម៉ា ស៊ីថេត​ បាន​អះអាង​ស្រដៀង​គ្នា​​ថា​៖ ​កម្មវិធី​បាន​រៀប​រយ​រួច​ជា​ស្រេច​ គឺ​ទាំង​កីឡាករ​ខ្មែរ​ និង​​កីឡាករ​មក​ពី​បរទេស​ បាន​មក​ដល់​រួច​ជា​ស្រេច ​ហើយ​អ្វីៗ​គឺ​លំបាក​ដោះស្រាយ​ទៅ​លើ​ការ​ខាតបង់​ថវិកា​ ដែល​ពាក់ព័ន្ធ​​នឹង​អ្នក​ឧបត្ថម្ភ ​កីឡាករ​បរទេស​កីឡាករ​ខ្មែរ ​ព្រម​ទាំង​គណៈកម្មការ​រៀបចំ​។​ តំណាង​ទូរទស្សន៍​ទាំង ​២ ​បាន​ស្នើសុំ​ប្រកួត​បិទ​ទ្វារ​នេះ​ ដោយ​មាន​ការ​​ផ្សាយ​ផ្ទាល់​ជូន​មហាជន​ទស្សនា​ និង​បាន​​ប្តេជ្ញា​ខិតខំ​សហការ​ជាមួយ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ ក្នុង​ការ​ពិនិត្យ​វាស់​កម្ដៅ​ និង​អនាម័យ​ឲ្យ​​កាន់​តែ​ប្រសើរ​ជាង​មុន​។​

ជាមួយ​គ្នា​នេះ លោក ស្រ៊ឺ ស្រេង អ្នក​គ្រប់គ្រង​កីឡា​ប្រចាំ​នៅ PNN និង​លោក ញាណ សុធី តំណាង​ឲ្យ​សង្វៀន​អាស៊ី​អាគ្នេយ៍​ក៏​បាន​សុំ​ប្រកួត​បិទ​ទ្វារ​ ១ សប្តាហ៍​នេះ​ទៀត​ដែរ ​ប៉ុន្តែ​​លោក​ អូ​ ឡាឡា​ មក​ពី​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ ​និង ​លោក​ ស្រ៊ុន​ កុសល ​មក​ពី​សង្វៀន​ថោន​បាន​សម្រេច​ពន្យារ​ការ​ប្រកួត​ចាប់​ពី​សប្តាហ៍​នេះ​តទៅ​ ដោយ​រង់ចាំ​បទ​បញ្ជា​ថ្មី​។​

លោក​ តែម ​ម៉ឺន ​ក្នុង​នាម​ជា​ប្រធាន​អង្គ​ប្រជុំ​បាន​សម្រេច​ជា​ចុង​ក្រោយ​ថា​ ​នឹង​ទទួល​តាម​សំណើ និង​ហេតុ​ផល​មួយ​ចំនួន​ដែល​ភាគី​តំណាង​ទូរទស្សន៍ បាន​លើក​ឡើង ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​៖ «​ការ​ខាតបង់​យ៉ាង​ណា​ ក៏​មិន​ស្មើ​ទៅ​នឹង​អាយុ​ជីវិត និង​សុខភាព​របស់​​ប្រជាពលរដ្ឋ​យើង​នោះ​ដែរ»​។​

ចំណែក​លោក​ ម៉ិល​ កាដូ ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​និង​ជា​អគ្គនាយក​រង​កីឡា​ នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បាន​និយាយ​ថា​៖ ​«អង្គ​ប្រជុំ ​នឹង​ធ្វើ​កំណត់​ហេតុ​ពិសេស​ ជូន​ទៅ​ក្រសួង​ ដើម្បី​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ដៃ​គូ​អភិវឌ្ឍ​ខាង​ទូរទស្សន៍​ ដែល​ស្នើ​សុំ​ប្រកួត​បិទ​ទ្វារ​ ដោយ​​កាត់​បន្ថយ​ចំនួន​មនុស្ស​តិច​ជាង ​៥០ នាក់ ​ស្រប​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ ថា​បាន​ឬ​ក៏​​យ៉ាង​ណា​ ​គឺ​យើង​នៅ​រង់ចាំ​អនុវត្ត​តាម​»​៕