ភ្នំពេញ៖ សកម្មភាព​ប្រកួត​ប្រដាល់​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ ដែល​ទើបតែ​ចាប់ដំណើរការ​បាន​វិញ​កាលពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ បន្ទាប់ពី​បាន​ផ្អាក​ចំនួន ៣ សប្តាហ៍ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ដោយ​រាជរដ្ឋាភិបាល​ឈាន​ដល់​ការបិទខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ទាំងស្រុង នាពេល​កន្លងមក​គឺ​នៅ​សប្តាហ៍​នេះ សង្វៀន​ថោន​បាន​សម្រេច​បិទ ខណៈ​សង្វៀន​បាយ័ន និង​សង្វៀន CNC បាន​លុបចោល​នូវ​កម្មវិធី​ប្រកួត​មួយចំនួន​ភ្លាមៗ​ទៅ​តាម​ការណែនាំ។

ការសម្រេច​បិទ​កម្មវិធី​ប្រកួត​មួយចំនួន​នេះ​ត្រូវ​បាន​មន្ត្រី​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​អ្នកគ្រប់គ្រង​សង្វៀន​ប្រដាល់​បាន​ប្រាប់ថា ក៏​ព្រោះ​កម្មវិធី​ប្រកួត​ទាំងនោះ​បាន​ជាប់​ទៅនឹង​បម្រាម ហាមឃាត់ ដែលមាន​ជាប់ទាក់ទង​ទៅនឹង​ការឧបត្ថម្ភ​ពី​គ្រឿង​ស្រវឹង និង​ផលិតផល​មាន​ស្រាបៀរ​ជាដើម។

លោក និន វ៉ាន់ដា អ្នក​កាន់​កម្មវិធី​ប្រដាល់​ប្រចាំ​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​ប្រាប់ថា៖ «ពិតជា​មាន​ការផ្អាក​ការប្រកួត​មែន ចំនួន ២ សប្តាហ៍ ចំពោះ​សង្វៀន​ប្រដាល់​ណា ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ផលិតផល​ជា​គ្រឿង​ស្រវឹង ដូចជា​ស្រា និង​ស្រាបៀរ​ជាដើម ព្រោះ​ជាប់​បម្រាម អ៊ីចឹង​ធ្វើឱ្យ​សង្វៀន​ខ្លះ​ត្រូវ​ផ្អាក​សិន ប៉ុន្តែ​ចំពោះ​កម្មវិធី​ប្រកួត ដែល​មាន​ឧបត្ថម្ភ​ការប្រកួត​ផ្សាយ​ផ្ទាល់ ក្រៅពី​គ្រឿង​ស្រវឹង នៅតែ​បន្ត​ការប្រកួត​បាន​ជា​ធម្មតា»។

លោក​បាន​បញ្ជាក់ថា៖ «តាម​បម្រាម​នេះ ខ្ញុំ​ទទួល​បាន គឺ​សង្វៀន​ថោន បិទ​ការប្រកួត​ទាំងស្រុង ព្រោះ​មានតែ ១ កម្មវិធី​ក្នុង​ល្ងាច​ថ្ងៃអាទិត្យ។ ចំណែក​សង្វៀន​បាយ័ន ដែល​ក្នុង ១ សប្តាហ៍​មាន​ចំនួន ៥ កម្មវិធី​នោះ គឺ​នៅតែ ៣ កម្មវិធី​ទេ រីឯ​សង្វៀន CNC បាន​ផ្អាក ២ កម្មវិធី នៅសល់ ២ កម្មវិធី ហើយ​ជាមួយ​គ្នា​នេះ សង្វៀន​ឯកភ្នំ​ខេត្តបាត់ដំបង បាន​បើក​ឡើងវិញ នៅ​សប្តាហ៍​នេះ»។

ចំណែក​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ប្រដាល់​នៅ​ទូរទស្សន៍​ថោន បាន​និយាយថា៖ «ខ្ញុំ​ទើប​ទទួល​បាន​ដំណឹង ហើយ​កម្មវិធី​ខាង​ខ្ញុំ ទោះជា​គ្រោង​រួច ក៏​ត្រូវ​ផ្អាក​តាម​បម្រាម​នេះដែរ ព្រោះ​សកម្មភាព​ប្រកួត​នៃ​កម្មវិធី​រាល់​ល្ងាច​ថ្ងៃអាទិត្យ​របស់​សង្វៀន​ថោន​បាន​ទាំងស្រុង​ពី​ផលិតផល​ស្រាបៀរ​កម្ពុជា និង​ផលិតផល​ភេសជ្ជៈ​គ្រឿងសំណង់​របស់​ក្រុមហ៊ុន​ជីបម៉ុង»។

លោក​បាន​បន្តថា៖ «ខ្ញុំ​ទទួល​បាន​បម្រាម​នេះ ចំនួន ២ សប្តាហ៍ គឺ​សប្តាហ៍​ទី ១ ចំ​ថ្ងៃ ៩ ខែឧសភា ឆ្នាំ ២០២១ ដោយ​យើង​បាន​ប្រកួត​រួចហើយ ហេតុនេះ​នៅសល់​តែ​សប្តាហ៍​ទី ២ ដែល​ចំ​ថ្ងៃអាទិត្យ ទី ១៦ ខែឧសភា ហេតុនេះ សង្វៀន​របស់​យើង​នឹង​បើក​ការប្រកួត​វិញ​នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែឧសភា ឆ្នាំ ២០២១»។

តាម​កម្មវិធី​ប្រកួត​នៅ​សប្តាហ៍​នេះ សង្វៀន​បាយ័ន​នៅ​បន្ត​រៀបចំ​ការប្រកួត​កម្មវិធី​ឧបត្ថម្ភ​ដោយ Champion (នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ពី​ម៉ោង ៨ ដល់​ម៉ោង ១០) កម្មវិធី​របស់​ភេសជ្ជៈ WURKS (នៅ​យប់​ថ្ងៃ​សៅរ៍ ពី​ម៉ោង ៦ ដល់​ម៉ោង ៨) កម្មវិធី​របស់​ភេសជ្ជៈ CARABAO (នៅ​ថ្ងៃអាទិត្យ ពី​ម៉ោង ៦ ដល់​ម៉ោង ៨ យប់) ចំណែក​សង្វៀន CNC នៅសល់​ការប្រកួត​កម្មវិធី​ភេសជ្ជៈ​ខារ៉ាបាវ (នៅ​ថ្ងៃអាទិត្យ ពី​ម៉ោង ២ ដល់​ម៉ោង ៤:៣០ រសៀល) និង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ (នៅ​ថ្ងៃ​សៅរ៍ ពី​ម៉ោង ៥:៥០ ដល់​យប់​ម៉ោង ៨)។

ចំពោះ​សង្វៀន​ឯកភ្នំ​ខេត្តបាត់ដំបង ដែល​ទើប​បើក​ប្រកួត​វិញ​នៅ​ថ្ងៃអាទិត្យ ពី​ម៉ោង ៨ ដល់​ម៉ោង ១០ យប់ ហើយ​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​នោះ ទទួល​បាន​ការឧបត្ថម្ភ​ពី​រ៉េដអាន​គឺ​មានន័យថា ការប្រកួត​មួយចំនួន​ដែល​មាន​ការឧបត្ថម្ភ​ដោយ​គ្រឿង​ស្រវឹង​ត្រូវ​បាន​ផ្អាក​ទាំងអស់៕