ភ្នំពេញ៖ បើ​ទោះបី​ជា​សង្វៀន​ប្រដាល់​មួយ​ចំនួន​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​ថា បុគ្គលិក​របស់​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​កំពុងតែ​មាន​ការ​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រៃវែង និង​ក្រុង​ព្រះសីហនុ ប៉ុន្តែ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ធំ​ទាំង ២ គឺ CNC និង​បាយ័ន នៅ​តែ​បើក​ឱ្យ​មាន​ការ​ប្រកួត​ជា​ធម្មតា​នៅ​ចុង​សប្តាហ៍​នេះ។

នៅ​មុន​នេះ សង្វៀន​ហង្សមាស​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​ភ្លាមៗ​ចំនួន ២ សប្តាហ៍ បន្ទាប់​ពី​រក​ឃើញ​ថា ក្រុម​អ្នកសិល្បៈ​មួយ​ចំនួន​នៅ​ស្ថានីយទូរទស្សន៍​ហង្សមាស​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ចំណែក​នៅ​សប្តាហ៍​នេះ សង្វៀន​ថោន ក៏​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​ចំនួន ១ សប្តាហ៍​ផង​ដែរ ក្រោយ​ពេល​អ្នក​គ្រប់គ្រង​ផ្នែក​កីឡា​ម្នាក់ គឺ​លោក ហាក់ សុខហេង បាន​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ ១៩។

លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​កីឡាករ​របស់​សង្វៀន​ថោន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ «សង្វៀន​ថោន​បាន​ផ្អាក​ការ​ប្រកួត​ប្រដាល់​ជា​បណ្តោះអាសន្ន ចំនួន ១ សប្តាហ៍​សិន ហើយ​បើ​មាន​ការ​ប្រែប្រួល​យ៉ាងណា​ទៀត​នោះ យើង​នឹង​ជូន​ដំណឹង​ជា​ថ្មី តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​ជំនាញ»។

ផ្ទុយ​ពី​នេះ សង្វៀន CNC ដែល​មាន​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នូវ​កម្មវិធី​ចំនួន ៤ ហើយ​សរុប​មាន​កីឡាករ​ចំនួន ១៩ គូ ស្មើ​នឹង ៣៨ នាក់ តែ​មិន​ទាន់​គិត​ពី​ចំនួន​គ្រូបង្វឹក អ្នក​ឱ្យ​ទឹក ឬ​មន្ត្រី​បច្ចេកទេស គណៈកម្មការ បម្រើការ​ប្រកួត​នោះ នៅ​តែ​ដំណើរការ​ប្រកួត​ធម្មតា ចំណែក​សង្វៀន​បាយ័ន ដែល​មាន​ការ​ប្រកួត​នៅ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ មាន ៥ កម្មវិធី ហើយ​សរុប​កីឡាករ​មាន​ចំនួន ២៧ គូ ស្មើ​នឹង ៥៤ នាក់ (មិន​ទាន់​បូក​បញ្ចូល​គ្រូបង្វឹក អ្នក​ឱ្យ​ទឹក និង​មន្ត្រី​បច្ចេកទេស) នោះ នៅ​តែ​បន្ត​បើក​ការ​ប្រកួត​ជា​ធម្មតា​ដូច​គ្នា។

លោក​ឧត្តម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ មាន​ប្រសាសន៍​ថា៖ «គិត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ ខ្ញុំ​ទទួល​បាន​ថា ​នៅ​មាន​សង្វៀន​ប្រដាល់​ចំនួន ២ គឺ ស៊ីអិនស៊ី និង​បាយ័ន នៅ​ប្រកួត ហើយ​យើង​មិន​អាច​ព្យាករ​ថា សង្វៀន​ទាំង ២ នេះ បន្ត ឬ​ផ្អាក​សិន​នៅ​ពេល​ណា​ទេ ព្រោះ​អាស្រ័យ​លើ​ភាព​ជាក់ស្តែង និង​ការ​ណែនាំ​របស់​ក្រុម​អ្នក​ជំនាញ ប៉ុន្តែ​ខ្ញុំ​បាន​ជំរុញ​ឱ្យ​ខាង​គ្រូពេទ្យ​ប្រចាំ​សហព័ន្ធ និង​ខាង​ស្ថានីយ​នីមួយៗ ខិតខំ​អនុវត្ត និង​រក្សា​អនាម័យ​តាម​បទបញ្ជា​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ»។

ចំពោះ​ស្ថានភាព​ទូទៅ​ក្រៅ​ពី​នេះ លោក តែម ម៉ឺន បាន​បញ្ជាក់​ថា៖ «ក្រុម​អត្តពលិក​ជម្រើសជាតិ​គុន​ខ្មែរ រួម​ទាំង​គ្រូបង្វឹក ឬ​មន្ត្រី​ពាក់ព័ន្ធ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​អស់​ហើយ។ បន្ថែម​ពី​លើ​នេះ កីឡាករ និង​មន្ត្រី​បច្ចេកទេស ដែល​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សង្វៀន​ហង្សមាស និង​សង្វៀន​ថោន កំពុង​តែ​យក​សំណាក​ទៅ​ពិនិត្យ ហើយ​ពួក​គាត់​មួយ​ចំនួន​មិន​ទាន់​រក​ឃើញ​មេរោគ​ជា​វិជ្ជមាន​នៅ​ឡើយ ប៉ុន្តែ​កំពុង​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ ថ្ងៃ​សិន អ៊ីចឹង​សម្រាប់​កីឡាករ និង​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មិន​ទាន់​មាន​នរណា​ម្នាក់ មាន​ផ្ទុក​មេរោគ​កូវីដ ១៩ នៅ​ឡើយ​ទេ»៕