ភ្នំពេញៈ អតីត​កីឡាករ​ជម្រើស​ជាតិ​វាយ​កូន​បាល់ អន សម្បត្តិ បាន​និង​កំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការហ្វឹកហាត់​កីឡា​សូហ្វតិន្នីស ព្រោះ​រូបគេ​ចង់​សម្រេច​គោលបំណង​ធំ​គឺ​ការ​ប្រជែង​រក​មេដាយ​ឲ្យ​បាន​ក្នុង​ការប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០១៩ ​នេះ ដើម្បី​បង្ហាញ​ទៅ​កាន់​មហាជន ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដឹង​និង​ទទួល​ស្គាល់​ថា​ក្រុម​សូហ្វតិន្នីស ពិតជា​មាន​សមត្ថភាព​ក្នុង​ការដណ្តើម​យក​កិត្តិយស​ជូន​ជាតិ​។

វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ដែល អន សម្បត្តិ បាន​ចូលរួម​ការប្រកួត​ស៊ីហ្គេម ប៉ុន្តែ​ការចូលរួម​កន្លង​មក​គឺ​គេ​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​ជម្រើសជាតិ​វាយ​កូន​បាល់ ហើយ​រូបគេ​ក៏​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ការប្រកួត​វិញ្ញាសា​ជា​ក្រុម នា​ស៊ីហ្គេម​ឆ្នាំ​ ២០១១ នៅ​ឥណ្ឌូនេស៊ី​រួមទាំង​ការ​ឈ្នះ​មេដាយ​សម្រាប់​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផ្សេងៗ​ទៀត​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ការបោះបង់​ចោល​កីឡា​វាយ​កូនបាល់​មក​ចាប់​អាជីព​ជា​កីឡាករ​ជម្រើសជាតិ​សូហ្វតិន្នីស​នេះ​កំលោះ​វ័យ​ ២៩ ​ឆ្នាំ អន សម្បត្តិ មិន​ធ្លាប់​បាន​ចូលរួម​ប្រកួត​ស៊ីហ្គេម​នោះ​ទេ ព្រោះ​សូហ្វតិន្នីស​ទើប​តែ​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​ចូល​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ទេ​។

«​កាល​នៅ​កីឡា​វាយ​កូនបាល់ ខ្ញុំ​ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ផង​ដែរ ដោយ​ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​រួម​ទាំង​ការ​ឈ្នះ​មេដាយ​ផ្សេងៗ​ទៀត​សម្រាប់​ការប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ តាំងពី​ខ្ញុំ​នៅ​ជា​ក្រុម​យុវជន ព្រោះ​ខ្ញុំ​បាន​ចូលរួម​លេង​កីឡា​វាយ​កូនបាល់​តាំងពី​ខ្ញុំ​អាយុ​ ១៦ ​ឆ្នាំ​»​។

កីឡាករ អន សម្បត្តិ បាន​បន្ថែម​ថា​៖ «​ចំណែក​ការ​មក​ចូលរួម​លេង​កីឡា សូហ្វតិន្នីស​តាំងពី​ឆ្នាំ​ ២០១៦ មក​ដល់​ពេល​នេះ​ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​មេដាយប្រាក់​២ ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ជប៉ុន និង​ឈ្នះ​បាន​មេដាយ​មាស​ ២ ក្នុង​ការប្រកួត​ជើងឯក​អាស៊ាន​នៅ​ថៃ​រួម​ជាមួយ​ការឈ្នះ​បាន​មេដាយ​សម្រាប់​ការចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​មួយ​ចំនួន​ទៀត ប៉ុន្តែ​ដោយសារ​កីឡា​សូហ្វតិន្នីស​ទើប​ដាក់​ឲ្យ​មាន​ប្រកួត​នៅ​ស៊ីហ្គេម​អ៊ីចឹង​គោលបំណង​ធំ​របស់​ខ្ញុំ​គឺ​ការ​ប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ​»​។

ជាមួយ​នឹង​ការត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​ជា​លើក​ដំបូង​នេះ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា គ្រោង​នឹង​បញ្ចូន​អត្តពលិក​មួយ​ក្រុម​ឲ្យ​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ជប៉ុន​ជាថ្មី​ម្តង​ទៀត​ហើយ​ក្នុង​នោះ​ក៏​មាន អន សម្បត្តិ ផង​ដែរ​។

ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​គឺ​លោក ជា ប៊ុនហេង ដែល​ជា​អនុប្រធាន​ទី​ ១ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ចង់​បង្កើន​សមត្ថភាព​កីឡាករ​របស់​ខ្លួន ដើម្បី​ប្រជែង​យក​មេដាយ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​ឲ្យ​បាន ដើម្បី​ឲ្យ​ខាង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ភ្លឺភ្នែក ព្រោះ​លោក​បាន​បង្ហាញ​ការមិន​ពេញ​ចិត្ត នៅពេល​ក្រសួង​អប់រំ​បាន​វាយតម្លៃ និង​ដាក់​សូហ្វតិន្នីស​ក្នុង​ប្រភេទ​កីឡា​កំពុង​អភិវឌ្ឍន៍ និង​ជំរុញ​ទៅ​រក​មេដាយ ខណៈ​ក្រុម​សូហ្វតិន្នីស​របស់​លោក ដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ នៅ​លើ​ឆាក​អន្តរជាតិ​ឡើង​ចង់​រាប់​ភ្លេច​ទៅ​ហើយ​នោះ​។

កីឡាករ​មាន​ដើម​កំណើត​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ អន សម្បត្តិ បាន​បញ្ជាក់​ថា​៖ «​គោលដៅ​ចម្បង​របស់​ខ្ញុំ​នៅក្នុង​ស៊ីហ្គេម​ខាង​មុខ​នេះ​គឺ​ការលេង​វិញ្ញាសា​ក្រុម និង​វាយ​គូ​ដោយ​ខ្ញុំ​ចង់​ចាប់​ដៃគូ​ជាមួយ​កីឡាករ កាន់ សោភ័ណ្ឌ ដែល​គាត់​ល្អ​ខាង​វាយ​គូ អ៊ីចឹង​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន លើក​នេះ​យើង​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​»​។

នៅពេល​សួរ​បញ្ជាក់​ពី​ទំនុក​ចិត្ត​ក្នុង​ការប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ អន សម្បត្តិ បាន​ឆ្លើយតប​ថា​៖ «​យើង​សង្ឃឹម​ថា​ការប្រកួត​ជា​ក្រុម យើង​អាច​នឹង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ដោយសារ​តែ​ប្រទេស​គេ​ជា​អ្នក​ធ្វើ​ជា​ម្ចាស់​ផ្ទះ អ៊ីចឹង​យើង​សង្ឃឹម​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​សិន​បាន​ហើយ ប៉ុន្តែ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ទាំង​ថ្នាក់ដឹកនាំ និង​កីឡាករ កីឡាការិនី គឺ​បាន​ប្តេជ្ញាចិត្ត​រក​ឲ្យ​បាន​មេដាយ សម្រាប់​ការប្រកួត​ស៊ីហ្គេម​លើក​នេះ​តែ​ម្តង ដើម្បី​ឲ្យ​ខាង​ក្រសួង​អប់រំ ទទួល​ស្គាល់​យើង​ថា​ជា​ក្រុម​កីឡា​ដែល​មាន​សក្តានុពល​»​។

សម្បត្តិ ថា ខាង​កីឡា​វាយ​កូនបាល់​មិន​សូវ​យល់​អារម្មណ៍​យើង​ជា​អ្នក​អត់​​ដោយឡែក​នៅពេល​រំឭក​ទៅ​ដល់​ការសម្រេច​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​វាយ​កូន​បាល់​ដែល​រូបគេ​បាន​ចំណាយ​ពេល​ហ្វឹកហាត់​តាំងពី​អាយុ​ ១៦ ​ឆ្នាំ រហូត​ដល់​អាយុ​ ២៧ ​ឆ្នាំ​នោះ អន សម្បត្តិ បាន​បង្ហើប​ថា​ដោយសារ​តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​វាយ​កូនបាល់​មិន​យល់​ពី​ទុក្ខលំបាក​របស់​កីឡាករ​។

កីឡាករ​ដែល​មាន​លទ្ធភាព​រៀន​ត្រឹម​ថ្នាក់​ទី​ ៧ នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង អន សម្បត្តិ បាន​និយាយ​ថា​៖ «​ការសម្រេចចិត្ត​ចេញ​នេះ ព្រោះ​ខ្ញុំ​មាន​បញ្ហា​ខ្លះៗ​ជាមួយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដែល​ពេល​ខ្លះ​គាត់​មិន​សូវ​យល់​អារម្មណ៍​យើង​ជា​អ្នក​អត់ គឺ​គាត់​តម្រូវ​ឲ្យ​តែ​យើង​ហាត់​រហូត ទោះ​ការប្រមូលផ្តុំ​បាន​រំសាយ​ក៏ដោយ តែ​ខ្ញុំ​ចង់​មាន​ពេល​ខ្លះ​បង្ហាត់​ដល់​ភ្ញៀវ​ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះ យក​មក​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្ញុំ ដែល​ពេល​ខ្លះ​រកតែ​អី្វ​ញ៉ាំ មិន​ចង់​បាន​ផង​»​។

គួរ​បញ្ជាក់​ថា អន សម្បត្តិ ជា​កូនច្បង​នៅក្នុង​គ្រួសារ​សាមញ្ញ​មួយ​ដែល​មាន​បងប្អូន​ ៥ ​នាក់​ (​ប្រុស​ ៤ ​នាក់​)​។ សម្បត្តិ បាន​ប្រាប់​ថា​គ្រួសារ​របស់​គេ​មាន​ជីវភាព​លំបាក​ដោយ​មាន​តែ​ម៉ូតូ​មួយ​ជិះ​គ្នា​ ១ ​គ្រួសារ​តែ​ម្តង ប៉ុន្តែ​ពេល​នេះ​ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​លោក ជា ប៊ុនហេង និង​ការទទួល​បាន​ប្រាក់រង្វាន់​ពី​ការ​ឈ្នះ​មេដាយ​បាន​ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់​គេ​ប្រសើរ​ជាង​មុន និង​មាន​ម៉ូតូ​ថ្មី​ជិះ​សមរម្យ​នឹង​គេ​ហើយ​។

យ៉ាងណា​ក៏ដោយ​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​គ្រួសារ​តូច​មួយ​នេះ​បាន​ជួប​នៅ​រឿង​សង្វេគ​យ៉ាង​ខ្លាំង ខណៈ​ប្អូនប្រុស​ម្នាក់​នោះ អន ចាន់សុខា បាន​ស្លាប់ ដោយសារ​ខ្យល់គរ​នោះ ហើយ​ការស្លាប់​របស់ អន ចាន់សុខា ដែល​ធ្លាប់​ហ្វឹកហាត់​នៅ​ក្លិប​អាស៊ី​អឺរ៉ុប​ដែរ​នោះ​បាន​ក្លាយ​ជា​ការចងចាំ និង​ជំរុញ​ឲ្យ អន សម្បត្តិ មាន​ការតាំង​ចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការសាង​ភាព​ល្បី​នៅ​ក្នុង​កីឡា​សូហ្វតិន្នីស​។

អន សម្បត្តិ បាន​បញ្ជាក់​ថា​៖ «​ប្អូន​របស់​ខ្ញុំ​តែងតែ​សួរ​ខ្ញុំ​ថា បង​ថ្ងៃ​នេះ​ឈ្នះ​ ឬ​ចាញ់ ព្រោះ​ពេល​ដែល​ខ្ញុំ​ឈ្នះ ខ្ញុំ​តែងតែ​ទិញ​អី​ទៅ​ហូប​ជុំ​គ្នា​ហេតុនេះ​ការខ្វល់ខ្វាយ​របស់​ប្អូន​មក​លើ​ខ្ញុំ​ជា​បង នៅពេល​ប្រកួត​ម្តងៗ​ធ្វើឲ្យ​ខ្ញុំ​ចងចាំ​មិន​ភ្លេច​នោះ​ទេ ហើយ​ខ្ញុំ​នឹង​ខំប្រឹងប្រែង​បន្ត​ទៀត ដើម្បី​ដណ្តើម​ឲ្យ​បាន​មេដាយ​នៅ​ស៊ីហ្គេម​ដើម្បី​ជា​កិត្តិយស​សម្រាប់​ប្រទេសជាតិ ខ្លួន​ខ្ញុំ សហព័ន្ធ និង​ក៏​ដើម្បី​ប្អូន​របស់​ខ្ញុំ​ផង​ដែរ​៕