ភ្នំពេញ: កីឡាករ​ប្រដាល់​ សរ រាជសីហ៍ ជើង​ខ្លាំង​មកពី​ក្លិប​មោងឫស្សី​មរតក​គុនខ្មែរ​ខេត្ត​បាត់ដំបង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​អ៊ីរ៉ង់ Masoud Moghimian ក្នុង​ប្រភេទ​ទម្ងន់​ ៧៥ ​គីឡូក្រាម​នៃ​កម្មវិធី​ប្រដាល់ Boostrong Fighter On Fire លើស​ង្វៀន​អាស៊ីអាគ្នេយ៍ (SEATV) នា​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១៣ ខែ​មករា ឆ្នាំ​ ២០១៩​។

សរ រាជសីហ៍ តាំងពី​ឡើង​ទម្ងន់​ធ្ងន់​ហាក់បី​ដូច​មិន​សូវ​បាន​ប្រកួត​ញឹកញាប់ ពីព្រោះ​ខ្វះ​ដៃគូ​ហើយ​ការ​ឃ្លាត​ពី​សង្វៀន​យូរ​ធ្វើឲ្យ​ប្រជាប្រិយភាព​របស់​គេ​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​។ សរ រាជសីហ៍ ធ្លាប់​ឆ្លងកាត់​ការប្រកួត​លក្ខណៈ​អន្តរជាតិ ឬ​វគ្គ​ដណ្តើម​ខ្សែក្រវាត់​ច្រើន​ញឹកញាប់​គួរសម ប៉ុន្តែ​លទ្ធផល​មិន​សូវ​បាន​ល្អ​នោះ​ឡើយ​។ គ្រប់​ការប្រកួត រាជសីហ៍ ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​ដោយ​រូបគេ​ប្រកួត​អស់​ពី​សមត្ថភាព​។

តាម​ប្រវត្តិ​ប្រកួត សរ រាជសីហ៍ ធ្លាប់​ប្រកួត​បាន​ចំនួន​ ៦៨ ​លើក​ឈ្នះ​ ៥៦ ​លើក ចាញ់​ ១២ ​លើក និង​មាន​កម្ពស់​ ១,៧៣ ​ម៉ែត្រ​។ ចំណែក​កីឡាករ​អ៊ីរ៉ង់ Masoud Moghimian ខ្លាំង​គួរសម​ធ្លាប់​ផ្តួល​កីឡាករ​យុគ យក្ស​គីល មកពី​ក្លិប​កងចក្រ​រាជសីហ៍​មានរិទ្ធ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​ ៤ ​កន្លង​មក​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​អ៊ីរ៉ង់ Masoud Moghimian ត្រូវ​បាន​រាយការណ៍​មក​ថា ប្រកួត​បាន​តែ​ ១៦ ​លើក​ឈ្នះ​ ១៣ ​លើក ចាញ់​ ៣ ​លើក​ប៉ុណ្ណោះ ប៉ុន្តែ​ប្រវត្តិ​ប្រកួត​គេ​ធ្លាប់​ដឹង​កាលពី​លើក​មុន Masoud ប្រកួត​បាន​ចំនួន ​៤៨ ​លើក ឈ្នះ​ ៣៨ ​លើក និង​ចាញ់​ ១០ ​លើក មិន​ដែល​ស្មើ ខណៈ​ចំនួន​ប្រកួត​កីឡាករ​បរទេស​មួយ​ចំនួន​ត្រូវ​បាន​លាក់បាំង​។ តាម​ការវាយតម្លៃ​របស់​អ្នក​តាមដាន​ប្រដាល់ សរ រាជសីហ៍ អាច​នឹង​លំបាក​ឈ្នះ​ណាស់ ខណៈ​ដែល​កីឡាករ​អ៊ីរ៉ង់ Masoud Moghimian មាន​កម្ពស់​ ១,៧៥ ​ម៉ែត្រ​ពោល​គឺ​ខ្ពស់ជាង​បន្តិច និង​មាន​កម្លាំង​ធានា​ល្អ​ជាង​។

សរ រាជសីហ៍ បាន​និយាយ​ថា​ការ​ហ្វឹកហាត់​មិន​សូវ​បាន​ជាប់លាប់​ទេ ដោយ​មិន​សូវ​ចាប់​គូ​បាន​ប្រកួត ហើយ​ជាប់​រវល់​ធ្វើ​ស្រែ​ចម្ការ​ជាធម្មតា​។

សម្រាប់​ការប្រកួត​ជាមួយ​ជើង​ខ្លាំង​រូប​នេះ សរ រាជសីហ៍ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម​ ៦០ ​ភាគរយ​ប៉ុណ្ណោះ ហើយ​បើ​មាន​ឱកាស​ផ្តួល​ក្នុង​ទឹក​ណា​មួយ​បាន ខ្ញុំ​មិន​បន្ធូរដៃ​នោះ​ទេ​»​។

ទោះ​ជា​យ៉ាង​ណា សរ រាជសីហ៍ ធានា​ថា​នឹង​វ៉ៃ​ឲ្យ​អស់​សមត្ថភាព ហើយ​បញ្ហា​ដែល​បារម្ភ​គឺ​ខ្លាច​ខ្សោយកម្លាំង​នៅ​ចុងទឹក​ប៉ុណ្ណោះ ពីព្រោះ​កីឡាករ​អ៊ីរ៉ង់ Masoud Moghimian មាន​កម្លាំង​ល្អ​ ៥ ​ទឹក​ឯណោះ មិន​ងាយ​ចុះ​ខ្សោយ​ទេ​។

ដោយឡែក​កីឡាករ​អ៊ីរ៉ង់ Masoud Moghimian ពូកែ​កណ្តាប់ដៃ និង​កម្លាំង​ល្អ ការបញ្ចេញ​កណ្តាប់ដៃ​ល្អ​មាន​បច្ចេកទេស និង​កលល្បិច​ពេញ​ខ្លួន​ព្រម​ទាំង​ទឹកចិត្ត​ប្រកួត​ចូល​វាយ​សម្រុក​គ្មាន​ដកថយ និង​រហ័ស​ផង​ដែរ ខណៈដែល​រូប​គេ​ក៏​មាន​ស្នៀត​ជង្គង់​ល្អ​ថែម​ទៀត​។

លោក​ ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ SEATV បាន​ឲ្យ​ដឹងថា​៖ «Masoud មក​ប្រកួត​នៅ​សង្វៀន​របស់​យើង​ជា​លើក​ទី​ ២ ​​ហើយ​។ កីឡាករ Masoud គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​នៅ​ស្រុក​យើង​តែ​ហ្វឹកហាត់​ប្រកួត​បាន​ល្អ គួរសម​នៅ​ប្រទេស​ថៃ​។ បើ​តាម​ការ​វាយតម្លៃ​ជាទូទៅ​រវាង​កីឡា​ករសរ រាជសីហ៍ ប៉ះ​ជើង​ខ្លាំង Masoud Moghimian មកពី​អ៊ីរ៉ង់​រូប​នេះ​ការ​ចាញ់ ឬ​ឈ្នះ​សុទ្ធ​តែ​មាន​លក្ខណៈ​តឹងតែង​មិនមែន​ស៊ី​គ្នា​ផុយ​នោះ​ឡើយ​៕