ភ្នំពេញៈ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​សម្ភារ​ហ្វឹកហាត់​ទៅ​ជូន​ដល់​ក្រុម​ថ្នាល និង​ក្រុម​ធំ​ជម្រើសជាតិ​គុន​ខ្មែរ​សរុប​ ១៦ ​នាក់ និង​គ្រូបង្វឹក​ ៤ ​នាក់​ដែល​ជា​អំណោយ​សប្បុរសជន​បាន​មកពី​លោក ហេង សុឃន ដើម្បី​បង្ក​លក្ខណសម្បត្តិ​ក្រុម​អត្តពលិក​ទាំងនេះ​ឲ្យ​ល្អ​ត្រៀម​ចូលរួម​ការប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣០ នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​ ២០១៩ ​នេះ​។

លោក តែម ម៉ឺន ដែល​មាន​តួនាទី​ច្រើន​ទៀត​ក្នុង​សកម្មភាព​កីឡា​នោះ​បាន​ថ្លែង​ថា​៖ «​យើង​លើក​ទឹកចិត្ត​គាំទ្រ​ដល់​សប្បុរសជន ដើម្បី​ជួយ​កីឡា​ដោយ​មិន​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័នរដ្ឋ​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែ​ ១ ​ប៉ុណ្ណោះ​ទេ ព្រោះ​វិស័យ​ឯកជន ជួយ​កីឡា​ជា​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត​»​។

ចំណែក​លោក ម៉ិល កាដូ អគ្គនាយករង​នៃ​នាយកដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ជាងគេ​នោះ​បាន​ប្រាប់​ថា​៖ «​សម្ភារ​នេះ​យើង​ទទួល​បាន​ពី​លោក ហេង សុឃន ជា​អនុប្រធាន​សហព័ន្ធ​ដែល​លោក​តែងតែ​លះបង់​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​កីឡាករ និង​ជួយ​ជា​សម្ភារ ហ្វឹកហាត់ ដល់​ក្លិប​ប្រដាល់​គុន​ខ្មែរ​ជាច្រើន​ហើយ​ពេល​នេះ​លោក​បាន​ផ្តល់​ជូន​ដល់​ក្រុម​ជម្រើសជាតិ ទាំង​ក្រុម​ថ្នាល និង​ក្រុម​ធំ​នូវ​សម្ភារ​ជាច្រើន ដើម្បី​ហ្វឹកហាត់​»​។

លោក ហេង សុឃន បាន​ជាប់​ជា​សមាជិក​ប្រតិបត្តិ​ក្នុង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ក្រោយ​គេ​បង្អស់ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ទទួល​បាន​តំណែង​ជា​អនុប្រធាន យ៉ាង​លឿន វ៉ា​ដាច់​មន្ត្រី​សមាជិក​ប្រតិបត្តិ​ចាស់ៗ​មួយ​ចំនួន​តូច​ដែល​រង់ចាំ​តែ​ទទួល​ផល​ពី​ការប្រកួត​កីឡា និង​គ្មាន​សមត្ថភាព​ធ្វើឲ្យ​កីឡា​មាន​ការរីកចម្រើន​។

ទោះបី​ជា​យ៉ាងណា​ការលះបង់​ថវិកា​ផ្ទាល់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​គុន​ខ្មែរ​ឲ្យ​មាន​ការរីកចម្រើន​នេះ​លោក ហេង សុឃន ក៏​ទទួល​រង​នូវ​ការរិះគន់​មួយ​ចំនួន​ផង​ដែរ ព្រោះ​លោក​រើសអើង និង​ជួយ​ភាគ​ច្រើន​តែ​ក្លិប​មាន​លទ្ធភាព​ស្រាប់ ឯ​ក្លិប​ក្រីក្រ​រហេមរហាម លោក​មើល​មិន​ឃើញ​ទេ​។ ​ទាក់ទង​បញ្ហា​រើសអើង​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក ហេង សុឃន បាន​ទេ​កាលពី​ម្សិលមិញ ព្រោះ​ទូរស័ព្ទ​របស់​លោក​មិន​ទទួល និង​ចុច​បិទ​ទៅ​វិញ​គ្រប់​ពេល​ហៅ​ចូល​៕