ភ្នំពេញ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានចាប់ផ្តើមពង្រឹងសក្តានុពលរបស់ខ្លួនតាមរយៈការបង្កើនការហ្វឹកហាត់ក្នុងស្រុក នឹងគ្រោងបញ្ជូនអត្តពលិក ៥ នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅកូរ៉េ ដើម្បីត្រៀមការប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា និងកីឡា អូឡាំពិករដូវរងានៅចិន។
ការចាប់ផ្តើមពង្រឹងសក្តានុពលនេះ ក៏ព្រោះតែប្រទេសក្នុងតំបន់អាស៊ានភាគច្រើន បានស្នើឲ្យមានប្រភេទកីឡាលើកទម្ងន់នេះ ក្នុងស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ព្រោះនេះជាប្រភេទក្នុងកីឡាអូឡាំពិក ខណៈកន្លងមកកម្ពុជាមិនធ្លាប់បានប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិ ចេញទៅប្រកួតក្នុងស៊ីហ្គេមនៅឡើយ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់ថា៖ «សហព័ន្ធត្រៀមបញ្ជូនអត្តពលិក ៥ នាក់ ទៅហ្វឹកហាត់ប្រទេសកូរ៉េ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ ត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រីឯស៊ីហ្គេម ឆ្នាំ ២០២១ នៅវៀតណាម យើងស្ថិតក្នុងការបម្រុងនៅឡើយ ដោយរង់ចាំលទ្ធផលការហ្វឹកហាត់នៅប្រទេសកូរ៉េ រយៈពេលវែងសិនថា មានលទ្ធផលដូចម្តេច?»។
សម្រាប់អត្តពលិកទាំង ៥ នាក់ (ស្រី ២ នាក់) ដែលត្រៀមបញ្ជូនទៅហាត់នៅកូរ៉េ មានកីឡាការិនី សេង ប៉ូរិន ជាប្រធានក្រុមក្នុងទម្ងន់ក្រោម ៤៩ គីឡូក្រាម ស៊ឺន លីណា ទម្ងន់ក្រោម ៥៩ គ.ក្រ កីឡាករ ទឺ ម៉ាច ទម្ងន់ក្រោម ៥៥ គ.ក្រ យិន សុវណ្ណ ទម្ងន់ក្រោម ៤៨ គ.ក្រ និងកីឡាករ ឈាង ដេវិត ទម្ងន់ក្រោម ៦១ គ.ក្រ។
ចំណែក លោក វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា៖ «លើកទម្ងន់ ជាប្រភេទកីឡាក្នុងអូឡាំពិក ហើយកន្លងមកយើងមិនធ្លាប់បានប្រមូលផ្តុំហ្វឹកហាត់ជម្រើសជាតិ និងបញ្ជូនទៅប្រកួតក្នុងស៊ីហ្គេមទេ ប៉ុន្តែលក្ខណៈឯកជនមានអត្តពលិកកូនខ្មែរ នៅក្រៅប្រទេសចេញទៅប្រកួតលក្ខណៈឯកជនដណ្តើមបានមេដាយមាស»។
លោកបន្តថា បច្ចុប្បន្នកីឡាលើកទម្ងន់បានចូលជាសមាជិកសហព័ន្ធលើកទម្ងន់ពិភពលោករួចហើយ និងមានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា និង NOCC រួចហើយដែរ។ ក្នុងរយៈពេលបង្កើតបានជាសហព័ន្ធលើកទម្ងន់ក្នុងអាណត្តិនេះ រយៈពេល ៣ ឆ្នាំ យើងរក្សាបានការហ្វឹកហាត់ត្រៀមក្នុងស្រុក និងមិនទាន់ទូលំទូលាយផុលផុស គួរឲ្យកត់សម្គាល់នៅឡើយ ប៉ុន្តែប្រភេទកីឡានេះ នឹងមានសម្ទុះក្រោយបានទៅហាត់នៅក្រៅប្រទេស។
នៅពេលសួរថា តើកីឡាលើកទម្ងន់កម្ពុជាអាចមានសក្តានុពលកម្រិតណា សម្រាប់ការប្រកួតក្នុងកម្រិតអន្តរជាតិ ពិសេសស៊ីហ្គេមនោះ? លោក វ៉ាត់ ចំរើន បានឆ្លើយតបថា៖ «កីឡាលើកទម្ងន់នេះ បើហ្វឹកហាត់បានល្អជាប់ជាប្រចាំជាមួយគ្រូជំនាញបរទេសនៅក្រៅដូចជានៅកូរ៉េ ឬចិន ត្រឹមរយៈពេល ២ ទៅ ៣ ឆ្នាំ គឺយើងនឹងអាចឈានដល់កម្រិតបច្ចេកទេសខ្ពស់បានឆាប់ ហើយក៏នឹងងាយរកបានមេដាយ ខណៈកន្លងមកកីឡាការិនីខ្មែរសុរិនធ្លាប់ឈ្នះបានមេដាយមាសអូឡាំពិក (លេងឲ្យថៃ) អ៊ីចឹងយើងកំពុងស្វែងរកអត្តពលិកកូនខ្មែរនៅក្រៅប្រទេស ដើម្បីចូលរួមហ្វឹកហាត់ និងប្រកួតឲ្យកម្ពុជា»។
ចំណែកអ្នកស្រី ទ្រី សុថាវី ជាគ្រូបង្វឹកបាននិយាយថា៖ «យើងមានការិយាល័យ និងទីកន្លែងហ្វឹកហាត់ហើយ គឺនៅជាន់ទី ៤ ក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ យើងមានធនធានអត្តពលិកល្អមួយចំនួន ប៉ុន្តែយើងស្វាគមន៍ចំពោះអ្នកស្រឡាញ់និយមចូលចិត្តប្រភេទកីឡានេះ គឺអាចមកសុំហ្វឹកហាត់បាន ដើម្បីក្លាយខ្លួនជាអត្តពលិកឆ្នើមឈានទៅជាជម្រើសជាតិដណ្តើមមេដាយជូនជាតិ»៕