ភ្នំពេញៈ សហព័ន្ធកីឡាស្នូកឃ័រកម្ពុជាបានជួបជុំធ្វើមហាសន្និបាតត្រៀមអាណត្តិទី ១ សម្រាប់ឆ្នាំ ២០១៨-២០២២ បន្ទាប់ពីសហព័ន្ធនេះអស់សុពលភាពជាច្រើនឆ្នាំកន្លងមកហើយ លោក វ៉ាត់ ចំរើន បានចាត់ទុកមហាសន្និបាតកាលពីព្រឹកថ្ងៃចន្ទម្សិលមិញជាការចាប់ផ្តើមបណ្តើរៗឲ្យសហព័ន្ធប្រមូលធនធានមនុស្ស និងថ្នាក់ដឹកនាំបានឯកភាពគ្នាដើម្បីឆ្ពោះទៅធ្វើមហាសន្និបាតពេញលេញម្តងទៀត ខណៈកីឡាប្រភេទនេះទទួលបានការគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេស។
មហាសន្និបាតបានសម្រេចជ្រើសរើសឲ្យលោក ជុំ កុសល ធ្វើជាប្រធានសហព័ន្ធលោក ដួង លាង អនុប្រធានទី ១ លោក សៅ វល័ក្ខណ៍ អនុប្រធានទី ២ លោក ម៉ារ៉ា សុជាតិ ជាអគ្គលេខាធិការ និងលោក សុខ ទី អគ្គហេរញ្ញិក ព្រមទាំងសមាជិកប្រតិបត្តិចំនួន ៨ នាក់ទៀត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «តាមគោលការណ៍ និងច្បាប់កីឡាមហាសន្និបាតនេះមិនទាន់ពេញលេញនៅឡើយទេ ដោយគណៈកម្មាធិការប្រតិបត្តិទាំងអស់ត្រូវតែមានវត្តមានដាច់ខាតទាំងអស់គ្នា»។
លោក ចំរើន បានហៅមហាសន្និបាតនេះថាជាការជួបជុំមួយដ៏វិសេសវិសាល ដែលបានឯកភាពគ្នាជាគោលការណ៍ដើម្បីពង្រឹង និងពង្រីកសកម្មភាពកីឡាស្នូកឃ័រឲ្យស្របច្បាប់មានថ្នាក់ដឹកនាំឡើងវិញ ហើយការបង្កើតឡើងវិញនេះ គឺទទួលបានការគាំទ្រ និងអនុញ្ញាតពីប្រធានចាស់គឺលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន បានកោតសរសើរដល់ក្រុមការងារដែលមានលោក ម៉ារ៉ា សុជាតិ (មួន ម៉ារ៉ា) ដែលខិតខំប្រមូលធនធានមនុស្ស និងថ្នាក់ដឹកនាំឲ្យបានជាគណៈកម្មាធិការប្រតិបត្តិដែលបានមកជួបជុំគ្នាកាលពីថ្ងៃចន្ទនោះ។ សមាសភាពសមាជិកប្រតិបត្តិមានសរុប ១៣ នាក់ក្នុងអាណត្តិទី ១ នេះក្នុងនោះមានអ្នកស្រី ស្រួង ភាវី អ្នកលេងកីឡាស្នូកឃ័រឆ្នើមនៅប្រទេសកូរ៉េ និងលោក ជា វ៉ាន់សាន្ត ជាស្ថាបនិកជំរុញឲ្យបង្កើតសហព័ន្ធកីឡាស្នូកឃ័រ ជាសមាជិកទ្រទ្រង់ផងដែរ។
លោក ដួង លាង ដែលជាប់ជាអនុប្រធានទី ១ សហព័ន្ធកីឡាស្នូកឃ័រថ្លែងថា៖ «ខ្ញុំពេញចិត្តនឹងចូលរួមក្នុងសកម្មភាពកីឡានេះណាស់ ព្រោះជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីកំណើត។ ខ្ញុំនឹងរៀបចំផែនការសកម្មភាព ដើម្បីឲ្យកីឡាស្នូកឃ័រមានសកម្មភាពទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិក្នុងនោះធ្វើឲ្យមានការហ្វឹកហាត់ និងមានការប្រកួតឲ្យបានច្រើន ដើម្បីឲ្យកីឡាស្នូកឃ័រនេះមានវត្តមានក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ចំណែកលោក ម៉ារ៉ា បាននិយាយថា៖ «តាមការវាយតម្លៃរបស់ខ្ញុំ ស្នូកឃ័រកម្ពុជានឹងមានការរីកចម្រើនយ៉ាងលឿន ព្រោះបច្ចុប្បន្នកីឡាប្រភេទនេះកំពុងពេញនិយមខ្លាំងក្នុងប្រទេសទោះបីមួយរយៈកន្លងមកអស់សុពលភាព ហើយនៅក្រៅប្រទេសយើងមានកីឡាការិនីឆ្នើមគឺអ្នកស្រី ស្រួង ភាវី ដែលថ្ងៃក្រោយនឹងក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិសម្រាប់កម្ពុជាយើង»។
ទោះបីយ៉ាងណាលោក វ៉ាត់ ចំរើន បានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិខិតខំជំរុញ និងរកពេលធ្វើមហាសន្និបាតពេញលេញម្តងទៀត ដើម្បីឲ្យមានការទទួលស្គាល់ពី NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអន្តរជាតិឲ្យបានឆាប់ ដើម្បីងាយស្រួលយើងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតព្រោះបច្ចុប្បន្នកីឡានេះកំពុងតែមានសក្តានុពល៕