ការស្វែងរកឱកាស ដើម្បីក្លាយជាគ្រូបង្វឹកជម្រើសជាតិរបស់អតីតអ្នកប្រដាល់ឆ្នើម និងល្បីល្បាញបំផុតក្នុងអំឡុងឆ្នាំ ២០០០ លោក សាន សៅយ៉ាន់ អាចនឹងត្រូវរលាយបាត់ ខណៈឈ្មោះរបស់លោកមិនមាននៅក្នុងបញ្ជីឈ្មោះជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកីឡាឃីកបុកស៊ីង សម្រាប់ឆ្នាំ ២០២១ នេះ នោះទេ។
តាមគម្រោងស្នើសុំពីដំបូងរបស់សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដែលមានលោក ហេង សុឃន ជាប្រធាននោះគឺលោក សាន សៅយ៉ាន់ រួមជាមួយអតីតកីឡាករជើងខ្លាំង បឺត ខាំ, សៅ ប៊ុននឿន សុទ្ធតែនៅក្នុងបេក្ខភាពជាគ្រូជំនួយនៃក្រុមជម្រើសជាតិឃីកបុកស៊ីង ខណៈលោក ជា រិទ្ធ ជាគ្រូធំ។ ប៉ុន្តែយោងតាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺគ្មានឈ្មោះលោក សាន សៅយ៉ាន់ និង បឺត ខាំ នោះទេ គឺមានតែ លោក ជា រិទ្ធ (គ្រូធំ) ព្រមទាំងលោក សៅ ប៊ុននឿន និងលោក រុំ ឆាវជ័យ ជាគ្រូជំនួយ។
ទាក់ទងនឹងបញ្ហានេះ ម្ចាស់ក្លិបប្រដាល់នាគា សាន សៅយ៉ាន់ខេត្តបន្ទាយមានជ័យ លោក សាន សៅយ៉ាន់ បានប្រាប់កាលពីម្សិលមិញថា៖ «ខ្ញុំមិនទាន់បានទទួលដំណឹងពីការបាត់ឈ្មោះខ្ញុំនៅឡើយទេ គិតមកដល់ពេលនេះ។ បើខ្ញុំមិនជាប់ជាគ្រូជម្រើសជាតិទេ គឺមានតែទៅធ្វើស្រែចម្ការទៀតទៅ។ ប្រសិនបើគ្មានឈ្មោះខ្ញុំ តើមាននរណាគេមានសមត្ថភាពបង្វឹកល្អលើសខ្ញុំ? ប៉ុន្តែខ្ញុំក៏មិនទទួលបានការទៅធ្វើតេស្ត ឬប្រឡងអ្វីនោះដែរ»។
សហព័ន្ធកីឡាឃីកបុកសស៊ីង ទទួលបានការអនុញ្ញាតឱ្យប្រមូលផ្តុំជាក្រុមជម្រើសជាតិជាលើកដំបូង ក្នុងឆ្នាំ ២០២១នេះ បន្ទាប់ពីបានជ្រកក្រោមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីឆ្នាំ ២០១៩ ដែលជាពេលពួកគេបានចេញទៅប្រកួតស៊ីហ្គេមជាលើកដំបូង នៅប្រទេសហ្វីលីពីន ហើយដណ្តើមបានមេដាយសំរឹទ្ធផងដែរ។
លោក សាន សៅយ៉ាន់ បានបន្ថែមថា៖ «កាលពីមុន លោកប្រធានសហព័ន្ធ (ហេង សុឃន) បានប្រាប់ថា គាត់បានយកប្រវត្តិរូបខ្ញុំទៅហើយ ហើយបើគាត់ជួយបាន គឺនឹងជួយ តែគិតមកដល់ថ្ងៃនេះ ខ្ញុំមិនទាន់ទទួលបានដំណឹង ឬលទ្ធផលយ៉ាងណាទេ ប៉ុន្តែបើគេមានឈ្មោះអស់ហើយ ហេតុអ្វីគេមិនប្រាប់ខ្ញុំថា ធ្លាក់? ខ្ញុំមិនតូចចិត្តទេ មានតែទៅធ្វើស្រែ និងចម្ការបន្តទៀត ចំណែកក្លិបប្រដាល់របស់ខ្ញុំ គឺប្រឹងប្រែងបន្តិចៗ ទៅតាមលទ្ធភាព ព្រោះកូនសិស្សឆ្នើមៗរបស់ខ្ញុំជាង ១០ នាក់បានជាប់ជម្រើសជាតិតែម្នាក់គត់ គឺ សុខ រិទ្ធ»។
និយាយពីបទពិសោធ និងសមត្ថភាពរបស់លោក សាន់ សៅយ៉ាន់ វិញ ត្រូវបានមហាជនទទួលស្គាល់ថា ជាគ្រូបង្វឹកឆ្នើមម្នាក់ ដែលផលិតបានកីឡាករល្អៗលំដាប់ប្រកួតអន្តរជាតិដូចជាកីឡាករ សុខ រិទ្ធ កីឡាករ សុខ ធី និង ភួន ឡាំងកូស៊ីន ជាដើម។ កន្លងមក សៅយ៉ាន់ ធ្លាប់មានរឿងចម្រូងចម្រាសជាច្រើនទាក់ទងទៅនឹងការកាត់ក្តីរបស់គណៈកម្មការប្រដាល់គុនខ្មែរដែលឱ្យកូនសិស្សរបស់លោក ចាញ់ដោយមិនប្រក្រតី បន្ទាប់មកលោក សាន សៅយ៉ាន់ បានបាត់ឈ្មោះពីអាជ្ញាកណ្តាល និងចៅក្រមផងដែរ។
គួររំឭកថា កាលពីនៅជាកីឡាករ លោក សាន់ សៅយ៉ាន់ មានរហស្សនាមថា កំពូលអ្នកលេងកែងរូសមុខកាណូត ដែលធ្លាប់ឈ្នះខ្សែក្រវាត់ M150 នៅសង្វៀនប៉ុស្តិ៍លេខ ៥ ឆ្នាំ ២០០២។ ភាពល្បីល្បាញរបស់ សាន សៅយ៉ាន់ គឺមានចំណុចខ្លាំង ត្រង់គេទិញឱ្យប្រកួតធ្វើចាញ់ មិនលក់ ហើយភាពល្បីល្បាញមួយទៀត គឺប្រកួតឈ្នះកីឡាករឆ្នើម ៣ នាក់មានអ្នកលេងកណ្តាប់ដៃ នួន បូរ៉ា ឈ្នះអ្នកលេងជង្គង់ ឡុង វ៉ាន់ថន និងឈ្នះអ្នកលេងស្នៀតទាត់ ក្រាក់ សម្ជស្ស។
សាន សៅយ៉ាន់ បានបញ្ជាក់ថា៖ «កាលនៅជាកីឡាករ ខ្ញុំប្រកួតមិនដែលខ្លាចញញើតនរណាទេ ហើយកីឡាករប៉ះជាមួយខ្ញុំ មានជើងល្បីៗ នួន សូរិយា, ភិន សុផល,ឡុង វ៉ាន់ថន ,ក្រាក់ សម្ផស្ស, នួន បូរ៉ា និង ជ័យ កុសល ជាដើម ប៉ុន្តែខ្ញុំមានចំណុចខ្សោយប្រកួតចាញ់តែកីឡាករ ផល សុភាព មកពីជើងទឹក ពោលគេមិនខ្លាំងទេ តែខ្ញុំវ៉ៃ ៤ លើក មិនដែលឈ្នះ»៕