ភ្នំពេញៈ ​កីឡាករ​ខ្លួន​តូចចិត្ត​ធំ​របស់​កម្ពុជា ម៉ន សាម៉េត ​បាន​សម្រេច​ចិត្ត​ថា រូប​គេ​នឹង​​ប្តូរ​យុទ្ធសាស្រ្ត​វ៉ៃ​ជាមួយ​អ្នក​​ប្រដាល់​ថៃ Khav Krachang គឺ​ការ​ចូល​ប្តូរ ដោយ​មិន​ខ្វល់​ពី​ការ​សន្លប់​​ដណ្តើម​យក ៣ ​ពិន្ទុ សម្រាប់​ការ​ជួប​គ្នា ក្នុង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ Khmer ​Inter​Championship ​(KIC) ​នៃ​​សង្វៀន​ទូរទស្សន៍ ​ONE- TV​ នា​ល្ងាច​ថ្ងៃ​អាទិត្យ ចំណែក អេលីត ចំរើន មាន​ការ​ជឿជាក់​ថា នឹង​ឈ្នះ​បាន ​៣ ពិន្ទុ​ពី Noeng Thavath ដោយ​គ្មាន​ការ​បារម្ភ​ឡើយ។

សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី​៣ ​នេះ ម៉ន សាម៉េត មិន​ត្រឹម​តែ​មាន​មហិច្ឆតា​ចង់​ឈ្នះ​បាន ៣ ពិន្ទុ ​ពី​ជើង​ខ្លាំង​របស់​ថៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​រូប​គេ ក៏​ចង់​ផ្តួល​ថៃ​ម្នាក់​នេះ​ឲ្យ​សន្លប់​ផង​ដែរ ដើម្បី​ប្រជែង​ជាមួយ​មិត្ត​រួម​ជាតិ ដែល​ឈរ​នៅពូល​កម្ពុជា​ជាមួយ​គ្នា ព្រោះ​ពេល​នេះ ម៉ន សាម៉េត, អេលីត ចំរើន និង មាស សារ៉ាក់ មាន ​៦ ពិន្ទុ​ស្មើ​គ្នា ខណៈ​រូប​មន្ត​ប្រកួត គឺ​កំណត់​យក​តែ​អ្នក​បាន​​លេខ ​១ និង​លេខ ២ ទៅ​ឡើង​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ។

បើ​ប្រៀប​ធៀប​ប្រវត្តិ​ប្រកួត ​និង​បទពិសោធ​របស់ ​ម៉ន ​សាម៉េត ​និង​ថៃ ​Khav​ Krachang ​គឺ​​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ ​ម៉ន ​សាម៉េត ​ចាញ់​ប្រៀប​ផ្នែក​កម្ពស់​ និង​ស្នៀត​ជង្គង់​។ ទោះ​យ៉ាង​ណា​​កីឡាករ​ថៃ​រូប​នេះ ​ខ្សោយ​ផ្នែក​មុខ​ និង​ធ្លាប់​សន្លប់​ក្រោម​កណ្តាប់​ដៃ​ធ្ងន់​របស់​កីឡាករ ​មាស​ សារ៉ាក់​ ផង​ដែរ​។​

ម៉ន​ សាម៉េត បាន​​និយាយ​ថា​៖ «​ជំនួប​ប្រកួត​លើក​នេះ​ពិត​ជា​លំបាក​ ​ព្រោះ​គេ​ខ្ពស់​ជាង អ៊ីចឹង​យើង​អាច​ចាញ់​ប្រៀប​ផ្នែក​ជង្គង់ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​លើក​នេះ​វ៉ៃ​ប្តូរ​យុទ្ធសាស្ត្រ​ ដោយ​ចូល​កៀក​ប្រើ​កែង ​និង​កណ្តាប់​ដៃ​។ ​និយាយ​ទៅ​វ៉ៃ​ប្តូរ​តែ​ម្តង ​បើ​គេ​មិន​សន្លប់ ​គឺ​យើង​សន្លប់​ ព្រោះ​បើ​ចង់​វ៉ៃ​តាម​បច្ចេកទេស​ធម្មតា ​គឺ​អាច​នឹង​ចាញ់​ពិន្ទុ​ថៃ​»។​

ម៉ន ​សាម៉េត​ បាន​បន្ថែម​ថា​៖ «​តាម​មើល​ការ​ប្រកួត​របស់​កីឡាករ​ថៃ​រូប​នេះ គឺ​គេ​​ល្អ​ផ្នែក​ឱប​ឡើង​ជង្គង់ ​ហេតុ​នេះ​បើ​ខ្ញុំ​មិន​វាយ​ប្តូរ​ទេ​ ​មិន​អាច​មាន​ប្រៀប​យក​ឈ្នះ​បាន​ឡើយ​។​ ​ខ្ញុំ​ហ្វឹកហាត់​ជា​ប្រចាំ​ និង​ត្រៀម​បាន​ល្អ​ ហើយ​ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង ​៤ នាក់ ​​ខ្ញុំ​គិត​ថា​ Khav​ Krachang ​នេះ​លំបាក​ប្រកួត​ជាង​គេ ​ហេតុ​នេះ​​បើ​ខ្ញុំ​ឆ្លង​ផុត ​គឺ​ធានា​ថា ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ ដោយ​សង្ឃឹម​ឈ្នះ ​៧៩ ​ភាគរយ​»​។​

ចំណែក​គ្រូ​បង្វឹក​របស់​ថៃ​ លោក​ ថាញ់ ​វ៉ាឡេក បាន​​និយាយ​ថា​៖ ​«បើ​សិន​ចាប់​ឱប​ជាប់ Khav​ Krachang​ អាច​នឹង​ផ្តួល​ ម៉ន ​សាម៉េត​ ឲ្យ​សន្លប់​ដោយ​ក្បាច់​ជង្គង់​បាន​ ​​ប៉ុន្តែ​ការ​ប្រកួត​នេះ​ មាន​មួយ​ច្រក​ម្នាក់​ទេ​ ព្រោះ​បើ​ចាប់​ ម៉ន ​សាម៉េត​ មិន​ជាប់ ​អាច​ចាញ់​ដោយ​ពិន្ទុ ​ឬ​កណ្តាប់​ដៃ​ និង​កែង​។ ទោះ​យ៉ាង​ណា Khav Krachang អាច​មាន​សង្ឃឹម​​ឈ្នះ​ដល់ ​៩០ ​ភាគរយ ​លើ​ ម៉ន​សាម៉េត»។​

ចំណែក​​ការ​ជួប​គ្នា​រវាង អេលីត ​ចំរើន ​និង​ថៃ Noeng Thavath ​វិញ​ ត្រូវ​បាន​គ្រូ​បង្វឹក ចំរើន គឺ​លោក ​ស៊ន ​អេលីត​ និយាយ​ទំនង​ដូច​ជា​អួត​បន្តិច​ថា​ ​អេលីត​ ចំរើន​ ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​ហើយ​ការ​ប៉ះ​ថៃ​លើក​នេះ ចំរើន សង្ឃឹម​ឈ្នះ​តែ​ម្តង ព្រោះ​​ក្នុង​ចំណោម​កីឡាករ​ថៃ​ទាំង ​៤ ​នាក់​នេះ ​គឺ​លំបាក​ទប់ទល់​ស្នៀត​ជង្គង់​របស់​ចំរើន​ណាស់​។​ ​

ស៊ន ​អេលីត បាន​​អះអាង​ថា​៖ «​កុំ​ថា​ខ្ញុំ​អួត​ ​ព្រោះ​ខ្ញុំ​បង្វឹក​ផ្ទាល់​ដៃ​ ហើយ​អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ចៅ​ក្រម​កាត់​សេចក្តី​មិន​យុត្តធម៌​ ក្នុង​ករណី​ឈ្នះ​ចាញ់​ដោយ​លទ្ធផល​ពិន្ទុ​នោះ»​៕