ភ្នំពេញ៖ កីឡាករកម្ពុជា ម៉ន សាម៉េត និង អេលីត ចំរើន សុទ្ធតែបានបង្ហាញពីទំនុកចិត្តខ្ពស់ក្នុងការយកឈ្នះលើអ្នកប្រដាល់ថៃ Lafan និង Neong Thavath សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ KIC នៅលើសង្វៀន One TV នាល្ងាចថ្ងៃអាទិត្យនេះ ដើម្បីឡើងទៅប្រជែងគ្នាយកខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ ៤ ០០០ ដុល្លារ នៅវគ្គផ្តាច់ព្រ័ត្រ។
ការបង្ហាញភាពជឿជាក់នេះ ក៏ព្រោះថា ម៉ន សាម៉េត និង អេលីត ចំរើន ដែលបានឈ្នះទាំង ៤ ប្រកួតដូចគ្នា ក្នុងវគ្គជម្រុះនោះ គឺសុទ្ធតែធ្លាប់បានផ្តួលកីឡាកររបស់ថៃទាំង ២ នេះឲ្យសន្លប់ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ម៉ន សាម៉េត ត្រូវប៉ះ Lafan ហើយ ចំរើន ត្រូវវិលមកជួប Neong Thavath។
ម៉ន សាម៉េត បាននិយាយ៖ «ខ្ញុំកំពុងហ្វឹកហាត់យ៉ាងមមាញឹក ដើម្បីយកឈ្នះ Lafan ព្រោះដៃគូម្នាក់នេះ ទោះខ្ញុំធ្លាប់ឈ្នះគេក្នុងទឹកទី ៣ ក្នុងវគ្គជម្រុះក៏ដោយ តែមិនអាចមើលស្រាល ឬបន្ធូរដៃបានទេ ព្រោះនេះជាវគ្គសំខាន់ឆ្ពោះទៅរកខ្សែក្រវាត់។ ខ្ញុំគិតថា ខ្ញុំអាចយកឈ្នះកីឡាករថៃ Lafan បាន ប៉ុន្តែមិនធានាវ៉ៃឲ្យសន្លប់បាន ឬយ៉ាងណានោះទេ ព្រោះគេរហ័ស និងគេចលឿន»។
ម៉ន សាម៉េត ដែលកំពុងប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៩ ផងនោះ បានបន្ថែមថា៖ «ទាំងការប្រកួតថ្នាក់ជាតិ និងការប្រកួតខ្សែក្រវាត់នេះ គឺមានឧបសគ្គដូចគ្នា ប៉ុន្តែខ្សែក្រវាត់ KIC ខ្ញុំមិនអាចបន្ធូរដៃបានទេ។ ខ្ញុំមានមធ្យោបាយ ដើម្បីឈ្នះដាច់ខាត គឺធានាបាន ១០០ ភាគរយ នឹងទទួលបានកៅអីផ្តាច់ព្រ័ត្រ ទោះបីឆ្លងកាត់ឈឺខ្លួនយ៉ាងណាក្តី»។
ចំណែកលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានប្រាប់ថា៖ «Lafan កំពុងហាត់យ៉ាងសកម្ម និងប្រឹងអស់ពីលទ្ធភាព ព្រោះវាជាវគ្គសំខាន់ ប៉ុន្តែខ្ញុំទទួលស្គាល់ថា Lafan ទំនងចាញ់ប្រៀបស្នៀតកែងរបស់ ម៉ន សាម៉េត ឯស្នៀតទាត់ ជង្គង់ និងកណ្តាប់ដៃ ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នាទេ។ សម្រាប់ Lafan ធានាវ៉ៃអស់ពីសមត្ថភាព ប៉ុន្តែបញ្ហាលទ្ធផលចាញ់ ឬឈ្នះមិនអាចនិយាយបានមុនប្រកួតនោះឡើយ ហើយបើនិយាយពី ម៉ន សាម៉េត គឺពិតជាចាស់វស្សា និងមានបទពិសោធល្អជាង Lafan ហើយ»។
ដោយឡែក អេលីត ចំរើន ធ្លាប់បានផ្តួលថៃ Neong Thavath ឲ្យសន្លប់ត្រឹមទឹកទី ១ ប៉ុណ្ណោះ ហើយការជួបគ្នាលើកនេះ លោក ស៊ន អេលីត ជាគ្រូបង្វឹកនិយាយថា៖ «តាមការហ្វឹកហាត់ និងមើលពីសមត្ថភាព គឺអេលីត ចំរើន អាចនឹងឈ្នះ Neong Thavath មិនលំបាកនោះឡើយ ប៉ុន្តែខ្ញុំមិនចង់និយាយរឿងប្រដាល់ឲ្យជ្រៅនោះឡើយ ព្រោះខ្ញុំធ្លាប់ទទួលរងអយុត្តិធម៌នៅសង្វៀនដទៃ តែនៅសង្វៀន One TV ខ្ញុំគិតថា គេបើកថ្មី នឹងមានយុត្តិធម៌ល្អសម្រាប់គ្រប់ៗគ្នាមិនខាន»។
លោក ស៊ន អេលីត បានប្រាប់បន្ថែមថា៖ «ការប្រកួតដណ្តើមខ្សែក្រវាត់នេះ អាច ម៉ន សាម៉េត និង អេលីត ចំរើនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់មក អេលីត ចំរើន នឹងបន្តបេសកកម្មទៅប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនទៀត ដែលទទួលបានសិទ្ធិពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា»៕