ពីទីក្រុងហ្សាការតា: កីឡាករជំនាញក្បាច់គុនចម្រុះ (MMA) របស់កម្ពុជា រិន សារ័ត្ន បានត្រឹមពោលពាក្យថា «សោកស្តាយ» ចំពោះការក្តោបក្តាប់ឱកាសមិនបានល្អក្នុងការប្រើក្បាច់ក្លេ យកឈ្នះលើកីឡាកររបស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី Sunoto ក្នុងការប្រកួត ONE: Kings Of Courage នៅទីក្រុង Jakarta កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែកីឡាការិនីរបស់ចិន Xiong Jing Nan បានក្លាយជាម្ចាស់ខ្សែក្រវាត់ប្រចាំព្រឹត្តិការណ៍ របស់ ONE Championship លើកនេះ។
រិន សារ័ត្ន ក្រោយពីរូបគេបានចាញ់ Sunoto បាននិយាយថា៖ «វាមិនមែនជារឿងស្រួលនោះទេ នៅពេលយើងបានក្លេទៅលើគូប្រកួតម្តងៗ ព្រោះក្បាច់ក្លេនេះ បង្កើតឡើងដោយគ្រូបង្វឹករបស់ខ្ញុំផ្ទាល់ ប៉ុន្តែវាពិតជាគួរឲ្យសោកស្តាយបំផុត ដែលខ្ញុំមិនអាចក្តោបក្តាប់ឱកាសនេះបាន ព្រោះកម្លាំងរបស់ខ្ញុំមិនដល់»។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌល Jakarta Convention Center នៃប្រទេសឥណ្ឌូនេស៊ីនោះ កីឡាករ Sunoto បានចាប់បោកឲ្យ រិន សារ័ត្ន ដួលយ៉ាងងាយ និងព្យាយាមរកឱកាសនៅពីលើ ដើម្បីវាយប្រហារ សារ័ត្ន ទៅតាមជំនាញរបស់គេ ប៉ុន្តែក្នុងដំណាក់កាលនេះ សារ័ត្ន បានប្រើក្បាច់ក្លេគាបកទាញមកក្រោមវិញ នាំឲ្យ Sunoto ស្ទើរតែបាត់ស្មារតីនៅចុងទឹកទី ១ ទៅហើយ។
យ៉ាងណាក៏ដោយ កីឡាកររបស់ម្ចាស់ផ្ទះរូបនេះ បានស៊ូទ្រាំ និងបានរើបម្រះរួចពីការប្រើក្បាច់ក្លេរបស់ សារ័ត្ន ព្រមទាំងបានយកឈ្នះលើ រិន សារ័ត្ន នៅពាក់កណ្តាលទឹកទី ២ តាមរយៈការក្លេដៃឆ្វេង បង្ខំឲ្យអ្នកប្រយុទ្ធកម្ពុជា សុំចុះចាញ់តែម្តង។
រិន សារ័ត្ន បានបញ្ជាក់ថា៖ «អាចមកពីខ្ញុំមានកម្លាំងនៅខ្សោយជាងគេ ហើយម្យ៉ាងទៀតសាច់ស្មា និង ករបស់គេខ្លី ពិបាកចាប់ដែរ។ រឿងសំខាន់ទៀតនោះ គេជាម្ចាស់ផ្ទះ អ៊ីចឹងគេស៊ូសន្លប់ មិនព្រមចាញ់យើងនោះទេ គឺគេមានភាពស៊ូខ្លាំងបំផុត»។
ចំណែកលោក ហ៊ុន ចាន់រាជ ដែលជាគ្រូបង្វឹក មិនបានបន្ទោសទៅលើការធ្វើឲ្យបាត់ឱកាសឈ្នះរបស់ រិន សារ័ត្ន នោះទេ ព្រោះ សារ័ត្ន មកប្រកួតជំនួស ថៃ រិទ្ធី ហើយការហ្វឹកហាត់បានត្រឹម ២ សប្តាហ៍ ដែលធ្វើឲ្យរូបគេមានកម្លាំងមិនទាន់ពេញល្អ។
លោកបាននិយាយថា៖ «បើទោះបីជាយើងនៅក្រោមគេ ប៉ុន្តែយើងមានប្រៀបជាង ព្រោះគេបានចូលក្លេរបស់យើង ស្ទើរពេញមួយទឹក ហើយបើសិនជា រិន សារ័ត្ន មានកម្លាំងដល់ គេនឹងសន្លប់ហើយ ប៉ុន្តែយើងនៅស្ទើរកម្លាំង ម្យ៉ាងទៀតកីឡាករម្ចាស់ផ្ទះរូបនេះ ស៊ូខ្លាំងណាស់»។
លោកបានបញ្ជាក់ថា៖ «នៅពេលជាប់ក្លេនោះ ខ្ញុំឃើញជើងទាំង ២ របស់កីឡាករឥណ្ឌូនេស៊ី រាងកន្ត្រាក់ គឺមានន័យថា គាត់ជិតសន្លប់ហើយ ដោយសារតែការក្លេរបស់ សារ័ត្ន ធ្វើឲ្យឈាមបញ្ជូនអត់គ្រប់ ទៅកាន់ខួរក្បាល អ៊ឹចឹងបើ សារ័ត្ន មានកម្លាំងគ្រប់ គេនឹងសន្លប់។ ប៉ុន្តែខ្ញុំមិនសោកស្តាយទេ គឺលទ្ធផលហ្នឹងវាល្អហើយ ហើយយើងមានតែខំប្រឹងហាត់បង្កើនកម្លាំងបន្ថែមទៀត ព្រោះ សារ័ត្ន នៅមានការប្រកួតចំនួន ៦ លើកទៀត ឯណោះ»។
កីឡាការិនីរបស់ចិន Xiong Jing Nan បានក្លាយជានារីទី ១ ដែលបានឈ្នះខ្សែក្រវាត់ពិភពលោកផ្នែកនារីរបស់ ONE Championship ក្នុងទម្ងន់ចន្លោះពី ៥២,៣ ទៅ ៥៦,៧ គីឡូក្រាមក្នុងការប្រកួតគូឯកប្រចាំព្រឹត្តិការណ៍ ONE: Kings Of Courage នេះ បន្ទាប់ពីរូបគេ បានផ្តួលកីឡាការិនីរបស់សិង្ហបុរី Tiffany Teo ដោយការប្រើកណ្តាប់ដៃ នៅពាក់កណ្តាលទឹកទី ៤ នោះ។ តាមរយៈការប្រកួតនេះ Xiong Jing Nan បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ មើលឃើញពីភាពខ្លាំងរបស់ខ្លួន ដែលស័ក្តិសមទទួលបានខ្សែក្រវាត់ពិភពលោក ក្នុងប្រភេទទម្ងន់មួយនេះ ព្រោះរូបនាង បានប្រើកណ្តាប់ដៃ ម៉ាត់ទៅលើផ្ទៃមុខ Tiffany Teo ឡើងហើមពេញមុខតែម្តង។
ចំណែកអតីតម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ជប៉ុន Shinya Aoki បានយកឈ្នះកីឡាកររបស់រុស្ស៊ី Marat Gafurov ក្នុងការប្រកួត ដែលតម្រូវឲ្យប្រើតែក្បាច់ក្លេសុទ្ធឈ្មោះថា Grappling Super-Match តាមរយៈការក្លេបំពង់ក បង្ខំឲ្យ Marat សុំចុះចាញ់ ដោយប្រើរយៈពេលជាង ៩ នាទី។ ចំពោះលទ្ធផលគូប្រកួតផ្សេងទៀត កីឡាកររបស់ឥណ្ឌូនេស៊ី Stefer Rahardian បានយកឈ្នះ Muhammad Imran របស់ប៉ាគីស្ថាន ដោយពិន្ទុ ឯកីឡាកររុស្ស៊ី Yusup Saadulaev បានយកឈ្នះជប៉ុន Makakazu ដោយពិន្ទុដែរ៕