ភ្នំពេញ៖ ​សាលា​បាល់​ទាត់​អន្តរជាតិ​ប្រេស៊ីល​នៅ​កម្ពុជា (BIFA Cambodia) ដែល​ប្រមូល​ផ្តុំ​ដោយ​គ្រូបង្វឹក​អាជីព​មាន​ទេពកោសល្យ មក​ពី​ប្រទេស ​ប្រេស៊ីល នោះ គ្រោង​នឹង​បើក​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ឆាប់ៗ​នេះ ហើយ​អតីត​ខ្សែ​បម្រើ​ដ៏​ឆ្នើម​ម្នាក់​របស់​​ប្រេស៊ីល​​គឺ Ricardo Alves Fernandes បាន​ចាត់​ទុក​វត្តមាន​របស់​សាលា​នេះ​ថា ជា​ឱកាស​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាករ​អាជីព​ដែល​មាន​សមត្ថភាព​ខ្លាំង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ខ្សែ​បម្រើ Ricardo Alves Fernandes ដែល​ជា​ស្ថាបនិក​សាលា​បាល់ទាត់​អន្តរជាតិ​ប្រេស៊ីល (BIFA) ផង​នោះ បាន​មើល​ឃើញ​ថា វិស័យ​កីឡា​នៅ​ក្នុង​​កម្ពុជា កំពុង​តែ​មាន​ការ​រីក​ចម្រើន ហេតុនេះ​ការ​បើក​ឲ្យ​សាលា​បាល់ទាត់​អន្តរ​ជាតិ​ប្រេស៊ីល​នៅ​កម្ពុជា បាន​ក្លាយ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​វ័យ​ក្មេង​ដែល​ចង់​វិវឌ្ឍ​ខ្លួន ទៅ​ជា​កីឡាករ​អាជីព​ដែល​មាន​គុណភាព​លេង​ខ្លាំង ស្រប​ទៅ​តាម​ស្តង់ដា​អន្តរជាតិ។

បន្ថែម​លើ​នេះ​លោក Ricardo Alves Fernandes មិន​បាន​ចាត់​ទុក​ថា ការ​បើក​សាលា​​បាល់​ទាត់​អន្តរជាតិ​ប្រេស៊ីល​នៅ​កម្ពុជា ជា​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្លិប​ផ្សេងៗ​ដែល​កំពុង​​បណ្តុះ​​យុវជន​ថ្នាល​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា៖​ «​ការ​បើក​សាលា​នេះ មិនមែន​ជា​ការ​ប្រកួត​​ប្រជែង​នោះ​ទេ ដោយសារ BIFA មាន​សមាជិក​ជា​ច្រើន​នៅ​លើ​ពិភព​លោក អ៊ីចឹង​​យើង​មក​នេះ ដើម្បី​សហការ និង​ចូលរួម​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ការ​រីកចម្រើន ពិសេស​ដើម្បី​ឲ្យ​ក្មេងៗ ដែល​មាន​ទេពកោសល្យ​អាច​មាន​ឱកាស​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស»។

ចំណែក​លោក D.W Daniel អគ្គនាយក និង​ជា​ដៃគូ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Riellionaire បាន​អះអាង​ថា BIFA Cambodia នឹង​ធ្វើ​ការងារ​ជាមួយ​សាលា ដែល​ជា​ដៃគូ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​យក​ក្មេងៗ​មាន​អាយុ​ចាប់​ពី ៤ ទៅ ​១៨ ​ឆ្នាំ​ ដែល​មាន​ទេពកោសល្យ​យក​មក​បណ្តុះ​បណ្តាល ក្រោម​ការ​បង្ហាត់​របស់​គ្រូ​បង្វឹក ដែល​មាន​ជំនាញ​ច្បាស់លាស់ ព្រោះ​គ្រូ​បង្វឹក​ទាំង​អស់​សុទ្ធ​តែ​មាន​ License កម្រិត​ខ្ពស់។

បើ​តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​ប្រកាស នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​ឲ្យ​ដឹង​ថា BIFA Cambodia នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ​៥ ខែ​កុម្ភៈ ក្នុង​ព្រឹត្តិការណ៍ «ដំណើរ​ទស្សនកិច្ច​របស់​វីរបុរស​បាល់ទាត់​ប្រេស៊ីល លោក Roberto Carlos» ដែល​នឹង​រៀបចំ​ឡើង ដោយ​​ក្រុមហ៊ុន Riellionaire និង​ដៃ​គូ​ឧបត្ថម្ភ​ផ្តាច់​មុខ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប៊ូសស្ត្រង ព្រម​ទាំង​ដៃគូ​សហការ​មួយ​ចំនួន​ទៀត ហើយ​​វត្តមាន​របស់​អតីត​ខ្សែ​ការពារ​ជំនាញ​ជើង​ឆ្វេង​ដ៏​ល្បី​ឈ្មោះ Carlos ​វា​បាន​ក្លាយ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា។

លោក គុយ ប៉ាន់ឆ័យ ស្ថានិក និងជា CEO របស់​ក្រុមហ៊ុន រៀលលាននែរ (Riellionaire) ដែល​ជា​ក្រុមហ៊ុន​នាំ​យក BIFA មក​កាន់​ប្រទេស ​កម្ពុជា បាន​ថ្លែង​ថា៖ ​«កម្មវិធី​បង្ហាញ​បាល់ទាត់​របស់ BIFA នេះ គឺ​យើង​កំពុងតែ​រៀបចំ​នាំចូល​ស្រុក​ខ្មែរ ហើយ​នៅ​ថ្ងៃទី ​៥ ខែ​កុម្ភៈ យើង​នឹង​សម្ភោធ​ជា​ផ្លូវ​ការ ក្នុង​នោះ​យើង​ក៏​បាន​អញ្ជើញ​​វីរបុរស​បាល់ទាត់​របស់​ប្រេស៊ីល លោក Roberto Carlos មក​សម្ពោធ​កម្មវិធី​នេះ​ផង​ដែរ និង​មក​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង។

ចំណែក​គ្រូ​បង្វឹក​​របស់​ BIFA Cambodia គឺ ​៩០ ​ភាគរយ ជា​គ្រូ​បង្វឹក និង​អតីត​កីឡាករ​ល្បីៗ​របស់​ប្រេស៊ីល រីឯ​មួយ​ចំនួន​ទៀត ជា​គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ មក​ពី​ក្លិប​ផ្សេងៗ គឺ​ការ​បង្ហាត់​របស់​យើង​នឹង​ធ្វើ​ទៅ​តាម​ក្បូន​ខ្នាត និង​ស្តង់ដា​អន្តរជាតិ​តែ​ម្តង​ ដើម្បី​ឲ្យ​ការ​បង្វឹក​មាន​គុណភាព​ខ្ពស់»៕