ភ្នំពេញៈ កីឡាករ​កម្ពុជា ផង់ សុភាព ដែល​បាន​ឡើង​ទម្ងន់​ដល់​ ៦៩ ​គីឡូក្រាម​នោះ​ត្រូវ​បាន​ជើង​ខ្លាំង​របស់​ថៃ Tav Oulan វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ៣ ​សម្រាប់​ការជួប​គ្នា​នៅ​លើ​សង្វៀន SEATV កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ប៉ុន្តែ មៀច សុខរ៉ា បាន​ទាត់​ឲ្យ​បារាំង Kevin ខូច​ជើង​ត្រឹម​ទឹក​ទី​ ២​។

យ៉ាងណា​ក៏ដោយ​ការបរាជ័យ​របស់ ផង់ សុភាព មិន​ធ្វើឲ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​សមត្ថភាព​របស់​គេ​មិន​ទាន់​ល្អ​ដូច Tav Uolan ទេ ខណៈ​ដែល​ថៃ​រូបនេះ​ធ្លាប់​បង្ក្រាប​កីឡាករ​ជើង​ខ្លាំងៗ​របស់​កម្ពុជា​ច្រើន​គ្នា និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​លើ​សង្វៀន SEATV នេះ​ផង​ដែរ​ក្នុង​ទម្ងន់​ ៦៩ ​គីឡូក្រាម​។

ការប្រកួត​ ២ ​ទឹក​ដំបូង ផង់ សុភាព វ៉ៃ​ចេញ​បាន​ល្អ​គួរសម​ដោយ​មាន​ចេញ​ស្នៀត​ទាត់ គ្មាន​ឱកាស​ប្រើ​ស្នៀត​ពិឃាត​ប្រចាំ​ត្រកូល​គឺ​កែង​រូស​នោះ​ឡើយ​។ ​ផ្ទុយ​ទៅ​វិញ សុភាព ទទួល​រង​នូវ​ស្នៀត​ទាត់​រហ័ស​របស់ Tav Oulan ញឹកញាប់​។ ឈានចូល​ដល់​ទឹក​ទី​ ៣ ​ស្នៀត​ទាត់ និង​ជង្គង់​របស់ Tav Oulan បាន​ធ្វើឲ្យ ផង់ សុភាព ដួល​លើ​ក្តារ​សង្វៀន និង​សុំ​ចុះចាញ់​តែ​ម្តង​។

ផង់ សុភាព និយាយ​ក្រោយ​ពេល​ប្រកួត​ចាញ់​ថា​៖ «​ថៃ​នេះ​សមត្ថភាព​ខ្ពស់ ល្អ​ណាស់ ខ្ញុំ​មិន​អាច​វ៉ៃ​ឈ្នះ​បាន​ទេ ពិសេស​ខ្ញុំ​លំបាក​ចេញ​ស្នៀត​កណ្តាប់ដៃ និង​កែង​រូស​ដោយ​ខ្ញុំ​ចាញ់​ល្បឿន​ទាត់​របស់​គេ​»​។

ផ្ទុយ​ពី​នេះ​កីឡាករ​កម្ពុជា មៀច សុខរ៉ា ដែល​ទើប​បង្ហាញ​វត្តមាន​លើ​សង្វៀន​ជាថ្មី​ក្នុង​ទម្ងន់​ ៦៥ ​កីឡូក្រាម​បាន​ស្តារ​មុខមាត់​វិញ​ដោយ​ទាត់​កីឡាករ​បារាំង Kevin ឲ្យ​ខូច​ជើង ងើប​លែង​រួច និង​បាន​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​ ២ ​ប៉ុណ្ណោះ​។ ការប្រកួត​ក្នុង​ទឹក​ទី​ ១ និង​ដើម​ទឹក​ទី​ ២ Kevin នេះ ចេញ​ស្នៀត​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ធ្ងន់ៗ​ធ្វើឲ្យ សុខរ៉ា វង្វេង​វង្វាន់​ម្តងម្កាល​ផង​ដែរ​។

ទោះបី​ជា​យ៉ាង​ណា​នៅ​ចុង​ទឹក​ទី​ ២ សុខរ៉ា បា​នរក​ចំណុច​ខ្សោយ​កីឡាករ​បារាំង​នេះ​ឃើញ​ដោយ​ទាត់​ជើង​ក្រោម​ឲ្យ​ដួល​នាំ​ឲ្យ​អាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់​ចំនួន​ ៨ ​មួយ​លើក​។ បន្ទាប់មក សុខរ៉ា បាន​ទាត់​បន្ថែម​ទៅ​លើ​របួស​ចាស់​បណ្តាល​ឲ្យ Kevin ទ្រាំ​ការ​ឈឺចាប់​លែង​បាន​រួច​ក៏​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ២ ​នេះ​តែ​ម្តង​។ ជាមួយ​គ្នា​នោះ​កីឡាករ ធា នុរាជ បាន​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ ផ្តួល​កីឡាករ អ៊ុំ កំសត់​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ទី ​១​។

ដោយឡែក គូសងសឹក​អន្តរជាតិ​រវាង​កីឡាករ​ថៃ Super Chhai និង រឿង សោភ័ណ្ឌ ទទួល​នូវ​ការរិះគន់​ពី​អ្នក​ទស្សនា ព្រោះ​វ៉ៃ​មិន​ល្អ​មើល ខណៈ​ដែល Super Chhai វាយ​ដកថយ​ពេក​នាំ​ឲ្យ​លោក​អាជ្ញាកណ្តាល​បាន​ព្រមាន​ ៣ ​លើក ហើយ​លទ្ធផល​ចុងក្រោយ រឿង សោភ័ណ្ឌ ឈ្នះ​ពិន្ទុ​ទាំង​មិន​ល្អ​មើល​។

ជាមួយ​ការប្រកួត​គ្មាន​ការទាក់ទាញ​នេះ​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV បាន​និយាយ​ថា​៖«​កីឡាករ​ថៃ Super Chhai វ៉ៃ​មិន​ល្អមើល​ទេ គឺ​វ៉ៃ​ប្រចាំ​ដៃគូ ដូច្នេះ​សង្វៀន​អាស៊ីអាគ្នេយ៍​ឈប់​យក​មក​ប្រកួត​ទៀត​ហើយ ព្រោះ​មាន​គេ​រិះគន់​ច្រើន​ណាស់​»៕