ភ្នំពេញ: កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទើបតែ​រះ សុខ ធី នៅតែ​បន្ត​ជួប​ការ​ខក​ចិត្ត​ក្នុង​ការ​ប្រកួត​សង​សឹក​របស់​គេ​ជាមួយ​នឹង​កីឡាករ​ជើង​ចាស់​ថៃ Lerdsila Phuket Top Team ក្នុង​កម្មវិធី ONE Super Series Muay Thai នៃ​ព្រឹត្តិការណ៍ ONE: Warrior''s Dream ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​សៅរ៍។

កីឡាករ​កម្ពុជា​វ័យ ២០ ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់ សង្វៀន Stadium Istora ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដោយ​សម្លឹង​រក​ការ​សង​សឹក​របស់​គេ​លើ​កីឡាករ​ថៃ Lerdsila ក្នុង​ការ​ជួប​គ្នា​ជា​លើក​ទី ២ របស់​ពួកគេ ក្រោយ​ពី​ការ​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទាំង​ចម្រូង​ចម្រាស​កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

ក្នុងពេល​ជួបគ្នា​ជា​លើក​ទី ១ កីឡាករ​សុខ ធី បាន​គ្រប់គ្រង​លើ​គូប្រកួត​របស់ខ្លួន​ក្នុងការ​ប្រកួត ២ ទឹក​ចុង​ក្រោយ ប៉ុន្តែ ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​ដ៏​ចម្រូង​ចម្រាស មុន​នឹង​នាយក​ប្រតិបត្តិ​បាន​ផ្តល់​ប្រាក់​លួង​ចិត្ត ៥០០០ ដុល្លារ​អាមេរិក បន្ថែម​ទៅ​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​កម្ពុជា​រូប​នេះ ក្រោយ​ពី​មាន​ការ​តវ៉ា​ផ្សេងៗ។

ទោះបីជា​យ៉ាងណា Lerdsila វ័យ ៣៧ ឆ្នាំ នៅតែ​អាច​រក្សា​កំណត់ត្រា​ឈ្នះ​របស់​ខ្លួន ក្រោយ​ពី​បាន​បញ្ចប់​ការ​សង្ស័យ​ផ្សេងៗ​តាមរយៈ​ការ​យក​ឈ្នះ​លើ​កីឡាករ​សុខ ធី ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ បន្ទាប់​ពី​បាន​គ្រប់គ្រង​លើ​ដៃគូ ក្នុង​ការ​ប្រកួត​ប្រភេទ​ទម្ងន់ ៦១,២ គីឡូក្រាម​ទាំង ៣ ទឹក។

ក្នុង​កម្មវិធី​ប្រកួត​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គភាព ONE Championship (ONE) នៅ​ថ្ងៃ​ដដែល​នោះ កីឡាករ Zebaztian Kadestam បាន​សម្រេច​ក្តី​សុបិន​របស់​គេ​តាមរយៈ​ការ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​យុទ្ធ​គុន​ចម្រុះ (MMA) ពិភពលោក តាមរយៈ​ការ​យក​ឈ្នះ​លើ​កីឡាករ​អាមេរិក Tyler McGuire ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់ ៨៣,៩ គីឡូក្រាម​ពី​ស្ថាប័ន ONE។

Kadestam បាន​ធ្វើការ​គ្រប់​គ្រង​ទៅ​លើ McGuire តាមរយៈ​ការ​ប្រើ​ប្រាស់​ស្នៀត​ទាត់​ខ្ពស់ និង​ស្នៀត​ដាល់​ដោយ​កណ្តាប់​ដៃស្តាំ​ជា​បន្ត​បន្ទាប់​យ៉ាង​ល្អ​របស់​គេ។ បើ​ទោះបី McGuire បាន​បង្ហាញ​ពី​ភាព​រឹង​មាំ​តាមរយៈ​ការ​ព្យាយាម​ប្រើ​ប្រាស់​ស្នៀត តេក្វាន់ដូ​របស់​គេ​ក្នុង​ការ​ប្រកួត​នេះ​ក៏ដោយ ប៉ុន្តែ Kadestam បាន​បង្ហាញ​ពី​ស្នៀត​ការពារ​ក្បាច់​ក្លេ​យ៉ាង​ល្អ។

​កីឡាករ Zebaztian Kadestam (ឆ្វេង) និង​ Tyler McGuire។ សហការី

នៅ​ជិត​បញ្ចប់​ការប្រកួត​នៃ​ទឹក​ទី ៥ Kadestam បាន​បញ្ចេញ​កណ្តាប់​ដៃស្តាំ​ដ៏​មាន​ថាមពល​របស់​គេ​ដើម្បី​វាយ​ឲ្យ McGuire សន្លប់ និង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​តែ​ម្តង។

ដោយឡែក ក្នុងការ​ប្រកួត​គូឯក​រង ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​សេរី Nieky “The Natural” Holzken បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គេ​ក្នុង​កម្មវិធី​ប្រកួត ONE Super Series តាមរយៈ​ការ​យក​ឈ្នះ​ដោយ​ការ​វាយ​ឲ្យ​កីឡាករ​ប្រេស៊ីល Cosmo “Good Boy” Alexandre សន្លប់។

កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ បានដាក់​សម្ពាធ​ទៅលើ Alexandre ជាមួយនឹង​ស្នៀត​ទាត់ និង​កណ្តាប់​ដៃ​យ៉ាង​សន្ធាប់ ដើម្បី​យក​ឈ្នះ​តាមរយៈ​ការ​វាយ​សន្លប់​ក្នុង​ទឹក​ទី ១ តែ​ម្តង៕