ភ្នំពេញ: កីឡាករសុខ សាវិន មកពីក្លិបឆ្មាសសុខសែនជ័យ បានឈ្នះ ៣ ពិន្ទុបន្ថែមលើកីឡាករជើងខ្លាំងថៃ Phat Chhayakphoum ដោយផ្តួលដោយកណ្តាប់ដៃក្នុងទឹកទី ៣ ដើម្បីសាងកំណត់ត្រាកាន់តែល្អដោយ ១១ ប្រកួតចុងក្រោយនេះ រូបបានឈ្នះរហូត ក្នុងនោះផ្តួលកីឡាករលំដាប់ខ្លាំងរបស់ថៃឲ្យសន្លប់បានចំនួន ៨ លើក។
ជ័យជម្នះរបស់កីឡាករសុខ សាវិន បានកើតឡើងក្នុងការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០ គីឡូក្រាមរដូវកាលទី ៧ នៃសង្វៀនអាស៊ីអាគ្នេយ៍ កាលពីយប់ថ្ងៃសៅរ៍។
ជាមួយគ្នានេះ ឃីម បូរ៉ា ដែលជាបេក្ខភាពប្រជែងមួយរូបក្នុងពូល A នៃកីឡាករកម្ពុជាក៏ធ្វើបានល្អផងដែរតាមរយៈការផ្តួលកីឡាករថៃ Phat Maha ឲ្យសន្លប់ត្រឹមទឹកទី ២ ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែម។
ចំណែកគូមិត្តភាពអន្តរជាតិទម្ងន់ធ្ងន់ ៧១ គីឡូក្រាម នន់ ជំនិត បានផ្តួលកីឡាករ Julien មកពីបារាំងឲ្យបាក់ក្តោងច្រមុះ ដើម្បីឲ្យគ្រូពេទ្យប្រចាំសង្វៀនបញ្ឈប់ត្រឹមទឹកទី ៣ ខណៈដែលគូដណ្តើមប្រាក់លាន Ganzberg ទម្ងន់ ៦៥ គីឡូក្រាមកីឡាករឯម ខ្លឹមខ្មៅ បានបន្តឈ្នះធឿន ធី ដោយពិន្ទុក្នុងវគ្គជម្រុះបញ្ចប់។
ក្នុងការប្រកួតដែលមហាជនចាប់អារម្មណ៍បំផុត សុខ សាវិន អាចផ្តួលជើងខ្លាំងថៃ Phat Chhayakphoum ឲ្យសន្លប់ ដែលនាំឲ្យអ្នកទស្សនាលាន់មាត់ថា សុខ សាវិន អាចនឹងឈានទៅដណ្តើមខ្សែក្រវាត់នេះយកមកគ្រប់គ្រងបានដោយសារបានឆ្លងវគ្គប្រកួតដ៏តឹងតែងនេះ និងទទួលបានលទ្ធផលល្អ។
ការប្រកួតនៅ ២ ទឹកដំបូង សុខ សាវិន ទទួលរងនូវស្នៀតទាត់ពេញៗ និងធ្ងន់ៗពីកីឡាករថៃ Phat Chhayakphoum ប៉ុន្តែ ក្នុងពេលការប្រកួតឈានចូលដល់ទឹកទី ៣ សុខ សាវិន បានប្តូរយុទ្ធសាស្ត្រមកវាយស្នៀតកែង និងកណ្តាប់ដៃ ហើយទទួលបានប្រសិទ្ធភាពល្អ ដែលធ្វើឲ្យកីឡាករថៃ Phat Chhayakphoum ដាច់ផ្ងារម្តង។
ការវាយសម្រុកយ៉ាងខ្លាំង និងប្តូរជាមួយស្នៀតទាត់នោះ បានធ្វើឲ្យកណ្តាប់ដៃរបស់សុខសាវិនវាយចូលគោលដៅល្អ ដែលនាំឲ្យកីឡាករថៃរូបនេះថមថយកម្លាំង និងដួលញឹកញាប់ ហើយអាជ្ញាកណ្តាលលោកម៉ាក់ សាមឿន បានធ្វើការរាប់ទៅលើ កីឡាករ Phat Chhayakphoum ចំនួន ៨ ដល់ទៅ ២ លើក មុននឹងឈានទៅសុំចុះចាញ់តែម្តង បន្ទាប់ពីរងកណ្តាប់ដៃសើយពីក្រោមយ៉ាងធ្ងន់ និងបន្ថែមដោយកណ្តាប់ដៃស្រាលចូលមុខទៀត។
លទ្ធផលសម្រាប់៣សប្តាហ៍នៃការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០ គីឡូក្រាមរដូវកាលទី ៧ នេះ ភាគីថៃមិនទាន់មានកីឡាករណាម្នាក់ឈ្នះកីឡាករខ្មែរនៅឡើយទេ ខណៈដែលសុខ សាវិន មាន ៦ ពិន្ទុ ដូច ឃីម បូរ៉ា ដែរ ប៉ុន្តែមានប្រៀបឈរនៅពីលើកំពូលតារាងដោយផ្តួលដៃគូឲ្យសន្លប់បានទាំង ២ លើក៕