ភ្នំពេញ: ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមរដូវកាលទី ៧ នៃសង្វៀនអាស៊ីអាគ្នេយ៍ បានរកឃើញម្ចាស់ កាលពីល្ងាចថ្ងៃសៅរ៍ ដោយធ្លាក់ទៅលើដៃរបស់កីឡាករសូត្រ ប៊ុនធី ក្រោយពីចំណាយពេលប្រកួតវគ្គជម្រុះជាង ១០ សប្តាហ៍ ក្នុងបេក្ខភាពអ្នកប្រដាល់កម្ពុជា ៤ នាក់ និងថៃ ៤ នាក់។
សូត្រ ប៊ុនធី បានឆ្លងកាត់វគ្គជម្រុះជាមួយកីឡាករថៃ ៤ នាក់ ឈ្នះទាំង ៤ ប្រកួត និងបានយកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រចុងក្រោយជាមួយកីឡាករថៃ Phat Thana ដើម្បីទទួលបានខ្សែក្រវាត់ ១ និងទឹកប្រាក់ចំនួន ៥០០០ ដុល្លារអាមេរិក។
កីឡាកររូបនេះបច្ចុប្បន្នមានអាយុ ២១ ឆ្នាំ ជាកូនទី៤ នៅក្លិបប្រដាល់បក្សីស្លាបដែកនៃក្រសួងមហាផ្ទៃ មានឪពុកបង្កើតឈ្មោះសួន ប៊ុនសូត្រ ជាគ្រូបង្វឹក និងជាគ្រូសារមួយដែលស្វែងរកប្រាក់ចំណូលពីការប្រកួតប្រដាល់ទាំងស្រុង។
សូត្រ ប៊ុនធី បានចាប់ហ្វឹកហាត់ប្រដាល់លក្ខណៈអាជីពតាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ ហើយក្រៅពីជើងឯករង រូបគេបានគ្រប់គ្រងខ្សែក្រវាត់ចំនួន ២ ស្ថាប័ន រួមមានខ្សែក្រវាត់គុនខ្មែរអន្តរជាតិទម្ងន់ ៦០ គីឡូក្រាម ឆ្នាំ ២០១៧ និងខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០ គីឡូក្រាម ឆ្នាំ ២០១៨ នៅសង្វៀនអាស៊ីអាគ្នេយ៍លើកនេះតែម្តង។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ អ្នកទស្សនាភាគច្រើន បានមើលឃើញថា ការប្រកួតឈ្នះនេះមានលក្ខណៈលំបាក និងតឹងតែងណាស់ ពីព្រោះកីឡាករថៃក៏ល្អផ្នែកទាត់ជើងក្រោម។ តាមការសង្កេតប្រកួតចំនួន ៥ ទឹកពេញ សូត្រ ប៊ុនធី មានប្រៀបទឹកទី ១ ទឹកទី ៤ និងទឹកទី ៥ ប៉ុន្តែ ក្រោយការប្រកួតបានបញ្ចប់ ចៅក្រមទាំង ៥ បានផ្តល់ពិន្ទុឲ្យសូត្រ ប៊ុនធី ឈ្នះជាឯកច្ឆន្ទក្នុងពិន្ទុ ៥ ទល់ ០ ហើយក្រោយពេលប្រកាសភ្លាមនោះ ភាគីខាងកីឡាករថៃបាន ស្រែកចំអកទំនងដូចជាមិនពេញចិត្ត។ ឆ្លើយតបចំពោះការប្រកួតផ្តាច់ព្រ័ត្រលើកនេះ លោកសួន ប៊ុនសូត្រ គ្រូបង្វឹក និងជាឪពុកបង្កើត បានបញ្ជាក់ថា៖ «មុនប្រកួត ប៊ុនធី មានបញ្ហាសុខភាពខ្លះៗដូចជាគ្រុនក្តៅ ប៉ុន្តែពេលវេលាប្រកួតមិនអាចខកខានបានទេ ហើយក៏ត្រូវតែរក្សាការសម្ងាត់មិនឲ្យភាគីម្ខាងទៀតដឹងនោះទេ»។
លោកបានបន្តថា៖ «បញ្ហានេះធ្វើឲ្យការប្រកួតរបស់ប៊ុនធី មិនសូវសម្រុកខ្លាំងដូចមុនៗទេ ព្រោះខ្លាចអស់ពាក់កណ្តាលផ្លូវ»។
លោកបានបន្ថែមថា៖ «ក្រោយពេលប្រកួត សុខភាពកាន់តែទ្រុឌទ្រោម ហើយកំពុងតែឈឺនៅឡើយ»។
សូត្រ ប៊ុនធី បាននិយាយថា៖ «មុនពេលប្រកួត ខ្ញុំមានក្តីបារម្ភខ្លាំងណាស់ដោយបញ្ហាសុខភាព ប៉ុន្តែ ខ្ញុំក៏មានសំណាងល្អដែរដោយកីឡាករថៃវាមិនដឹងរឿងសុខភាព ហើយមិនវាយសម្រុកមកខ្លាំង។ ប្រសិនបើថៃសម្រុកមកខ្លាំងនោះ ខ្ញុំពិតជាលំបាកទប់ទល់ផ្នែកកម្លាំង»។
សូត្រ ប៊ុនធី បានបន្តថា៖ «ខ្ញុំសុំសម្រាកមួយរយៈដើម្បីថែសុខភាពឲ្យល្អឡើងវិញដើម្បីត្រៀមប្រកួតចុងខែធ្នូឆ្នាំ ២០១៨ ក្នុងកម្មវិធីសម្ពោធវិមានឈ្នះឈ្នះជូនសម្តេចហ៊ុន សែន»។
ចំណែកលទ្ធផលគូផ្សេង ម៉ន សាម៉េតមកពីក្លិបកងចក្ររាជសីហ៍ បានផ្តួលកីឡាករថៃ TYSA ឲ្យសន្លប់ក្នុងទឹកទី ៤។ ការប្រកួតគូលក្ខណៈមិត្កភាពអន្តរជាតិរវាងជើងខ្លាំងកម្ពុជាឯម ឡេងលី និងកីឡាករថៃ S upper Chhai ចំណាយពេលត្រឹមតែ ២ ទឹកប៉ុណ្ណោះ មុននឹងត្រូវបានគណៈកម្មការបណ្តេញចុះ ពីសង្វៀន ដោយការប្រកួតទំនងដូចជាវាយមិនអស់ពីសមត្ថភាព។ ការប្រកួតលក្ខណៈអន្តរជាតិមួយចំនួនដែលមានបញ្ហាភាគច្រើនត្រូវព្រមាន ឬដេញចុះ តែកីឡាករកម្ពុជា ចំណែកកីឡាករថៃតែងតែរួចខ្លួនជានិច្ច ទោះវាយមិនអស់ពីសមត្ថភាព ឬអវត្តមានក្តី៕