ការប្រកួតមួយរយៈចុងក្រោយរបស់កីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ហាក់ដូចមិនសូវបានផលល្អទាល់តែសោះដែលលោក សួន ប៊ុនសូត្រ ជាឪពុក និងគ្រូបង្វឹកបានអះអាងថា មកពីបញ្ហាសម្រកទម្ងន់ច្រើនពេក។
នៅព្រឹកថ្ងៃអាទិត្យទី ១៨ នៃសង្វៀនអាស៊ីអាគ្នេយ៍ ខណៈគូដណ្តើមមេដាយមាសវគ្គផ្តាច់ព្រ័ត្រនៃក្រុមហ៊ុន Bostrong សម្រាកមួយសប្តាហ៍នោះ សូត្រ ប៊ុនធី ត្រូវប្រកួតជាមួយកីឡាករថៃ Kong Kangvan ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមបន្ទាប់ពីគេធ្លាប់វ៉ៃក្នុងទម្ងន់ក្រោម ៦០ គីឡូក្រាមយូរមកហើយ។
ចំពោះបទពិសោធប្រដាល់វិញ សូត្រប៊ុនធី ប្រកួតច្រើនជាងកីឡាករថៃក្នុងទម្ងន់ក្រោម ៦០ គីឡូក្រាម ប៉ុន្តែទើបតែពេលនេះបានឡើងទម្ងន់មកវ៉ៃក្នុងទម្ងន់ធ្ងន់ប៉ះជាមួយជើងចាស់របស់ថៃមិនទាន់ដឹងថាល្អឬយ៉ាងណានោះទេ។
សូត្រ ប៊ុនធី ធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ២ ស្ថាប័នក្នុងទម្ងន់ ៥៧ គីឡូក្រាមហើយការឡើងទម្ងន់ឈានមកប៉ះជាមួយជើងចាស់កីឡាករថៃ Kangvan នេះទំនងដូចជាលំបាកទស្សន៍ទាយពីលទ្ធផលណាស់ ប៉ុន្តែគ្រូបង្វឹកអះអាងថា ធានាឈ្នះបានភាគរយខ្ពស់លើកីឡាករថៃ។
អ្នកប្រដាល់ សូត្រ ប៊ុនធី មានកម្ពស់ ១,៧០ ម៉ែត្រប្រវត្តិប្រកួតបានចំនួន ១០៨ លើក ឈ្នះ ៨២ ដង ចាញ់ ២២ ដងស្មើចំនួន ៤ ដង ចំណែកឯកីឡាករថៃ Kangvan មានកម្ពស់ ១,៧០ ម៉ែត្រធ្លាប់មកប្រកួតស្រុកខ្មែរច្រើនលើក និងមានសមត្ថភាពល្អគួរសម ខណៈប្រវត្តិប្រកួតបានចំនួន ៨៣ លើក ឈ្នះ ៦៦ លើក ចាញ់ ១៦ លើក និងស្មើ ១ លើកក្នុងនោះធ្លាប់ឈ្នះ ចាន់ រតនា ផងដែរ។
លោក ប៊ុនសូត្រ ជាគ្រូបង្វឹកនិយាយថា៖ «ប៊ុនធី ឡើងវ៉ៃក្នុងទម្ងន់ក្រោម ៦០ គីឡូក្រាមគឺលំបាកឈ្នះគេណាស់ព្រោះត្រូវបញ្ចុះទម្ងន់នាំឲ្យខ្សោយកម្លាំងដូច្នេះចាប់ពីពេលនេះទៅហ្វឹកហាត់សម្រាប់ឡើងប្រកួតក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមវិញ ហើយជំនួបលើកនេះអាចមានលក្ខណៈតឹងតែងពីព្រោះកីឡាករថៃចាស់វស្សាជាងក្នុងទម្ងន់នេះ ប៉ុន្តែតាមរយៈការហ្វឹកហាត់ពីខ្ញុំផ្ទាល់គឺមានយុទ្ធសាស្ត្រយកឈ្នះបានក្នុងភាគរយខ្ពស់ដោយស្នៀតកែង និងទាត់ឆ្ងាយដែលធ្វើឲ្យខ្ញុំជឿជាក់ថា ប៊ុនធី នឹងឈ្នះក្នុងទំនុកចិត្ត ៨០ ភាគរយ»។
លោក ថាញ់ វ៉ាឡេក គ្រូបង្វឹកកីឡាករថៃនិយាយថា៖ «Kangvan មានស្នៀតជង្គង់ល្អ និងហ្វឹកហាត់ត្រៀមបានល្អក្នុងថ្ងៃអាទិត្យនេះ»។
លោក វ៉ាឡេក បានបន្ថែមថា៖ «ពួកគេមានសមត្ថភាពល្អផ្សេងគ្នា និងមានឱកាសផ្តួលយកចាញ់ឈ្នះដូចគ្នាព្រោះបើ Kangvan បិទស្នៀតកែងជាប់មិនឲ្យវាយចូលនោះ គេមានប្រៀបផ្នែកលេងក្បាច់ជង្គង់ ប៉ុន្តែប្រសិនបើ Kangvan ចាប់ឱបជាប់នោះ សូត្រ ប៊ុនធី រើមិនរួចនោះក៏អាចនឹងចាញ់ដូចគ្នាដែរ»។
លោក ញាន សុធី នាយកគ្រប់គ្រងការប្រកួតនិយាយថា៖ «ពួកគេប៉ះប្រកួតគ្នាគឺសង្ឃឹមថាល្អមើល ព្រោះកម្ពស់ ១,៧០ ម៉ែត្រដូចគ្នា ហើយថៃ Kangvan ជំនាញ ស្នៀតជង្គង់ ចំណែក សូត្រ ប៊ុនធី ជំនាញស្នៀតកែង ហើយក្រៅពីនេះសមត្ថភាពមិនលើសខ្វះគ្នាប៉ុន្មាននោះទេ»៕