ភ្នំពេញៈ កីឡាករកម្ពុជា សូត្រ ប៊ុនធី ដែលកំពុងតែសាងកេរ្តិ៍ឈ្មោះល្បីខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ដោយមិនដែលចាញ់នោះ នឹងត្រូវឡើងប្រកួតសងសឹកជាមួយកីឡាករខ្មែរសុរិន្ទ Chiek Sayam ដែលអ្នកខ្លះស្គាល់ថា ចេកនួន នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នាយប់ថ្ងៃសៅរ៍ខាងមុខនេះ គឺជាគូមិត្តភាពអន្តរជាតិ អមការប្រកួតជម្រុះចុងក្រោយ ជុំទី ១ នៃពានរង្វាន់ TV5 Boxing Knock Out Serie ទម្ងន់៦៣,៥ គ.ក្រ។
សម្រាប់ការជួបគ្នាកន្លងមក សូត្រ ប៊ុនធី បានចាញ់ Chiek Sayam យ៉ាងគ្រាំគ្រាខ្លួន ពីព្រោះកាលនោះ Chiek Sayam បានវ៉ៃ ប៊ុនធី ឡើងទក់សាច់ មុនឈ្នះដោយពិន្ទុ។ ចំណែកជំនួបសងសឹកលើកនេះ គេមិនដឹងថា ប៊ុនធី មានអ្វីថ្មី ដើម្បីយកឈ្នះ ចេកនួន នោះទេ ព្រោះអ្នកប្រដាល់ខ្មែរសុរិន្ទ ដែលអាចនិយាយខ្មែរបាន ចេកនួន ប្រាប់ថា៖ «ការជួប ប៊ុនធី ក៏លំបាកប្រកួតណាស់ដែរ ពីព្រោះគាត់ល្អកែង និងជង្គង់ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមរក្សាបាននូវជ័យជម្នះ»។
កីឡាករ Chiek Sayam បានបន្ថែមថា៖ «មកប្រកួតនៅស្រុកខ្មែរ ខ្ញុំគិតថា ជាបងប្អូនខ្មែរ គឺមានមនោសញ្ចេតនាស្រឡាញ់គ្នា។ ទោះជាខ្ញុំវ៉ៃតំណាងឲ្យថៃ ប៉ុន្តែបេះដូងនៅតែជាខ្មែរ ព្រោះជីដូនជីតាម៉ែឪខ្ញុំជាខ្មែរ»។ នៅក្នុងចំណោមកីឡាករជើងខ្លាំងកម្ពុជា ដែលប៉ះជាមួយ Chiek Sayam គឺលំបាកឈ្នះណាស់ សូម្បីតែ ឡុង សំណាង ក៏ធ្លាប់សន្លប់ត្រឹមទឹកទី ៤ ក្រោមស្នៀតទាត់របស់ Chiek Sayam ដែរ។
ចំណែក សូត្រ ប៊ុនធី ដែលធ្លាប់ចាញ់ Chiek Sayam កន្លងមក គឺគិតមកដល់ពេលនេះគេមានការរីកចម្រើនវិជ្ជាគុនជាងមុន វ៉ៃកាចជាងមុន និងទើបតែផ្តួលកីឡាករចិន នៅ Mas Fight យកប្រាក់រង្វាន់បន្ថែម ៦០០ ដុល្លារ កាលពីសប្តាហ៍មុន។
ក្នុងជំនួបសងសឹកនេះ លោក សួន ប៊ុនសូត្រ គ្រូបង្វឹក និងជាឪពុកបង្កើតបានប្រាប់ថា៖ «ប៊ុនធី មានលទ្ធភាពឈ្នះ ដោយការហ្វឹកហាត់ និងប្រកួតបានល្អជាងមុន។ លើកនេះសង្ឃឹមឈ្នះ ៨០ ភាគរយ ព្រោះយើងមានប្រៀបជាង ដោយប្រើស្នៀតជង្គង់ ប៉ុន្តែស្នៀតទាត់របស់ Chiek Sayam មានប្រៀបជាងផងដែរ»។
សម្រាប់គូដណ្តើមពាន ដើម្បីរកឈ្នះកៅអីឡើងទៅវគ្គ ២ អ្នកប្រដាល់ជើងខ្លាំង ពុយ វណ្ណៈ ត្រូវប៉ះជើងថ្មី លីន សុខឈុន ហើយជើងចាស់ សូត្រ ខេវិន ត្រូវប្រកួតជាមួយកីឡាករ ភួង ណាំហ៊ង ដែលមិនសូវល្បីឈ្មោះដូចគ្នា។
ពុយ វណ្ណៈ ជាអ្នកប្រដាល់កម្រិតខ្ពស់ ១ រូប ដែលគេធ្លាប់បានប្រកួតជាមួយកីឡាករបរទេសច្រើនលើកមកហើយ ហើយក៏ជាជើងឯករងខ្សែក្រវាត់ផងដែរ ផ្ទុយពីនេះ លីន សុខឈុន គ្រាន់តែជាអ្នកប្រដាល់ជើងថ្មី ដែលគេមិនសូវស្គាល់។ តាមរយៈបទពិសោធឡើងសង្វៀន និងកម្រិតបច្ចេកទេសក្បាច់គុន គេអាចវាយតម្លៃបានថា ពុយ វណ្ណៈ អាចនឹងឈ្នះដោយស៊ីផុយ ដើម្បីប្រជែងដណ្ដើមកៅអីសម្រាប់ជុំទី ២ នេះ។
ស្រដៀងគ្នានេះដែរកីឡាករ សូត្រ ខេវិន របស់ក្លិបបក្សីស្លាបដែក អាចនឹងយកឈ្នះ ភួង ណាំហ៊ង មកពីក្លិបរស្មីកុមារកំព្រា ដោយមិនសូវលំបាកដូចគ្នា។ បន្ថែមលើនេះ គ្រូបង្វឹកកីឡាករសូត្រ ខេវិន គឺលោក សួន ប៊ុនសូត្រ បានបញ្ជាក់ថា៖ «សមត្ថភាពរបស់ សូត្រ ខេវិន ធានាឈ្នះ១០០ ភាគរយ បានឡើងទៅវគ្គទី ២»។
បើរំឭកពីប្រវត្តិប្រកួតរបស់ សូត្រ ខេវិន វិញ គឺគេធ្លាប់ដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលទី ៦។ ចំពោះអ្នកស្រី សុខា អ្នកគ្រប់គ្រងកីឡាករ ពុយ វណ្ណៈ បានប្រាប់ថា៖ «ពុយ វណ្ណៈ ហាត់ត្រៀមបានល្អ គឺធានាឈ្នះបានឡើងទៅវគ្គទី ២ ដូចគ្នា គឺ ១០០ ភាគរយ»៕