ភ្នំពេញៈ ​កីឡាករ​កម្ពុជា ​សូត្រ ​ប៊ុនធី ​​របស់​ក្លិប​​បក្សី​ស្លាប​ដែក​ ដែល​ឡើង​ទម្ងន់​មក​ដល់​​ ៦៣,៥ ​គីឡូក្រាម​នោះ​ ពិត​ជា​ប្រកួត​បាន​ល្អ​ ដោយ​វ៉ៃ​ដៃ​គូ​ជើង​ចាស់​របស់​ថៃ​ Kong Kangvan ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ចំនួន ​៤ ​លើក និង​​ឈាន​ទៅ​បញ្ឈប់​ក្នុង​ទឹក​ទី​៤ ​តែ​ម្តង​ សម្រាប់​ការ​ជួប​គ្នា នៅ​លើ​សង្វៀន SEATV កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ការ​ដំឡើង​ទម្ងន់​មក​ជួប​ថៃ​នេះ​ ត្រូវ​បាន​គេ​គិត​ថា សូត្រ ប៊ុនធី ទំនង​ដូចជា​លំបាក​ឈ្នះ​ ប៉ុន្តែ​ពេល​ប្រកួត​ជាក់​ស្តែង ប៊ុនធី ​វ៉ៃ​ចេញ​ល្អ និង​មាន​ប្រៀប​ដាច់​ នៅ​ក្នុង​ចុង​ទឹក​ទី៣​ និង​ទឹក​ទី​៤។ ​ទោះ​បី​ជា​យ៉ាង​ណា​​ជំនួប​ប្រកួត​លើក​នេះ​ គឺ​មាន​លក្ខណៈ​​តឹងតែង​ ព្រោះ​មុន​នឹង ​សូត្រ ​ប៊ុនធី​ ផ្តួល​ឲ្យ​សន្លប់​បាន​នោះ គឺ​ ​ប៊ុនធី ​ទទួល​រង​នូវ​ក្បាច់​ជង្គង់​ធ្ងន់ៗ​ពី​កីឡាករ​ថៃ​នេះ ​សឹង​តែ​សន្លប់​ផង​ដែរ​។​

ចំណុច​ដែល​ សូត្រ​ ប៊ុន​ធី ​យក​ឈ្នះ​បាន​ គឺ​វ៉ៃ​សន្ធាប់​បង្ខំ​ឲ្យ​ថៃ​ Kangvan​ ដួល​ដេក​វង្វេង​ដោយ​ស្នៀត​កែង​ ក្នុង​ទឹក​ទី​៣ ត្រូវ​​អាជ្ញា​កណ្តាល​រាប់ ​១ លើក​ ​ហើយ​ការ​បន្ថែម​ដោយ​ការ​ធាក់​ចូល​មុខ​យ៉ាង​ធ្ងន់​ខ្ទាត​ដល់​កៀន​រេញ​នាំ​ឲ្យ​​​អាជ្ញា​កណ្តាល​រាប់​​​ជា​លើក​ទី​២​។​

ទោះ​បី​ជា​យ៉ាង​ណា​ ឈាន​ចូល​ទឹក​ទី​៤ Kangvan ​​ខំ​​វាយ​សម្រុក​​ដោយ​​ក្បាច់​ជង្គង់​ ធ្វើ​ឲ្យ​ ប៊ុនធី ​ធ្លាក់​ក្នុង​សភាព​យ៉ាប់​ម្តងៗ​ផង​ដែរ​ ប៉ុន្តែ​ស្នៀត​កែង​របស់​ ប៊ុន​ធី ​នៅ​តែ​វាយ​ចេញ​បក​ទៅ​វិញ ​ក្នុង​ប្រសិទ្ធភាព​ខ្ពស់​ គឺ​បង្ខំ​ឲ្យ​ Kangvan ​សន្លប់​ធំ​បន្ទាប់​ពី​អាជ្ញា​កណ្តាល​រាប់ជា​លើក​ទី​៣ និង​បញ្ឈប់​ចំពោះ​ការ​ដួល ជា​លើក​ទី​៤ ​នោះ។​

លោក​ សួន ​ប៊ុនសូត្រ​ ដែល​ជា​គ្រូ​បង្វឹក និង​ជា​ឪពុក​បង្កើត​ ដែល​កំពុង​ឈរ​ឲ្យ​ទឹក​បាន​និយាយ​ទាំង​អំនួត​ថា​៖ ​«ប៊ុន​ធី ​ពេល​ឡើង​ទម្ងន់​មក​វ៉ៃ​ ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​នេះ​ ពិបាក​រក​គូ​ប្រៀប​ណាស់​ ព្រោះ​ទម្ងន់​ពិត​របស់​វា ​មិន​សម្រក ​គឺ​កម្លាំង​ពេញ​តែ​ម្តង​។ ​លោក​បន្ត​ថា​៖ ​«អាធី​ អាច​នឹង​ចូលរួម​ប្រកួត ​ នៅ​ក្នុង​ទម្ងន់​នេះ​ ក្នុង​ការ​ដណ្តើម​យក​ខ្សែ​ក្រវាត់​ណា​មួយ​ជាមួយ​កីឡាករ​ថៃ ​ឬ​កីឡាករ​បរទេស​ គឺ​មាន​សង្ឃឹម​ឈ្នះ​ខ្ពស់»​​។

ក្រោយ​ពេល​ប្រ​កួត ​សូត្រ ​ប៊ុនធី បាន​​និយាយ​ថា​៖ «​បាន​វ៉ៃ​ក្នុង​ទម្ងន់​នេះ​ គឺ​ធានា​កម្លាំង​វ៉ៃ​ល្អ​ព្រោះ​មិន​សម្រក​ទម្ងន់​ នាំ​ឲ្យ​ខ្សោយ​កម្លាំង​នោះ​ទេ​។​ ​បើ​មាន​សង្វៀន​ណា​ តម្រូវ​ឲ្យ​វ៉ៃ​ពាន​រង្វាន់​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ គឺ​ធានា​វ៉ៃ​ឲ្យ​បាន​ល្អ ​និង​ដណ្តើម​យក​ខ្សែ​ក្រវាត់​ឲ្យ​បាន​»។

ចំណែក​លោក ​ថាញ់​ វ៉ាឡេក​ គ្រូ​បង្វឹក​កីឡាករ​​ថៃ ​និយាយ​ថា​៖​ ​«Kangvan​ សមត្ថភាព​ល្អ​ជង្គង់​ល្អ​ និង​ស៊ូ​ល្អ​ តែ​ចាញ់​ត្រឹម​ស្នៀត​កែង​ប៉ុណ្ណោះ​។​ ប្រសិន​បើ​បិទ​ស្នៀត​កែង​បាន​ ប៊ុន​ធី ​អាច​នឹង​សន្លប់​ដូច​គ្នា​ ដោយ​ស្នៀត​ជង្គង់​របស់​​​ Kangvan។​ ហេតុ​នេះ​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ប្រកួត​សង​សឹក​នៅ​លើក​ក្រោយ»៕